ថ្ងៃចន្ទ​​ ទី៣១​​ ខែតុលា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៦៧-ចប់


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ឯ​របស់​ពី​មុនៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ។ អេសាយ ៦៥:១៧

អំណានប្រចាំថ្ងៃ៖ ជីវិតអស់កល្ប

នៅទីនោះ មនុស្សសុចរិតរីករាយនឹងស្វែងយល់ពីព្រះចេស្តានៃការបង្កបង្កើតលោករបស់ព្រះជាម្ចាស់ ដែលជាអាថ៌កំបាំងរបស់សេចក្តីស្រឡាញ់នៃការប្រោសលោះ។ នឹងគ្មានសត្រូវដ៏សាហាវ ឃោរឃៅដែលពូកែបោកបញ្ឆោតណាមួយនឹងមកល្បួងគេឱ្យភ្លេចព្រះឡើយ។ គ្រប់ទាំងសមត្ថភាព នឹងត្រូវបានចម្រើនឡើង ហើយគ្រប់ទាំងចំណេះដឹងនឹងបានកើនឡើង។ ការទទួលចំណេះដឹងនោះនឹងមិនចាំបាច់ចំណាយថាមពល ឬក៏ត្រូវនឿយ​ហត់ឡើយ។ ហើយក៏នៅតែមានសេចក្តីប្រាថ្នាថ្មីៗជាច្រើនទៀតកើតឡើង ការអស្ចារ្យថ្មីៗដែលគួរកោតសរសើរ និងមានសេចក្តីពិតថ្មីៗ ជាច្រើនដែល​យើងនឹងបានស្វែងយល់ ហើយមានរឿងថ្មីៗជាច្រើនទៀតដែលគួរឱ្យចាប់អារម្មណ៍នឹងគួរឱ្យចូលចិត្តនៅនគរស្ថានសួគ៌។

ក្នុងខណៈដែល​ឆ្នាំ​នៃ​ភាពអស់កល្បកំពុងតែរំកិលទៅមុខ វាក៏បាននាំមកជាមួយនូវការបើកសម្តែងពីសីរីល្អរបស់ព្រះ និងពីព្រះគ្រីស្ទឱ្យកាន់តែឃើញច្បាស់ដែរ។ ក្នុងខណៈដែលចំណេះដឹងកាន់តែចម្រើនឡើង សេចក្តី​ស្រឡាញ់និងការគោរព ព្រមទាំងសេចក្តីសុខក៏កាន់តែចម្រើនឡើងដែរ។ នៅពេលដែលមនុស្សបានដឹងពីព្រះកាន់តែច្បាស់ នោះពួកគេនឹងគោរពកោតខ្លាចចំពោះអត្តចរិតរបស់ព្រះកាន់តែខ្លាំងឡើងដែរ។ នៅពេលដែលព្រះយេស៊ូវបានបើកសម្តែងនៅចំពោះពួកគេ អំពីការលោះបាបដ៏ធំនិងពីជោគជ័យដ៏មហិមារបស់គេ នៅក្នុងមហាវិវាទជាមួយនឹងសាតាំង នោះចិត្ត របស់ពួកគេនឹងរឹតតែកោតស្ញប់ស្ញែងដល់ព្រះកាន់តែខ្លាំងឡើង ហើយពួក​គេនឹងដេញពិណយ៉ាងពីរោះ ដោយដៃរបស់គេផ្ទាល់ ដើម្បី​សរសើរ​ដល់​ព្រះជាម្ចាស់ រួចមានសំឡេងរាប់ម៉ឺនរាប់សែនរួមគ្នាច្រៀងសរសើរដល់ព្រះ។ «នោះខ្ញុំក៏ឮគ្រប់ទាំងអស់ដែលមានជីវិត នៅស្ថានសួគ៌ នៅផែនដី នៅក្រោម​ដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំង​នោះ​និយាយ​ថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តាដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀមនៅអស់កល្បជានិច្ចរៀងទៅ» វិវរណៈ ៥:១៣។

អំពើបាបហើយនិងអ្នកមានបាបនឹងមិនមានទៀតឡើយ ហើយពិភពលោកទាំងមូលរបស់ព្រះជាម្ចាស់នឹងបានស្អាត រីឯមហាវិវាទដ៏ធំនោះក៏ត្រូវបានបញ្ចប់ជារៀងរហូតដែរ។

អំណានព្រះគម្ពីរពេលល្ងាច៖ វិវណៈ ជំពូក​ ២២

ខចងចាំ៖​​ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា«សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»។ កូរិនថូសទី១ ២:៩

Powered by CAM