ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណនឹងសេចក្តីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្តីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ។ យ៉ូអែល ២:១២-១៣
អំណានប្រចាំថ្ងៃ៖
ទេវតាបានចង្អុលបង្ហាញខ្ញុំឱ្យឃើញពេលដែលសារនៃទេវតាទីបីត្រូវបានបិទ។ អំណាចរបស់ព្រះជាម្ចាស់បានគង់នៅលើរាស្ត្ររបស់ទ្រង់។ ពួកគេបានបំពេញកិច្ចការរបស់គេរួចជាស្រេច ហើយគេក៏បានរៀបចំសម្រាប់វេលាសាកល្បង នៅចំពោះមុខពួកគេដែរ។ ពួកគេបានទទួលភ្លៀងចុងរដូវ ឬភាពស្រស់បំព្រង អំពីព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយទីបន្ទាល់ដ៏រស់ក៏បានធ្វើឱ្យមានជីវិតរស់រានជាថ្មីឡើងវិញដែរ។ ការព្រមានដ៏ធំចុងក្រោយ ត្រូវបានបន្លឺឡើងនៅគ្រប់ទីកន្លែង ហើយវាបានបំផុសអស់ទាំងជីវិតនិងដាស់តឿនអ្នកដែលពុំព្រមទទួលសារនេះ។
ខ្ញុំបានឃើញពួកទេវតាធ្វើដំណើរទៅមក យ៉ាងរួសរាន់ទៅស្ថានសួគ៌ ហើយមានទេវតាមួយអង្គបានត្រឡប់មកពីផែនដី ដោយមានស្នាមទឹកខ្មៅរបស់អ្នកនិពន្ធ ជាប់នៅនឹងខ្លួន ហើយទេវតានោះបានទូលដលព្រះយេស៊ូវថា ភារកិច្ចរបស់លោកបានសម្រេចហើយ គឺអស់អ្នកបរិសុទ្ធត្រូវបានរាប់ និងបានប្រថាប់ត្រារួចជាស្រេចហើយ។ នៅពេលនោះ ខ្ញុំបានឃើញព្រះយេស៊ូវ ដែលកំពុងបំពេញការងារនៅមុខហឹបដែលមានដាក់បញ្ញត្តិដប់ប្រការ។ រួចលើកព្រះហស្តរបស់ទ្រង់ឡើង ព្រមទាំងមានបន្ទូលជាសំឡេងខ្លាំងៗថា «ការស្រេចហើយ»។ ពួកទេវតានៅស្ថានសួគ៌ក៏បានដោះមកុដរបស់លោកចេញ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា អ្នកណាដែលទុច្ចរិត ឱ្យអ្នកនោះនៅតែទុច្ចរិត អ្នកដែលស្មោកគ្រោកឱ្យអ្នកនោះនៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឱ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឱ្យអ្នកនោះនៅតែបរិសុទ្ធដដែល។ វិវរណៈ ២២:១១
អំណានព្រះគម្ពីរពេលល្ងាច៖ អេសេគាល ជំពូក ៩ៈ១-៦
ខចងចាំ៖ ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។ ម៉ាថាយ ២៨:១៩-២០