​​ថ្ងៃសុក្រ ទី​​០៧ ខែតុលា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះអម្ចាស់​មិន​ផ្អាក​សេចក្តី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះហឫទ័យ​អត់ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ ។ ពេត្រុសទី២ ៣:៩

អំណានប្រចាំថ្ងៃ៖ ហួសពេលហើយ! ហួសពេលហើយ!

នៅពេលនោះ ខ្ញុំបានឃើញព្រះយេស៊ូបានដោះសំលៀកបំពាក់របស់សម្តេចសង្ឃចេញ ហើយទ្រង់បានប្រដាប់អង្គទ្រង់ដោយអាវផាយដ៏ល្អបំផុត ហើយនៅលើព្រះសិររបស់ទ្រង់មានមកុដជាច្រើន មកុដមួយនៅក្នុងមកុដ​មួយ​ទៀត។ ទ្រង់បានយាងចេញពីស្ថានសួគ៌ ដោយមានពពួកទេវតាជាច្រើនអង្គហែហមទ្រង់។ សេចក្តីវេទនាក៏បានធ្លាក់មកលើអ្នកដែលនៅលើផែនដី។ អ្នកខ្លះបានប្រកែកមិនទទួលស្គាល់ព្រះ ព្រមទាំងដាក់បណ្តាសាដល់ទ្រង់។ ហើយមានអ្នកខ្លះទៀតបានរត់ទៅរករាស្ត្ររបស់ព្រះ សូមឱ្យគេជួយប្រេង្រៀនពីរបៀបដែលធ្វើឱ្យគេអាចគេចផុតពីការជំនុំជម្ររះរបស់ព្រះ។ ។ ប៉ុន្តែ ពួកអ្នកបរិសុទ្ធមិនមានអ្វីសម្រាប់ពួកអ្នកទាំងនោះឡើយ។ ពួកអ្នកមានបាបបានសម្រក់ទឹកភ្នែកជាលើកចុងក្រោយ គេបានអធិស្ឋានដោយការឈឺចាប់ជាលើកចុងក្រោយ បន្ទុកចុងក្រោយដែលគេទទួលរងទ្រាំ ហើយការព្រមានចុងក្រោយក៏បានប្រទានដល់ពួកគេ។ ព្រះសូរសៀងនៃសេចក្តីមេត្តាករុណាដ៏ផ្អែមពីរោះ លែងពោលអញ្ជើញគេទៀតហើយ។ នៅពេលដែលអ្នកបរិសុទ្ធបានចាប់អារម្មណ៍អំពីសេចក្តីសង្គ្រោះរបស់ពួកគេពួកគេមិនបានចាប់​អារម្មណ៍​​នឹងខ្លួនឯងឡើយ។ ជីវិតនិងសេចក្តីស្លាប់បានដាក់នៅពីមុខពួកគេ។ មាន​មនុស្សជាច្រើនចង់បានជីវិត ប៉ុន្តែ ពួកគេមិនបានប្រឹងប្រែងដើម្បីឱ្យបានជីវិតនោះទេ។ ពួកគេពុំបានជ្រើសរើសយកជីវិតទេ ហើយនៅពេលនេះក៏ពុំមានព្រះលោហិតលោះបាបនឹងសម្អាតទោសរបស់ពួកគេទៀតដែរ ក៏គ្មានព្រះអង្គសង្គ្រោះដែលមានការអាណិតអាសូរ ទូលអង្វរព្រះវរបិតាជំនួសគេទៀតថា «សូមទ្រង់មេត្តាទុកឱកាសឱ្យអ្នកមានបាបបន្តិចទៀតសិន! ទុកឱកាសឱ្យ​គេបន្តិចទៀតសិន!» នោះដែរ។ នោះទេវតា ទាំងអស់នៅស្ថានសួគ៌​បាន​រួបរួមជាមួយនឹងព្រះយេស៊ូ នៅពេលដែលពួកលោកបានឮព្រះសូរសៀង ដ៏គួរឱ្យភ័យខ្លាចថា «ការស្រេចហើយ ការនោះត្រូវបានធ្វើ​ចប់សព្វ​គ្រប់​ហើយ»។ ផែនការនៃសេចក្តីសង្គ្រោះត្រូវបានបំពេញចប់សព្វគ្រប់ រួចរាល់​ហើយ ប៉ុន្តែ មានមនុស្សតិចណាស់ ដែលបានសម្រេចចិត្តទទួលយកផែនការនេះ។ ហើយនៅពេលដែលព្រះសូរសៀងដ៏ស្រទន់បានរសាត់បាត់ទៅ ការភ័យខ្លាចនិងញ័ររន្ធត់បានមកចាប់យកមនុស្សអាក្រក់ជំនួសវិញ។ ពួកគេបានឮសំឡេងដ៏គួរឱ្យរន្ធត់បន្លឺឡើងថា «ហួសពេលហើយ! ហួសពេលហើយ!»។

អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក​ ៣ៈ៧-១៣

ខចងចាំ៖​​ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។ ម៉ាថាយ ២៨:១៩-២០

Powered by CAM