ថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ត្រូវប្រព្រឹត្តដូច្នោះ ដោយដឹងពេលវេលាថា ដល់ម៉ោងនឹងភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ សេចក្តីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ យប់យូរណាស់ហើយ ថ្ងៃក៏ជិតរះ ដូច្នេះ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ ត្រូវឲ្យយើងដើរតាមដែលគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ។ រ៉ូម ១៣:១១-១៤
អំណានប្រចាំថ្ងៃ៖ ចែងចាំងដូចជាពន្លឺ
អស់អ្នកដែលពុំឱ្យតម្លៃដល់ព្រះបន្ទូលរបស់ព្រះ បានរត់ទៅវិញទៅមក ពីសមុទ្រមួយទៅសមុទ្រមួយ ពីទិសខាងជើងទៅទិសខាងត្បូង ដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះ។ ទេវតាបានមានបន្ទូលថា «ពួកគេនឹងរកមិនឃើញឡើយ នឹងមានអំណត់នៅផែនដី តែមិនមែនអំណត់ខាងម្ហូបអាហារ ឬទឹកនោះទេ តែគឺជាអំណត់ដែលគ្មានព្រះបន្ទូលរបស់ព្រះអម្ចាស់វិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេបានបោះបង់ចោលសេចក្តីសង្គ្រោះ ពួកគេបានរីករាយនឹងទ្រព្យសម្បត្តិនិងសេចក្តីសប្បាយរបស់លោកិយ ជាងទ្រព្យសម្បត្តិនៅស្ថានសួគ៌ឬការដឹកនាំរបស់ព្រះ។ ពួកគេបាន បដិសេធព្រះយេស៊ូវ និងបានស្អប់ដល់ពួកបរិសុទ្ធរបស់ទ្រង់។ ដូច្នេះអ្នកដែលមិនស្អាត នឹងនៅតែមិនស្អាតទៅ»។
អ្នកមានបាបជាច្រើនបានភ័យខ្លាចយ៉ាងខ្លាំង នៅពេលដែលពួកគេទទួលរងទុក្ខពីសេចក្តីវេទនាទាំងនេះ។ វាគឺជាឆាកនៃសេចក្តីសោកសៅដ៏គួរឱ្យភ័យខ្លាច។ ឪពុកម្តាយនឹងមានការទាស់ទែងជាមួយកូន ហើយកូនជាមួយនឹងឪពុកម្តាយ ហើយបងទាស់នឹងប្អូន យ៉ាងជូរចត់។ សំឡេងទ្រហោយំយ៉ាងខ្លាំងបានឮរំពងគ្រប់ទិសទីថា «គឺឯងហើយ ដែលធ្វើឱ្យយើងមិនបានទទួលសេចក្តីពិត ដែលនាំឱ្យយើងមិនបានសង្គ្រោះ នៅក្នុងពេលនេះ»។ ពួកគេបានបែរទៅឯគ្រូគង្វាលរបស់គេ ទាំងពោរពេញទៅដោយសេចក្តីស្អប់ខ្ពើមយ៉ាងជូរចត់ ព្រមទាំងស្តីបន្ទោសថា ពួកឯងមិនបាន ហាមយើងឡើយ។ អ្នកបានប្រាប់យើងថា កុំឱ្យព្រួយបារម្ភអី មនុស្សនៅក្នុងពិភពលោកនេះទាំងអស់នឹងផ្លាស់ប្តូរជំនឿ ជឿព្រះយេស៊ូវ។ អ្នកមិនបានប្រាប់យើងពីការជំនុំជម្រះនេះសោះ ហើយអ្នកណាដែលបានព្រមានយើងពីការនេះ អ្នកប្រាប់យើងថាគេជាពួកកំភូតឬជាមនុស្សអាក្រក់ ដែលនឹងបំផ្លាញយើងទៅវិញ»។ ប៉ុន្តែ ខ្ញុំបានឃើញថា គ្រូគង្វាលទាំងនោះមិនអាចគេចរួចពីសេចក្តីក្រោធរបស់ព្រះឡើយ។ ពួកគេនឹងទទួលឈឺចាប់លើសពីប្រជាជនរបស់គេ រហូតដល់ទៅដប់ដងផង។
អំណានព្រះគម្ពីរពេលល្ងាច៖ អេសេគាល ជំពូក ៣៤ៈ១-១០
ខចងចាំ៖ ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។ ម៉ាថាយ ២៨:១៩-២០