ថ្ងៃអាទិត្យ​​ ទី០៩​​ ខែតុលា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៦០)​

ពេលវេលានៃការរងទុក្ខរបស់យ៉ាកុប


អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំ​បាន​សូម​សេចក្តី​តែ​១​ពី​ព្រះយេហូវ៉ាហើយ​នឹង​ស្វែង​រក​សេចក្តី​នោះ​ឯងគឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ារាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្ញុំដើម្បី​នឹង​រំពឹង​មើល​សេចក្តី​លំអ​នៃ​ព្រះយេហូវ៉ាហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះវិហារ​របស់​ទ្រង់ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំដោយ​កំបាំង​នៅ​ក្នុង​ពន្លា​ទ្រង់ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សំងាត់​ក្នុង​ត្រសាល​ទ្រង់ហើយ​នឹង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា។ ទំនុកតម្កើង ២៧:៤-៥

អំណានប្រចាំថ្ងៃ៖ ​

ខ្ញុំបានឃើញពួកបរិសុទ្ធចាកចេញពីទីក្រុងនិងពីភូមិរបស់ពួកគេ ហើយបានមករួមគ្នារស់នៅឯទីដាច់ស្រយាលមួយ។ ពួកទេវតាបានផ្តល់ម្ហូបអាហារនិងទឹកដល់ពួកគេ នៅពេលដែលអ្នកមានបាបកំពុងរងទុក្ខដោយការស្រេកឃ្លានវិញ។ នៅពេលនោះ ខ្ញុំបានមើលឃើញអ្នកដឹកនាំនៅផែនដីបានប្រជុំគ្នា ហើយសាតាំងនិងទេវតារបស់វាបានដើរក្រវែលជុំវិញពួកគេ។ ខ្ញុំក៏បានឃើញសេចក្តីប្រកាសនៅគ្រប់ទីកន្លែងថា «ប្រសិនបើពួកបរិសុទ្ធមិនព្រមលះបង់ចោលសេចក្តីជំនឿរបស់គេ និងបោះបង់ចោលថ្ងៃបរិសុទ្ធ ហើយបែរទៅគោរពថ្ងៃទីមួយនៃសប្តាហ៍វិញនោះទេ ពួកគេនឹងត្រូវស្លាប់»។ ប៉ុន្តែ នៅក្នុងពេលនៃ ការពិបាកនេះ ពួកអ្នកបរិសុទ្ធបាននាំគ្នានៅស្ងៀម ហើយទុកចិត្តទៅលើព្រះ និងបានពឹងផ្អែកទៅលើសេចក្តីសន្យារបស់ទ្រង់ ដែលថាទ្រង់នឹងនាំពួកគេឱ្យរួចផុតពីការបៀតបៀនទាំងនេះ។

នៅកន្លែងខ្លះ មុនពេលកាត់ទោសប្រហារជីវិត ពួកអ្នកមានបាបបានតាមរកអ្នកបរិសុទ្ធ ដើម្បីនឹងសម្លាប់ ប៉ុន្តែទេវតារបស់ព្រះនៅក្នុងសណ្ឋានជាមនុស្ស បានការពារពួកគេ។

​សាតាំងមានបំណងចង់រកឱកាសបំផ្លាញរាស្ត្ររបស់ព្រះដ៏ខ្ពស់បំផុត ប៉ុន្តែ ព្រះយេស៊ូបានចាត់ទេវតារបស់ទ្រង់ឱ្យថែរក្សាពួកគេ។ ព្រះនឹងត្រូវ​បាន​សរសើរតម្កើង ដោយការតាំងសេចក្តីសញ្ញាជាមួយនឹងអស់អ្នកដែលគោរពច្បាប់របស់ទ្រង់ នៅក្នុងក្រសែភ្នែកនៃពួកអ្នកមិនជឿព្រះ នៅជុំវិញពួកគេ ហើយទ្រង់ក៏បានទទួលការសរសើរតម្កើងពីរាស្ត្ររបស់ទ្រង់ដែលទ្រង់បានលើកឡើងទាំងរស់ ជាអ្នកស្មោះត្រង់ដែលបានរង់ចាំទ្រង់ជាយូរមកហើយ​នោះដែរ។

អំណានព្រះគម្ពីរពេលល្ងាច៖ អេសេគាល ជំពូក​ ៣៤ៈ១១-២៥

ខចងចាំ៖​​ នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា មើល នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះយេហូវ៉ា​ហើយ យើង​បាន​រង់ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីករាយ ហើយ​ត្រេកអរ ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់។ អេសាយ ២៥:៩

Powered by CAM