​​ ថ្ងៃសុក្រ ទី១១​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​អ្នក​ណា​ដែល​ធ្វើ​ជា​បាវ​បំរើ​គេ ក្នុង​កាល​ដែល​ព្រះអម្ចាស់​ហៅ​មក នោះ​ជា​អ្នក​ជា​របស់​ព្រះអម្ចាស់ ហើយ​អ្នក​ជា​ណា​ដែល​ទ្រង់​ហៅ​មក នោះ​ជា​បាវ​បំរើ​នៃ​ព្រះគ្រីស្ទ​វិញ។ កូរិនថូសទី១ ៧:២២

អំណានប្រចាំថ្ងៃ៖ ការទទួលបានព្រះវត្តមានរបស់ព្រះជាម្ចាស់តាមរយៈ​​ធម្មជាតិ

ថ្ងៃបរិសុទ្ធត្រូវបានប្រទានឲ្យនៅក្នុងគោលបំណងបង្រៀនយើងអំពីលក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ ព្រះយេស៊ូវបានប្រើរឿងប្រៀបប្រដូចឬរឿងប្រៀបធៀបដើម្បីបង្រៀនដូចគ្នា។ ព្រះជាម្ចាស់បានប្រទាននូវវត្ថុសម្រាប់ជាការរំលឹកដល់អំណាចនៃការបង្កើតប្រកប​ដោយការច្នៃប្រឌិតរបស់ទ្រង់ដល់មនុស្សដើម្បីឲ្យពួកគេអាចយល់ពីទ្រង់តាមរយៈអ្វីៗដែលទ្រង់បានបង្កើត។ ថ្ងៃបរិសុទ្ធជាថ្ងៃសម្រាប់ឲ្យ​យើង​មើលស្នាព្រះហស្តល្អៗដែលព្រះជាម្ចាស់ ដែលជាព្រះអាទិករបានបង្កើត។ ហើយនោះគឺដោយសារទ្រង់ចង់ឲ្យយើងចង់ធ្វើបែបនេះហើយ បានជាទ្រង់ភ្ជាប់មេរៀនមានតម្លៃទាំងនេះជាមួយនិងសម្រស់​នៃវត្ថុធម្មជាតិ។ នៅថ្ងៃសម្រាកដែលជាថ្ងៃបរិសុទ្ធជាងថ្ងៃណាៗទាំងអស់ យើងត្រូវរៀនសូត្រពីសារដែលព្រះសរសេរ ឬចារឲ្យយើងនៅក្នុងធម្មជាតិ។ យើងត្រូវទៅឯតំបន់ទីវាលនិងព្រៃព្រឹក្សាណាដែលយើងអាចមើលឃើញផ្ទៃមេឃ ស្មៅ និងផ្កា ហើយរៀនសូត្រពីរឿងប្រៀបធៀបរបស់ព្រះអង្គសង្គ្រោះ។ ខណៈពេលដែលយើងខិតមកជិតធម្មជាតិព្រះគ្រីស្ទធ្វើឲ្យយើងឃើញព្រះវត្តមានរបស់ទ្រង់ពិតប្រាកដ ហើយមានបន្ទូលមកកាន់ចិត្តរបស់យើងអំពីសេចក្តីសុខសាន្តនិងសេចក្តីស្រឡាញ់របស់ទ្រង់។

ហើយព្រះយេស៊ូវមិនត្រឹមតែបានភ្ជាប់ការបង្រៀនរបស់ទ្រង់ទៅនឹងថ្ងៃបរិសុទ្ធឬសប្បាតហ៍ប៉ុណ្ណោះទេ ប៉ុន្តែជាមួយនិងថ្ងៃធ្វើការងារផងដែរ។ ទ្រង់មានមេរៀនសម្រាប់កសិករដែលភ្ជួរដីហើយនិងសាបព្រោះគ្រាប់ពូជ។ នៅក្នុងការភ្ជួរដីនិងសាបព្រោះការភ្ជួររាស់ដី​និងការប្រមូលផលទ្រង់បង្រៀនយើងឲ្យឃើញពីការបង្ហាញនៃការងារប្រកដដោយព្រះគុណរបស់ទ្រង់នៅក្នុងចិត្ត។ ដូច្នេះនៅក្នុងការងារនីមួយៗដែលមានប្រយោជន៍និងទំនាក់ទំនងនីមួយៗទ្រង់ចង់ឲ្យយើងស្វែងរកមេរៀននៃសេចក្តីពិតរបស់ព្រះ។ នោះការងារប្រចាំថ្ងៃ​​របស់យើងនឹងលែងស្រូបយកចំណាប់អារម្មណ៍របស់យើងហើយនាំយើងឲ្យភ្លេចទ្រង់ទៀតហើយវានឹងបន្តរំឭកដល់យើងអំពីព្រះអាទិករនិងព្រះដ៏ប្រោសលោះ។ នៅក្នុងគ្រប់ការដែលយើងធ្វើ ព្រះជាម្ចាស់ហើយនិងសេចក្តីស្រឡាញ់របស់ទ្រង់ នឹងបន្តនៅក្នុងចិត្តរបស់យើង។ ចំពោះយើងសិរីល្អនៃព្រះភ័ក្ត្ររបស់ទ្រង់នឹងស្ថិតនៅលើផ្ទៃនៃធម្មជាតិជាថ្មីទៀត។ យើងត្រូវតែបន្តរៀនសូត្រនូវមេរៀនថ្មីៗអំពីសេចក្តីពិតរបស់ព្រះ ហើយឲ្យកាន់តែរីកចម្រើនលូតលាស់បរិសុទ្ធដូចជាព្រះយេស៊ូវ។​នៅក្នុងគ្រប់ស្ថានភាពឬកាលៈទេសៈដែលយើងជួបប្រទះយើងត្រូវ«ធ្វើជាសិស្សរបស់ព្រះយេហូវ៉ានេះគឺជារបៀបដែលយើងនឹងត្រូវប្រព្រឹត្តិតាមសណ្ឋាននោះនៅចំពោះទ្រង់ចុះ»។អេសាយ៥៤ៈ១៣ កូរិនថូសទី១ ៧ៈ២៤។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៥៖១-១២

ខចងចាំ៖​​ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង»។ ម៉ាថាយ ៧៖១-២

Powered by CAM