​​ ថ្ងៃអាទិត្យ ទី១​​៣ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ស្លាប​ក៏​ហើរ​មក​ចឹក​ស៊ី​អស់​ទៅ មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មាន​ដី​រាក់​ពេក ស្រាប់​តែ​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ​ទេ ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស។ ម៉ាថាយ ១៣:៤-៦

អំណានប្រចាំថ្ងៃ៖លទ្ធផលទំាង៤ ដែលបានមកពីការសាបព្រោះ​គ្រាប់ពូជ​

ហ្វូងមនុស្សកាន់តែមានចំនួនកើនឡើងមនុស្សប្រជ្រៀតគ្នាចូលជិតព្រះយេស៊ូវរហូតទាល់តែគ្មានសល់កន្លែងចន្លោះនៅជុំវិញទ្រង់សោះ។ បន្ទាប់ពីទ្រង់បានមានព្រះបន្ទូលទៅកាន់មនុស្សដែលនៅក្នុងទូកនេសាទទាំងឡាយទ្រង់ក៏យាងចុះទៅក្នុងទូកដែលកំពុងតែរង់ចាំជូនទ្រង់ធ្វើដំណើរកាត់ទន្លេហើយទ្រង់ឲ្យសាវ័ករបស់ទ្រង់រុញទូកចេញឆ្ងាយពីច្រាំងបន្តិច។ បន្ទាប់មកទ្រង់ក៏មានបន្ទូលទៅកាន់ហ្វូងមនុស្សដែលផ្តុំគ្នានៅមាត់ច្រាំង។

ព្រំដែនសមុទ្រនៅជាប់នឹងទីវាលរាបស្មើដ៏ស្រស់ស្អាតនៃសមុទ្រគេនេសារ៉ែត ទៅហួសនោះគឺមានកូនភ្នំ ហើយនៅលើជាយភ្នំនិងនៅក្នុងទីវាលរួមទាំងអ្នកដែលសាបព្រោះនិងអ្នកប្រមូលផលកំពុងតែជាប់រវល់ អ្នកខ្លះកំពុងតែសាបព្រោះគ្រាប់ពូជ ហើយអ្នកខ្លះទៀត កំពុងតែច្រូតកាត់ស្រូវដែលទុំលើកដំបូង។ មើលទៅក្នុងទិដ្ឋភាពនៃរឿងនោះ ព្រះយេស៊ូវបានមានបន្ទូលថា «ចូរ​ស្តាប់ដោយយកចិត្តទុកដាក់ចុះ។ មានអ្នកព្រោះគ្រាប់ស្រូវម្នាក់ចេញទៅព្រោះ។ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវហើយសត្វស្លាបក៏ហើរមកចឹកសុីអស់ទៅ»។ «មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្មដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាមព្រោះដីមិនជ្រៅទេ ប៉ុន្តែកាលថ្ងៃរះឡើងនោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស។ ហើយខ្លះទៀតធ្លាក់ទៅកណ្តាលបន្លាបន្លាក៏ដុះឡើងខ្ទប់ជិតជុំវិញដើមស្រូវធ្វើឲ្យដើមស្រូវលូតមិនកើត។ តែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អហើយបង្កើតបានផលបាន១ជា១រយមួយទៀតបាន៦០ហើយមួយទៀតបាន៣០»។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៥៖១៧-២០

ខចងចាំ៖​​ «ចូរ​ឲ្យ​ប្រែ​ចិត្ត​ចុះ ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ»។ ម៉ាថាយ ៣:២

Powered by CAM