ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ។ ម៉ាថាយ ៣:២
អំណានប្រចាំថ្ងៃ៖ ការគិត ឬយល់ខុសចំពោះព្រះអង្គសង្គោះ
មនុស្សនៅក្នុងសម័យកាលរបស់ព្រះយេស៊ូវមិនយល់ពីបេសកកម្មរបស់ទ្រង់ទេ។ ព្រះយេស៊ូវមិនបានយាងមកតាមដែលពួកគេបានរំពឹងទុកនោះទេ។ គោលគំនិតចំបងនៃអារ្យធម៌របស់សាសន៍យូដា គឺមានជំនឿថាព្រះអង្គសង្គ្រោះរបស់ពួកគេនឹងយាងមក។ ព្រះជាម្ចាស់បានប្រទានពិធីបុណ្យធំៗទាំងឡាយឲ្យដល់ពួកគេធ្វើ។ ពិធីបុណ្យទាំងនោះបានបង្កើតឡើងដើម្បីបង្រៀនដល់ប្រជារាស្ត្រឲ្យដឹងថា ព្រះអង្គសង្គ្រោះរបស់ពួកគេនឹងយាងមកតាមពេលវលាដែលព្រះជាម្ចាស់បានកំណត់ជ្រើសរើស។ ប៉ុន្តែប្រជារាស្ត្រសាសន៍យូដាបែរជាផ្តោតអារម្មណ៍ទៅលើការធ្វើពិធីនានាតែមិនដឹងពីអត្ថន័យរបស់ពិធីទាំងនោះទេ។ ប្រពៃណីទំនៀមទំលាប់ការនិយាយស្តីនិងសកម្មភាពរបស់មនុស្សបានបាំងជិតពីមេរៀនដែលព្រះជាម្ចាស់ចង់ឲ្យពួកគេរៀនសូត្រ។ការនិយាយស្តីនិងប្រពៃណីទំនៀមទំលាប់ទាំងនេះបានក្លាយជាឧបសគ្គរារាំងការយល់របស់ពួកគេ ហើយនិងជំនឿទៅលើសាសនាពិត។ នៅពេលដែលការពិតមកដល់ព្រះយេស៊ូវយាងមកក្នុងសណ្ឋានជាមនុស្សពួកគេមិនស្គាល់ទ្រង់ថាជាអ្នកបំពេញអត្ថន័យនៃពិធីបុណ្យទាំងឡាយរបស់ពួកគេនោះទេ។ ពួកគេបានច្រានចោលនូវអ្វីដែលជាការពិតហើយបានរក្សានូវសេចក្តីជំនឿក្លែងក្លាយរបស់ពួកគេ ហើយនិងពិធីបុណ្យដែលឥតប្រយោជន៍។ ព្រះរាជបុត្រានៃព្រះបានយាងមក ប៉ុន្តែពួកគេនៅតែបន្តសុំសញ្ញាសំគាល់។ នៅពេលដែលពួកគេបានឮព្រះយេស៊ូវមានបន្ទូលថា «ចូរឲ្យប្រែចិត្តចុះដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ» ពួកគេបានសូមនូវការសម្តែងបដិហារឬការអស្ចារ្យ។ ម៉ាថាយ ៣ៈ២។ ការបង្រៀនរបស់ព្រះយេស៊ូវធ្វើឲ្យពួកគេភ្លាត់ខាងព្រលឹងវិញ្ញាណ ពីព្រោះពួកគេបានទាមទាររកសញ្ញាសំគាល់ជាជាងរកព្រះអង្គសង្គ្រោះ។ ពួកគេរំពឹងគិតថា ឲ្យព្រះមែស្សុីបញ្ជាក់ថាទ្រង់គឺជាអ្នកដែលទ្រង់បានអះអាងដោយដឹកនាំប្រទេសអុីស្រាអែលឲ្យមានជ័យជំនះបង្កើតអាណាចក្ររបស់ទ្រង់នៅលោកិយនេះ។ តាមរយៈរឿងប្រៀបប្រដូចអំពីអ្នកសាបព្រោះនេះព្រះយេស៊ូវបានបង្រៀនមនុស្សថា ហេតុអ្វីបានជាគំនិតនៃការគិតរបស់ពួកគេចំពោះព្រះមែស្សុីជារឿងមិនត្រឹមត្រូវ។ នគររបស់ព្រះជាម្ចាស់នឹងមិនអាចបង្កើតឡើងបាន ដោយសារតែមានអាវុធច្រើនជាងសត្រូវឬក៏ដោយសារសង្គ្រាមដែលឃោរឃៅនោះទេ ប៉ុន្តែដោយសារមនុស្សទទួលយកគោលការណ៍នៃសេចក្តីស្រឡាញ់របស់ព្រះចូលទៅក្នុងចិត្តរបស់ពួកគេ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៥៖២១-២៦
ខចងចាំ៖ «ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ»។ ម៉ាថាយ ៣:២