​​ ថ្ងៃសៅរ៍ ទី១៩​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នក​នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​មិន​ដែល​ត្រូវ​ជំនុំជម្រះ​ឡើយ គឺ​បាន​កន្លង​ហួស​ពី​សេចក្តី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ។ យ៉ូហាន ៥ៈ២៤

អំណានប្រចាំថ្ងៃ៖ ព្រះបន្ទូលរបស់ព្រះ​ កែប្រែអត្តចរិតរបស់យើង

ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាគ្រាប់ពូជ។គ្រាប់ពូជនីមួយៗគឺមានថាមពលដើម្បីដុះឡើងដោយខ្លួនឯង។ នៅក្នុងគ្រាប់មានជីវិតរុក្ខជាតិ។ ដូច្នេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺមានជីវិត។ ព្រះយេស៊ូវមានបន្ទូលថា «ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នានោះត្រូវខាងវិញ្ញណនឹងជីវិតវិញ​»យ៉ូហាន៦ៈ៦៣។ «អ្នកណាដែលស្តាប់ពាក្យខ្ញុំហើយជឿដល់ព្រះអង្គដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏រស់នៅអស់កល្បជានិច្ច»។ យ៉ូហាន ៥ៈ២៤។បញ្ញត្តិរបស់ព្រះជាម្ចាស់និងសេចក្តីសន្យារបស់ទ្រង់មាននៅក្នុងព្រះគម្ពីរ​មករួមជាមួយនិងអំណាចនិងជីវិតដើម្បីឲ្យការទាំងនោះអាចបានសម្រេចហើយក្លាយទៅជាការពិត។ អ្នកណាដែលទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសេចក្តីជំនឿគឺកំពុងតែទទួលជីវិតនិងលក្ខណៈសម្បត្តិឬចរិតលក្ខណៈរបស់ព្រះ។

គ្រាប់ពូជនីមួយៗបង្កើតបានផលផ្លែតាមប្រភេទពូជរបស់វា។ ការសាប​ព្រោះគ្រាប់ពូជនៅក្រោមល័ក្ខខ័ណ្ឌដែលត្រឹមត្រូវនោះជីវិតដែលមាននៅក្នុងគ្រាប់ពូជនឹងផ្តល់ឲ្យទៅដើមរបស់វា។ ការទទួលគ្រាប់ពូជនៃ​ព្រះបន្ទូលរបស់​​ព្រះជាម្ចាស់ដែលមិនពុករលួយទៅក្នុងចិត្តដោយសេចក្តីជំនឿនោះវានឹងនាំឲ្យមានចរិតលក្ខណៈនិងជីវិតដូចជាចរិតលក្ខណៈនិងជីវិតរបស់ព្រះជាម្ចាស់​ដែរ។

គ្រូបង្រៀននៃប្រទេសអុីស្រាអែលមិនបានសាបព្រោះគ្រាប់ពូជនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ការងាររបស់ព្រះយេស៊ូវជាគ្រូបង្រៀន​សេចក្តីពិតគឺមានលក្ខណៈខុសគ្នាឆ្ងាយពីការងាររបស់ពួកគ្រូបង្រៀនសាសនាដទៃទៀតនៅក្នុងសម័យកាលរបស់ទ្រង់។ ពួកគេបានចំណាយពេលគិត និងនិយាយអំពីប្រពៃណី ទំនៀមទំលាប់ និងទ្រឹស្តីរបស់មនុស្ស និងការទស្សន៍ទាយ។ ជារឿយៗការបង្រៀននិងការសរសេររបស់មនុស្សអំពីព្រះបន្ទូល​របស់ព្រះជាម្ចាស់ ពួកគេមិនបានយកគំនិតមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មកបង្រៀននោះទេ តែយកគំនិតរបស់ខ្លួនឯងមកបង្រៀនជំនួសវិញ។ ការបង្រៀនរបស់ពួកគេគ្មានអំណាចដើម្បីជួយឲ្យអ្នកស្តាប់បានរឹងមាំនោះឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៥៖៤៣-៤៨

ខចងចាំ៖​​ «ចូរ​ឲ្យ​ប្រែ​ចិត្ត​ចុះ ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ»។ ម៉ាថាយ ៣:២

Powered by CAM