​​ ថ្ងៃពុធទី២៣​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះបន្ទូល​ចុះ ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវ​ពេល ឬ​ខុស​ក្តី ចូរ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ព្រម​ទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​គេ ដោយ​ចិត្ត​អត់ធ្មត់ និង​សេចក្តី​ប្រៀន​ប្រដៅ​គ្រប់​យ៉ាង។ ធីម៉ូថេទី២ ៤ៈ២​

អំណានប្រចាំថ្ងៃ៖ ​ព្រះគម្ពីរគឺជាសៀវភៅពុម្ពល្អអស្ចារ្យ

«អ្នកសាបព្រោះ សាបព្រោះព្រះបន្ទូល»។ នៅត្រង់ចំណុចនេះគឺបានបង្ហាញអំពីគោលការណ៍ដ៏ល្អដែលត្រូវជាមូលដ្ឋានគ្រឹះនៃផ្នែកការងារសិក្សាអប់រំទាំងអស់។ «គ្រាប់ពូជគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ សព្វថ្ងៃនេះនៅក្នុងសាលារៀនជាច្រើនមិនបានប្រើឬបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ មុខវិជ្ជាដទៃទៀតបានសុីពេលវេលារបស់សិស្សអស់ហើយ។ ការសិក្សាអំពីអ្នកនិពន្ធដែលគ្មានជំនឿលើព្រះជាម្ចាស់បានសុីពេលវេលាអស់គ្មានម៉ោងណាសល់សម្រាប់រៀនមេរៀនអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសាលារៀនរបស់យើងឡើយ។ គំនិតដែលឆ្ងល់និងសង្ស័យទៅលើព្រះជាម្ចាស់ហើយនិងព្រះបន្ទូលរបស់ទ្រង់គឺមាននៅក្នុងសៀវភៅមេរៀន។ ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានក្លាយទៅជាអ្នកដឹកនាំទៅរកផ្លូវខុស ពីព្រោះការរកឃើញពីការស្រាវជ្រាវនោះត្រូវបានបកស្រាយឬបង្ហាញមិនត្រឹមត្រូវនៅក្នុងផ្លូវមួយដែលបដិសេធមិនទទួលស្គាល់ថាមានព្រះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានគេយកទៅប្រៀបធៀបជាមួយនិងការបង្រៀនដែលគេគិតថាជាវិទ្យាសាស្ត្រពិត ហើយធ្វើឲ្យវាចេញទៅជារឿងដែលមិនគួរឲ្យជឿ​ហើយមិនត្រូវជឿជាក់។ ការធ្វើបែបនេះ បានបណ្តុះ​នូវគ្រាប់ពូជឬគំនិតនៃការសង្ស័យនៅក្នុងចិត្តគំនិតរបស់ពួកយុវវ័យ ហើយពេលដែលត្រូវនឹងសេចក្តីល្បួង ការសង្ស័យនេះនាំឲ្យអំពើបាបទទួលបានជ័យជំនះ។

កាលណាបាត់បង់សេចក្តីជំនឿទៅលើព្រះជាម្ចាស់ហើយ នោះមនុស្សគ្មានការណែនាំឬក៏ការការពារឡើយ។ យុវវ័យដើរតាមផ្លូវដែលនាំពួកគេឲ្យឃ្លាតចេញឆ្ងាយពីព្រះ ហើយនិងឃ្លាតចេញឆ្ងាយពីជីវិតអស់កល្ប។ បញ្ហាធំនេះកើតឡើងដោយសារតែអំពើបាបឆ្លងរាលដាលនៅក្នុងពិភពលោកយើងក្នុងពេលសព្វថ្ងៃនេះឯង។ នៅពេលដែលពួកគេមិនប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះចិត្តរបស់មនុស្សដែលមានអំពើបាបមិនទទួលយកអំណាចដែលជួយសម្រាប់ទប់ទល់ជាមួយនិងការប្រព្រឹត្តិអំពើអាក្រក់ឡើយ។បើមនុស្សធ្វើតាមសេចក្តីប្រាថ្នាខាងសាច់ឈាមលទ្ធផលដែលនឹងទទួលបានគឺការបំផ្លាញអស់កល្ប។ ការធ្វើតាមសេចក្តីប្រាថ្នារបស់ខ្លួន​គឺជាមូលហេតុចំបងនៃភាពចុះខ្សោយនិងភាពខ្វះខាតខាងផ្នែកសតិបញ្ញា។ ការងាកចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មករៀនពីមេរៀនដែលជាគំនិតរបស់មនុស្ស ខួរក្បាល ឬចិត្តគំនិតរបស់ពួកគេលែងរីកចម្រើនលូតលាស់ហើយមិនសូវមានតម្លៃនោះទេ។ ចិត្តគំនិតរបស់យើងសម្របខ្លួនរបស់វាដើម្បីឲ្យយល់ពីអ្វីដែលធ្លាប់ស្គាល់ឬដឹងឮច្បាស់។ ការស្មោះស្ម័គ្រទៅលើអ្វីៗដែល​នៅខាងលោកិយធ្វើឲ្យចិត្តគំនិតចុះខ្សោយហើយធ្វើឲ្យអំណាចរបស់វាថយចុះហើយមិនយូរប៉ុន្មានចិត្ត គំនិតនឹងមិនអាចរីកចម្រើនលូតលាស់បាន។

បញ្ហាទាំង​អស់នេះគឺជាការសិក្សាអប់រំក្លែងក្លាយ។ ការងាររបស់គ្រូបង្រៀនម្នាក់ៗត្រូវតែផ្តោតទៅលើចិត្តគំនិតរបស់ពួកយុវវ័យដោយផ្អែកទៅលើសេចក្តីពិតដ៏អស្ចារ្យដែលបានមកពីព្រះបន្ទូលរបស់ព្រះ។ នេះគឺជាការសិក្សាអប់រំដែលមានសារសំខាន់សម្រាប់ជីវិតពេលនេះហើយនិងជីវិតនៅពេលខាងមុខឬអនាគតផង។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៦៖១៩-២១

ខចងចាំ៖​​ តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹងរូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។ ហេព្រើរ ៣៖១៣

Powered by CAM