ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។ ហេព្រើរ ៣:១៣
អំណានប្រចាំថ្ងៃ៖ ដីនៅតាមជាយផ្លូវ ឬខាងផ្លូវ
ចំណុចសំខាន់នៃរឿងប្រៀបប្រដូចអំពីអ្នកសាបព្រោះគឺជាពិសេសនិយាយអំពីប្រភេទដី និងផលប៉ះពាល់របស់វា នៅពេលដែលដំណាំនោះដុះនៅលើ។ ក្នុងការនិយាយរឿងប្រៀបប្រដូចនេះព្រះយេស៊ូវបានមានបន្ទូលទៅកាន់អ្នកស្តាប់របស់ទ្រង់ថា«វាមិនមែនជារឿងល្អនោះទេ ដែលអ្នករិះគន់ការងាររបស់ខ្ញុំនោះ ឬក៏ធ្វើឲ្យអ្នកខកចិត្តដោយសារតែអ្វីដែលខ្ញុំធ្វើមិនមែនជាអ្វីដែលអ្នកបានគិតរំពឹងទុកនោះទេ»។ សំណួរដែលធំសំខាន់បំផុតចំពោះអ្នកនោះគឺតើអ្នកធ្វើអ្វីចំពោះដំណឹងរបស់ខ្ញុំ? ជីវិតអស់កល្បឬក៏សេចក្តីស្លាប់របស់អ្នកគឺអាស្រ័យទៅលើរបៀបនៃការទទួលយកនូវអ្វីដែលខ្ញុំនិយាយ។
ក្នុងការពន្យល់អំពីអត្ថន័យនៃគ្រាប់ពូជដែលធ្លាក់នៅតាមផ្លូវ ទ្រង់បានមានបន្ទូលថា «នៅពេលមាននរណាម្នាក់ឮដំណឹងអំពីនគរឋានសួគ៌ហើយធ្វើជាមិនយល់នោះសាតាំងនឹងមក ហើយឆក់យកសេចក្តីពិតដែលបានសាបព្រោះនៅក្នុងចិត្តរបស់គេចេញ។ នេះគឺជាអ្វីដែលនឹងកើតឡើងចំពោះអ្នកដែលមានលក្ខណៈដូចជាគ្រាប់ពូជដែលធ្លាក់នៅតាមផ្លូវ។
គ្រាប់ពូជដែលសាបព្រោះនៅតាមផ្លូវតំណាងឲ្យព្រះបន្ទូលរបស់ព្រះកាលណាព្រះបន្ទូលនោះបានឮដល់អ្នកស្តាប់ដែលមិនមានចិត្តចាប់អារម្មណ៍។គឺអ្នកដែលមានចិត្តស្រឡាញ់ការសប្បាយខាងលោកិយនិងអំពើបាបគឺដូចជាផ្លូវដែលត្រូវបានមនុស្សនិងសត្វកំណាចដើរជាន់ពីលើឲ្យហាប់។ មនុស្សនោះរវល់តែធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយសប្បាយរីករាយជាមួយនិងខាងលោកិយគឺជាមនុស្សដែល «មានចិត្តរឹងរូសដោយសេចក្តីបញ្ឆោតរបស់អំពើបាប»។ ហេព្រើរ ៣ៈ១៣។ ពួកគេត្រូវពិការខាងឯព្រលឹងវិញ្ញាណ។ មនុស្សឮព្រះបន្ទូលតែមិនយល់អំពីវា។ ពួកគេមិនឃើញថា វាមានជាប់ទាក់ទងជាមួយនិងពួកគេនោះទេ។ ពួកគេមិនដឹងពីសេចក្តីត្រូវការឬក៏ភាពគ្រោះថ្នាក់របស់ពួកគេទេ។ ពួកគេមិនយល់ច្បាស់អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវនោះទេ ហើយក៏ចាត់ទុកព្រះគុណរបស់ព្រះជាម្ចាស់ដូចជារឿងឬរបស់ដែលមិនសំខាន់ចំពោះពួកគេទៅវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៧៖១-៦
ខចងចាំ៖ តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។ ហេព្រើរ ៣៖១៣