ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ គឺកាលណាបើអ្នកណាស្តាប់ព្រះបន្ទូលពីនគរ តែមិនយល់ នោះអាកំណាចក៏មកឆក់យកសេចក្តី ដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់ នេះគឺជាអ្នកដែលបានទទួលពូជតាមផ្លូវ ។ ម៉ាថាយ ១៣:១៩
អំណានប្រចាំថ្ងៃ៖ការទិតៀនធ្វើឲ្យមនុស្សងាកបែរចេញពីព្រះជាម្ចាស់
អ្នកស្តាប់ជាច្រើនដែលស្តាប់ការអធិប្បាយអំពីព្រះបន្ទូលរបស់ព្រះចំណាយពេលរិះគន់ការអធិប្បាយនៅឯផ្ទះ។ ពួកគេអង្គុយរិះគន់ទៅលើការអធិប្បាយដូចជាការរិះគន់ទៅលើពាក្យសំដីរបស់អ្នកដែលនិយាយឬបង្រៀនឬក៏អ្នកនិយាយខាងនយោបាយ។ សារឬដំណឹងដែលពួកគេគួរតែទទួលយកដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺនិយាយទៅហាក់ដូចជាមានតម្លៃតិចតួច ឬក៏បញ្ចេញយោបល់បញ្ឈឺទៅវិញ។ អត្តចរិត ហេតុផល ហើយនឹងទង្វើរបស់គ្រូគង្វាល ហើយនឹងទង្វើរបស់ក្រុមជំនុំ ត្រូវបានគេយកទៅនិយាយដោយសេរី។ ពួកគេតែងតែចាប់កំហុសលើអ្នកអធិប្បាយហើយនិងការចែកចាយដំណឹងល្អរបស់គាត់ ឬក៏និយាយដើមនិងនិយាយខុសអំពីអ្នកដទៃហើយពួកគេធ្វើបែបនេះនៅកន្លែងណាដែលអ្នកមានជំនឿផ្សេងឬមិនមានជំនឿអាចស្តាប់ឮ។ ជាញឹកញាប់ឪពុកម្តាយតែងតែនិយាយបែបនេះនៅពេលដែលកូនៗរបស់ពួកគេកំពុងតែស្តាប់។ ការធ្វើបែបនេះការគោរពចំពោះអ្នកអធិប្បាយហើយនិងគ្រូបង្រៀនរបស់ព្រះជាម្ចាស់ត្រូវបានបំផ្លាញហើយសារឬដំណឹងដែលពួកគេចែកចាយគ្មានប្រសិទ្ធិភាពល្អនោះទេ។ មានមនុស្សជាច្រើនត្រូវបានគេបង្រៀនឲ្យគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺមិនមានអ្វីពិសេសនោះទេ។
ដូច្នេះនៅក្នុងគ្រួសារណាដែលហៅខ្លួនឯងថាជាគ្រីស្ទាន យុវវ័យជាច្រើនត្រូវបានអប់រំឲ្យទៅជាមនុស្សដែលមិនមានជំនឿទៅលើព្រះជាម្ចាស់នោះទេ។ ឪពុកម្តាយឆ្ងល់ថា ហេតុអ្វីបានជាកូនៗរបស់ពួកគេមានចំណាប់អារម្មណ៍ទៅលើដំណឹងល្អតិចតួចម្លេ៉ះ ហើយក៏ត្រៀមខ្លួនសង្ស័យចំពោះសេចក្តីពិតនៃព្រះគម្ពីររួចជាស្រេច។ ពួកគេមិនយល់ពីមូលហេតុដែលថាហេតុអ្វីបានជាពិបាកឲ្យកូនៗរបស់ពួកគេដើរតាមសីលធម៌ ហើយនិងការបង្រៀនខាងព្រះវិញ្ញាណនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លាំងម្លេ៉ះ។ ពួកគេមិនបានឃើញពីគំរូរបស់ពួកគេដែលបង្ហាញដល់កូនៗដែលធ្វើឲ្យកូនៗរបស់ពួកគេមានចិត្តរឹងរូសនោះទេ។ គ្រាប់ពូជល្អរកកន្លែងចាក់ឫសមិនបាន ហើយសាតាំងក៏យកវាចេញទៅ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៧៖១២-១៤
ខចងចាំ៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ»។ លូកា ១៥:៧