​​ ថ្ងៃអាទិត្យ ទី៦​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ រីឯ​តិណជាតិ ដែល​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​នៅ​ជើងក្រាន បើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី។ ម៉ាថាយ ៦:៣០

អំណានប្រចាំថ្ងៃ៖ ​ធម្មជាតិរំឭកយើងពីមេរៀនដែលយើងបានរៀន

ជាថ្មីម្តងទៀតព្រះយេស៊ូវមានសេចក្តីពិតដែលត្រូវបង្ហាញដែលមនុស្សមិនទាន់បានត្រៀមខ្លួនទទួល ឬក៏សូម្បីតែយល់ពីសេចក្តីពិតនោះនៅឡើយ។ដោយសារហេតុផលនេះទ្រង់ក៏បានបង្រៀនពួកគេដោយប្រើពាក្យប្រៀបធៀប ឬប្រៀបប្រដូចដែរ។ ដោយផ្សារភ្ជាប់ការបង្រៀនរបស់ទ្រង់ជាមួយនិងរឿងនៃជីវិត បទពិសោធន៍ ឬក៏ធម្មជាតិ ទ្រង់ទទួលបានការចាប់អារម្មណ៍ពីពួកគេ ហើយក៏បានដក់ជាប់នៅក្នុងចិត្តរបស់ពួកគេ។ ក្រោយមកទៀតនៅពេលដែលពួកគេមើលទៅរបស់ដែលទ្រង់បង្ហាញនៅក្នុងពេលទ្រង់បង្រៀនពួកគេក៏នឹកចងចាំពីព្រះបន្ទូលរបស់ព្រះអង្គ។ ចំពោះចិត្តមនុស្សណាដែលបើកចំហដល់ព្រះវិញ្ញាណបរិសុទ្ធសារៈប្រយោជន៍នៃការបង្រៀនរបស់ព្រះអង្គសង្គ្រោះនឹងកាន់តែមានភាពច្បាស់លាស់ឡើងៗ។ អាថ៌កំបាំង​និងរឿងរ៉ាវឬបញ្ហាដែលធ្លាប់តែពិបាកយល់ពីមុនមកនឹងធ្វើឲ្យពួកគេកាន់តែយល់បានច្បាស់។

ព្រះយេស៊ូវស្វែងរកវិធីចូលទៅក្នុងចិត្តមនុស្សម្នាក់ៗ។ ដោយប្រើការបង្រៀនតាមយុទ្ធវិធីផ្សេងៗទ្រង់មិនត្រឹមតែបង្ហាញសេចក្តីពិតតាមវិធីសាស្ត្រផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានមានបន្ទូលជាមួយនិងមនុស្សដែលមានសេចក្តីត្រូវការផ្សេងៗគ្នាទៀតផង។ ការចាប់អារម្មណ៍​របស់ពួកគេត្រូវបានពញ្ញាក់ដោយការបង្ហាញឬបង្រៀននូវអ្វីដែលបានមកពីរបស់ដែលនៅជុំវិញខ្លួននៅក្នុងជីវិតប្រចាំថ្ងៃ។ គ្មានអ្នកណាម្នាក់ដែលបាន​ស្តាប់ព្រះអង្គសង្គ្រោះអាចមានអារម្មណ៍ថាពួកគេត្រូវបានបំភ្លេចចោលឡើយ។អ្នកដែលបន្ទាបខ្លួនបំផុត មានអំពើបាបបំផុត​បានឮព្រះសូរសៀង​និយាយទៅកាន់ពួកគេដោយក្តីអាណិតអាសូរ​ និងសុភាពទន់ភ្លន់ នៅពេលដែលទ្រង់បង្រៀន។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៖១៩-២៣

ខចងចាំ៖​​ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង»។ ម៉ាថាយ ៧៖១-២

Powered by CAM