ថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់។ លូកា ១៩:១០
អំណានប្រចាំថ្ងៃ៖ ទីក្រុងមិនមែនជាកន្លែងល្អ ក្នុងការចិញ្ចឹមបីបាច់កូនៗឡើយ
ឪពុកម្តាយជាច្រើនសម្រេចចិត្តទៅនៅក្នុងទីក្រុងគិតថាឲ្យកូនៗទទួលបានផលប្រយោជន៍ល្អប្រសើរ ប៉ុន្តែទាល់តែហួសពេលទើបពួកគេទទួលស្គាល់និងដឹងពីកំហុសធ្ងន់ធ្ងរថា ការគិតបែបនេះគឺខុសស្រឡះ។ ទីក្រុងនៃសម័យនេះគឺកំពុងតែក្លាយទៅជាទីក្រុងសូដុំមនិងកូម៉ូរ៉ាហ៍ហើយ។ ការមានថ្ងៃវិស្សមកាលច្រើននាំឲ្យមានការខ្ជិលច្រអូស។ កីឡាដែលធ្វើឲ្យរំភើបកុនឬល្ខោន ការប្រណាំងសេះ ការលេងល្បែង ការពិសាស្រា និងការជប់លៀងជម្រុញឲ្យអារម្មណ៍ទាំងអស់សកម្មឡើង។ ពួកយុវវ័យត្រូវបានទាក់ទាញដោយលោកិយ។ អស់អ្នកដែលចេះស្រឡាញ់ការកម្សាន្តសប្បាយដើម្បីតែការកម្សាន្តសប្បាយនោះគឺបើកចំហទ្វារឲ្យសេចក្តីល្បួងចូលហើយ។ ពួកគេបានឲ្យសង្គមទាក់ទាញឬពង្វក់បានលះបង់ខ្លួនដើម្បីសប្បាយដោយមិនបានគិតពិចារណាចូលចិត្តទាក់ទងជាមួយអ្នកដែលស្រឡាញ់លោកិយ ហើយចិត្តគំនិតរបស់ពួកគេស្រវឹងដោយសារស្រឡាញ់លោកិយ។ ពួកគេត្រូវបាននាំពីភាពមិនចេះប្រមាណមួយទៅមួយទៀតរហូតទាល់តែពួកគេលែងអាចរស់នៅក្នុងជីវិតសម្រាប់ផលប្រយោជន៍ពិតប្រាកដ។ ពួកគេភ្លេចជំនឿសាសនាអស់ហើយជីវិតខាងព្រលឹងវិញ្ញាណរបស់ពួកគេគេក៏បានរលត់សូន្យឈឹងទៅដែរ។ ចរិតលក្ខណៈរបស់ព្រះជាម្ចាស់ត្រូវបានដាក់ជំនួសដោយទម្លាប់នៃអំពើបាបនៃលោកិយ។ វាគឺជាការពិតដែលថាមានមនុស្សខ្លះអាចមើលឃើញភាពល្ងង់ខ្លៅឬភ្លីភ្លើរបស់ខ្លួនហើយលន់តួ។ ព្រះជាម្ចាស់នឹងអភ័យទោសឲ្យពួកគេ។ ប៉ុន្តែពួកគេបានធ្វើឲ្យព្រលឹងរបស់ខ្លួនរងរបួស ហើយនាំឲ្យខ្លួនឯងជួបនឹងគ្រោះថ្នាក់នៅក្នុងឆាកជីវិត។ អំណាចដើម្បីដឹងរវាងខុសនិងត្រូវដែលគួរតែរក្សាឲ្យបានរឹងមាំ គឺជិតនឹងត្រូវបំផ្លាញទៅហើយ។ ពួកគេយឺតនឹងស្គាល់សំឡេងដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធឬក៏មើលឃើញគម្រោងការដាក់អន្ទាក់របស់សាតាំងដើម្បីទាក់ពួកគេ។ ជាញឹកញាប់ណាស់ពេលស្ថិតនៅក្នុងភាពមានគ្រោះថ្នាក់ ពួកគេធ្លាក់ទៅក្នុងសេចក្តីល្បួង ហើយត្រូវបាននាំចេញឆ្ងាយពីព្រះជាម្ចាស់។ ទីបំផុតនៃជីវិតចូលចិត្តការកម្សាន្តសប្បាយរបស់ពួកគេត្រូវបំផ្លាញសម្រាប់លោកិយនេះហើយនិងសម្រាប់លោកិយខាងមុខ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៩៖១៤-១៧
ខចងចាំ៖ «ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ បើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យ យ៉ាងនោះ បើពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្តីងងឹតហើយ ចុះសេចក្តីងងឹតនោះនឹងបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎»។ ម៉ាថាយ ៦:២២-២៣