ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ កូនអើយ កុំឲ្យមើលងាយសេចក្តីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្តីបន្ទោសរបស់ទ្រង់ដែរ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីសំគាល់ចិត្តដល់ខ្លួនដែរ។ សុភាសិត ៣:១១-១២
អំណានប្រចាំថ្ងៃ៖ ចូរកុំស្រឡាញ់លោកិយ ឬក៏អ្វីៗដែលជារបស់លោកិយឡើយ
ការយកចិត្តទុកដាក់ឬស្រឡាញ់ទ្រព្យសម្បត្តិការសប្បាយ ទាំងអស់នេះត្រូវបានសាតាំងយកមកប្រើ ដើម្បីព្យាយាមបោកបញ្ឆោតមនុស្សនានា។មានការព្រមានដាស់តឿននៅក្នុងព្រះគម្ពីរយ៉ូហានទី១ ២ៈ១៥,១៦ «កុំឲ្យស្រឡាញ់លោកិយ ឬរបស់អ្វីដែលនៅក្នុងលោកិយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកិយ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ។ ដ្បិតអស់ទាំងសេចក្តីដែលនៅក្នុងលោកិយនេះគឺជាសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមនឹងសេចក្តីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្តីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកិយនេះវិញ។ ព្រះជាម្ចាស់ទតមើលចិត្តមនុស្សហាក់ដូចជាចិត្តរបស់ពួកគេជាសៀវភៅដែលបើកចំហដូច្នោះឯង។ ទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរលូកា២១ៈ៣៤ថា «ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្តីវក់នឹងសុីផឹក ហើយនឹងសេចក្តីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម»។ ហើយលោកសាវ័កប៉ុលត្រូវបានព្រះវិញ្ញាណបរិសុទ្ធបណ្តាលចិត្តឲ្យសរសេរនៅក្នុងព្រះគម្ពីរធីម៉ូថេទី១ ៦ៈ៩,១០ ថា «ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង នឹងអន្ទាក់ហើយក្នុងបំណងជាច្រើនដែលផ្តេសផ្តាសហើយធ្វើទុក្ខដល់ខ្លួនក៏ពន្លិចមនុស្សទៅក្នុងសេចក្តីហិនវិនាសនិងសេចក្តីអន្តរធានវិញ។ ដ្បិតការដែលស្រឡាញ់ប្រាក់នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាងដែលអ្នកខ្លះបានឈោងតាមហើយត្រូវល្បួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿទាំងចាក់ទម្លុះខ្លួនគេដោយសេចក្តីព្រួយលំបាកជាច្រើន»។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៩៖១៨-២៦
ខចងចាំ៖ «ខ្ញុំពុំអាចនឹងធ្វើការអ្វីដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជម្រះតាមដែលខ្ញុំឮ ហើយសេចក្តីជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»។ យ៉ូហាន ៥:៣០