ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរសាបព្រោះសំរាប់ខ្លួនដោយសុចរិត ហើយច្រូតកាត់ដោយសេចក្តីសប្បុរស ចូរកំសុលដីរបស់ឯងរាល់គ្នាឡើង ដ្បិតដល់ពេលដែលគួរស្វែងរកព្រះយេហូវ៉ា ទាល់តែទ្រង់យាងមកបង្អុរ ឲ្យភ្លៀងជាសេចក្តីសុចរិតមកលើឯងរាល់គ្នា។ ហូសេ ១០:១២
អំណានប្រចាំថ្ងៃ៖ ការបង្រៀន ឬអធិប្បាយច្រើនពេក ហើយមិនមានសេចក្តីស្រឡាញ់គ្រប់គ្រាន់
ការងារនេះទ្រង់ចង់ឲ្យសម្រេចដើម្បីយើង ហើយទ្រង់សូមឲ្យយើងចូលរួមសហការជាមួយទ្រង់។ អ្នកសាបព្រោះគ្រាប់ពូជមានការងារត្រូវធ្វើនៅក្នុងការរៀបចំចិត្តដើម្បីទទួលដំណឹងល្អ។ នៅក្នុងការងារផ្សាយដំណឹងល្អគឺមានការអធិប្បាយច្រើនពេកហើយមានការងារដែលធ្វើឲ្យស្មោះអស់ពីចិត្តតិចណាស់។ គឺមានសេចក្តីត្រូវការខាងការងារផ្ទាល់របស់អ្នកដែលសាបសម្រាប់អ្នកដែលបាត់បង់ខាងព្រលឹងវិញ្ញាណ។ ជាមួយនិងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ យើងត្រូវធ្វើការជិតដិតជាមួយបុគ្គលទាំងឡាយ ដោយខំព្យាយាមធ្វើឲ្យពួកគេចាប់អារម្មណ៍អំពីជីវិតអស់កល្ប។ ចិត្តរបស់ពួកគេប្រហែលជារឹងដូចជាផ្លូវធំដែលតាន់នោះហើយ មើលទៅហាក់ដូចជាគ្មានប្រយោជន៍ក្នុងការចែកចាយដំណឹងអំពីព្រះអង្គសង្គ្រោះរបស់ពួកគេជាមួយពួកគេនោះទេ ប៉ុន្តែ ខណៈពេលហេតុផលដែលធ្វើឲ្យពួកគេចាប់អារម្មណ៍អាចទទួលបរាជ័យ ហើយការពិភាក្សា ឬការជជែកគ្មានឥទ្ធិពលនឹងបញ្ចុះបញ្ចូលពួកគេបាន សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវបង្ហាញនៅក្នុងការផ្សព្វផ្សាយផ្ទាល់ខ្លួន អាចបន្ទន់ចិត្តដែលរឹងទទឹងនោះបានដើម្បីឲ្យគ្រាប់ពូជនៃសេចក្តីពិតអាចចាក់ឫសចូលទៅបាន។ ដូច្នេះអ្នកសាបព្រោះមានការងារធ្វើខ្លះៗដើម្បីកុំឲ្យគ្រាប់ពូជត្រូវបោក ដោយសារបន្លាឬក៏ងាប់ដោយសារតែមិនសូវមានដី។ នៅក្នុងជីវិតដំបូងបង្អស់របស់អ្នកគ្រីស្ទាន អ្នកដែលមានជំនឿម្នាក់ៗត្រូវតែបានទទួលការបង្រៀនអំពីគោលការណ៍គ្រឹះរបស់វា។ ត្រូវបង្រៀនអ្នកនោះថាគាត់មិនបានសេចក្តីសង្គ្រោះដោយសារតែការលះបង់របស់ព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែ គាត់ត្រូវតែធ្វើឲ្យជីវិតរបស់ព្រះយេស៊ូវទៅជាជីវិតរបស់គាត់ ហើយអត្តចរិតរបស់ព្រះគ្រីស្ទទៅជាអត្តចរិតរបស់គាត់ដែរ។ សូមបង្រៀនដល់ពួកគេទាំងអស់គ្នាឲ្យស៊ូទ្រាំនឹងបន្ទុក ហើយលះបង់និស្ស័យនៃការប្រព្រឹត្តិអំពើបាបដែលមានមកពីកំណើតចេញ។ ចូរឲ្យពួកគេស្គាល់សេចក្តីអំណរនៃការធ្វើការងារដើម្បីព្រះយេស៊ូវ ដើរតាមទ្រង់ដោយធ្វើការលះបង់និងទ្រាំទ្រនឹងការលំបាកដូចពួកទាហានដែលល្អ។ ចូរឲ្យពួកគេរៀនជឿទុកចិត្តលើសេចក្តីស្រឡាញ់របស់ទ្រង់ហើយទុកឲ្យទ្រង់ជាអ្នកមើលថែពួកគេ។ ចូរឲ្យពួកគេស្គាល់សេចក្តីអំណរនៃការជួយដល់អ្នកដទៃឲ្យបានសង្គ្រោះ។ ដោយសេចក្តីស្រឡាញ់និងចាប់អារម្មណ៍ជួយដល់អ្នកដែលបាត់បង់ឬវង្វេង ពួកគេនឹងបាត់អស់សេចក្តីប្រាថ្នាដើម្បីរកផលប្រយោជន៍សម្រាប់តែខ្លួនឯងជាមិនខាន។ សេចក្តីសប្បាយខាងលោកិយនឹងលែងរំភើប ហើយបញ្ហាទុក្ខកង្វល់នៃលោកិយនេះនឹងលែងនាំឲ្យមានការបាក់ទឹកចិត្តទៀតហើយ។សេចក្តីពិតនឹងដំណើរការដោយខ្លួនឯង។ វានឹងបំបែកដីនៃចិត្តដែលមិនទាន់ភ្ជួររាស់។ វាមិនត្រឹមតែកាត់ចុងបន្លាចេញតែប៉ុណ្ណោះទេ ប៉ុន្តែនឹងដកយកវាចេញទាំងឫសផង។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៩៖៣២-៣៤
ខចងចាំ៖ «ខ្ញុំពុំអាចនឹងធ្វើការអ្វីដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជម្រះតាមដែលខ្ញុំឮ ហើយសេចក្តីជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»។ យ៉ូហាន ៥:៣០