​​ ថ្ងៃពុធ ទី១៤​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ តែ​បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។ ហេព្រើរ ១១:៦

អំណានប្រចាំថ្ងៃ៖ ​ព្រះយេស៊ូវហៅអ្នកមានបាបទាំងឡាយឲ្យលន់តួទោស ឬកែប្រែចិត្ត

អ្នកសាបព្រោះមិនមែនជួបតែនឹងការបាក់ទឹកចិត្តជានិច្ចនោះទេ។អំពីគ្រាប់ពូជដែលធ្លាក់ចុះទៅក្នុងដីដែលល្អព្រះអង្គសង្គ្រោះបានមានបន្ទូលថា «តែអ្នកដែលទទួលពូជក្នុងដីល្អវិញនោះគឺជាអ្នកដែលឮព្រះបន្ទូលហើយយល់ក៏បង្កើតផលផ្លែមួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០»។ម៉ាថាយ១៣ៈ២៣។ «តែពូជដែលនៅដីល្អគឺពួកអ្នកដែលមានចិត្តទៀងត្រង់ល្អក៏ឮព្រះបន្ទូលហើយយកចិត្តទុកដាក់រួចបង្កើតផលដោយសេចក្តីអត់ធន់វិញ»។ លូកា ៨ៈ១៥។ រឿងប្រៀបប្រដូចនេះនិយាយអំពីអស់អ្នកដែលមាន«ចិត្តស្មោះត្រង់និងចិត្តល្អ»។ អ្នកទាំងនេះគឺជាអ្នកមានអំពើបាបដែលគ្មានសេចក្តីសង្ឃឹមនៃសេចក្តីសង្គ្រោះ ប៉ុន្តែនៅពេលដែលពួកគេឮដំណឹងល្អជីវិតរបស់ពួកគេក៏បានកែប្រែ។ ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាបប៉ុណ្ណោះ ដើម្បីឲ្យគេកែប្រែចិត្តឡើង»។ ម៉ាកុស ២ៈ១៧។ អ្នកដែលឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងចិត្តរបស់ខ្លួនគឺជាមនុស្សដែលមាន«ចិត្តស្មោះត្រង់»។ អ្នកនោះបានសារភាពទោសកំហុសរបស់ខ្លួនហើយយល់ថាត្រូវការសេចក្តីមេត្តាករុណានិងសេចក្តីស្រឡាញ់ពីព្រះជាម្ចាស់។ អ្នកនោះមានសេចក្តីប្រាថ្នាចង់ដឹងឬស្គាល់សេចក្តីពិតដោយស្មោះ ហើយចង់ធ្វើតាមសេចក្តីពិតនោះ។ ចិត្តដែលល្អគឺជាចិត្តដែលមានជំនឿគឺជាចិត្តដែលមានសេចក្តីជំនឿនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។បើគ្មានសេចក្តីជំនឿគឺមិនអាចទទួលព្រះបន្ទូលបានទេ។ «ដ្បិតអ្នកណា​ដែល​​ចូលទៅឯព្រះ នោះត្រូវតែជឿថាមានព្រះមែន ហើយថាទ្រង់ប្រទានរង្វាន់​ដល់អស់អ្នកដែលស្វែងរកទ្រង់»។ ហេព្រើរ ១១ៈ៦។ «នេះគឺជាអ្នកដែលឮព្រះបន្ទូលហើយយល់»។ នៅក្នុងសម័យកាលព្រះយេស៊ូវ ពួកផារីសុីធ្វើ​ជាមិនឃើញនិងមិនឮដំណឹងល្អហើយចំពោះហេតុផលនេះសេចក្តីពិតមិនអាចកែប្រែចិត្តរបស់ពួកគេបានទេ។ ពួកគេត្រូវទទួលរងការដាក់ទណ្ឌកម្មចំពោះ​ការព្រងើយកន្តើយនិងធ្វើជាមិនឃើញដោយចេតនា។ ព្រះយេស៊ូវបានបង្រៀនដល់ពួកសាវ័ករបស់ទ្រង់ថា ពួកគេត្រូវបើកចិត្តគំនិតទទួល​យក​ការណែនាំហើយត្រៀមខ្លួនទទួលជឿ។ ទ្រង់បានប្រទានពរដល់ពួកគេ ​ពីព្រោះពួកគេបានជឿនូវអ្វីដែលពួកគេបានឃើញនិងបានឮ។

អំណានព្រះគម្ពីរពេលល្ងាច៖ ហេព្រើរ ជំពូក១១

ខចងចាំ៖​​ «ខ្ញុំពុំ​អាច​នឹង​ធ្វើ​ការ​អ្វីដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំជម្រះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​សេចក្តី​ជំនុំជម្រះ​របស់​ខ្ញុំ​ក៏​សុចរិត ពី​ព្រោះ​ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក»។ យ៉ូហាន ៥:៣០

Powered by CAM