ថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើល អ្នកធ្វើស្រែគេរង់ចាំផងវិសេស ដែលកើតពីដីមក ដោយសេចក្តីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវផង។ យ៉ាកុប ៥:៧
អំណានប្រចាំថ្ងៃ៖ ការកកើតឡើងនៃអត្តចរិតពិត គឺប្រើរយៈពេលយូរ
បញ្ហាដែលកើតមានឡើងចំពោះយើងជួយឲ្យយើងបានរីកចម្រើនរឹងមាំខាងឯព្រលឹងវិញ្ញាណ។ ការឈ្នះលើបញ្ហានានាដោយសារកម្លាំងឬអំណាចរបស់ព្រះជាម្ចាស់នឹងចេញជាលទ្ធផលនៅក្នុងការបង្កើតអត្តចរិតរឹងមាំនិងផលផ្លែខាងព្រលឹងវិញ្ញាណ។ ជារឿយៗផលផ្លែនៃសេចក្តីជំនឿការបន្ទាបខ្លួននិងសេចក្តីស្រឡាញ់មានភាពចាស់ទុំ នៅពេលដែលបានជួបប្រទះនឹងបញ្ហានានា។
«មើលអ្នកធ្វើស្រែគេរង់ចាំផលវិសេសដែលកើតពីដីមកដោយសេចក្តីអត់ធ្មត់ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវនឹងចុងរដូវផង»។ យ៉ាកុប ៥ៈ៧។ដូច្នេះអ្នកគ្រីស្ទានគឺត្រូវរង់ចាំដោយក្តីអត់ធ្មត់ឲ្យជីវិតរបស់គេផ្តល់ផលផ្លែដែលបានមកពីព្រះបន្ទូល។ ជាញឹកញាប់ នៅពេលដែលយើងអធិស្ឋានសូមផលផ្លែនៃព្រះវិញ្ញាណ ព្រះជាម្ចាស់ឆ្លើយតបសេចក្តីអធិស្ឋានរបស់យើងដោយទ្រង់ដាក់យើងឲ្យស្ថិតនៅក្នុងស្ថានភាពនានា ដែលបង្កើតជាផលផ្លែទាំងនេះ ប៉ុន្តែយើងមិនយល់ពីគោលបំណងរបស់ទ្រង់ ហើយក៏មានទុក្ខកង្វល់។ តែនៅគ្មានអ្នកណាម្នាក់អាចបង្កើតអត្តចរិតទាំងនេះបានឡើយ លើកលែងតែតាមរយៈដំណើរការនៃការលូតលាស់ និងការបង្កើតផលផ្លែទេ។ ការងាររបស់យើងគឺត្រូវទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់និងត្រូវតោងវាឲ្យជាប់ហើយឲ្យព្រះបន្ទូលនោះគ្រប់គ្រងលើជីវិតរបស់យើងទាំងស្រុង នោះគោលបំណងនៃព្រះបន្ទូលនៅក្នុងយើងនឹងត្រូវបានសម្រេច។
ព្រះយេស៊ូវបានមានបន្ទូលថា«បើអ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះក៏នឹងតាំងទីលំនៅ នៅជាមួយដែរ»។ យ៉ូហាន ១៤ៈ២៣។ ចិត្តគំនិតរបស់យើងនឹងស្ថិតនៅក្នុងការគ្រប់គ្រងរបស់ព្រះដែលមានព្រះទ័យរឹងមាំនិងមានភាពល្អឥតខ្ចោះជាងយើង ពីព្រោះយើងមានទំនាក់ទំនងដែលមានជីវិតជាមួយនិងប្រភពនៃកម្លាំងឬអំណាចលើសពីកម្លាំងឬអំណាចនានាដែលមិនចេះសាបសូន្យ។ នៅក្នុងជីវិតដែលមានលក្ខណៈដូចជាព្រះយើងនឹងត្រូវថ្វាយទៅតាមព្រះហឫទ័យរបស់ព្រះយេស៊ូវ។ យើងនឹងលែងរស់នៅក្នុងជីវិតធម្មតានៃភាពអាត្មានិយម ប៉ុន្តែ ព្រះយេស៊ូវនឹងគង់នៅក្នុងចិត្តយើង។ ចរិតលក្ខណៈរបស់ទ្រង់នឹងត្រូវបណ្តុះនៅក្នុងជីវិតរបស់យើង។ បែបនេះយើងនឹងផ្តល់ផលផ្លែខាងព្រលឹងវិញ្ញាណបរិសុទ្ធ-- «គ្រាប់១បង្កើតបាន៣០ មួយបាន៦០ ហើយមួយបាន១០០»។ ម៉ាកុស៤ៈ៨
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១០៖៥-១៥
ខចងចាំ៖ «ខ្ញុំពុំអាចនឹងធ្វើការអ្វីដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជម្រះតាមដែលខ្ញុំឮ ហើយសេចក្តីជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»។ យ៉ូហាន ៥:៣០