ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តែព្រះអាទិត្យ នៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប សំរាប់ឯងរាល់គ្នាដែលកោតខ្លាចដល់ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោ ដែលលែងចេញពីក្រោល។ ម៉ាឡាគី ៤:២
អំណានប្រចាំថ្ងៃ៖ កាលណាយើងឲ្យព្រះជាម្ចាស់ដឹកនាំជីវិតយើង យើងនឹងមានលក្ខណៈដូចទ្រង់
«តែព្រះអាទិត្យនៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាបសម្រាប់ឯងរាល់គ្នា ដែលកោតខ្លាចដល់ឈ្មោះអញ»។ ម៉ាឡាគី ៤ៈ២។ យើងនឹង«ផ្កាឡើងដូចជាផ្កាចន្ធូ»។ យើងនឹងលាស់ឡើងថ្មីដូចជាសំទូងព្រមទាំងចេញផ្កាដូចជាដើមទំពាំងបាយជូរដែលមានក្លិនដូចជាស្រាទំពាំងបាយជូរ។ ហូសេ ១៤ៈ៥,៧។ ដោយការពឹងពាក់លើព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់យើងជានិច្ចហើយនិងអនុញ្ញាតឲ្យទ្រង់ដឹកនាំជីវិតយើង យើងនឹងមានលក្ខណៈដូចជាទ្រង់។
គ្រាប់ស្រូវកើត «មុនដំបូង ចេញជាស្លឹកបន្ទាប់មកចេញជាផ្កាហើយក្រោយមកទៀតចេញជាគ្រាប់ស្រូវពេញលេញ។ មូលហេតុដែលកសិករសាបព្រោះគ្រាប់ពូជ ហើយនិងយកចិត្តទុកដាក់ចំពោះការដាំស្រូវគឺផលិតគ្រាប់ស្រូវជាផលផ្លែ។ គាត់ចង់បាននំបុ័ងឲ្យដល់អ្នកដែលស្រេកឃ្លាន ហើយនឹងគ្រាប់ពូជសម្រាប់យកទៅដាំនៅពេលអនាគត។ ដូចគ្នានេះដែរព្រះជាម្ចាស់ដែលជាម្ចាស់ចំការ ទ្រង់រង់ចាំច្រូតកាត់ផលជារង្វាន់ដែលបានមកពីការងារនិងការលះបង់របស់ទ្រង់។ ព្រះយេស៊ូវ ប្រឹងប្រែងបណ្តុះបណ្តាលពូជរបស់ទ្រង់នៅក្នុងចិត្តរបស់មនុស្សហើយទ្រង់ធ្វើការងារនេះតាមរយៈអស់អ្នកដែលមានជំនឿលើទ្រង់។ គោលបំណងនៃជីវិតរបស់គ្រីស្ទានគឺបង្កើតជាផលផ្លែមានន័យថាចរិតលក្ខណៈរបស់ព្រះយេស៊ូវត្រូវបានបណ្តុះបណ្តាលនៅក្នុងចិត្តរបស់អ្នកដែលមានជំនឿ ដើម្បីឲ្យវាអាចបណ្តុះបណ្តាលនៅក្នុងចិត្តរបស់អ្នកដទៃបានផងដែរ។
ដើមរុក្ខជាតិមិនកើតមានដុះឡើងឬក៏កើតជាផ្លែដោយឯកឯងនោះទេ ប៉ុន្តែ «ឲ្យពូជពង្រោះដល់អ្នកដែលព្រោះនឹងជាអាហារដល់អ្នកដែលបរិភោគ» អេសាយ៥៥ៈ១០។ ដូច្នេះគ្មានមនុស្សណាត្រូវរស់ដើម្បីតែខ្លួនឯងឡើយ។ គ្រីស្ទានមាននៅក្នុងពិភពលោកដើម្បីជាតំណាងឲ្យព្រះយេស៊ូវ ហើយនាំមនុស្សដទៃឲ្យបានសង្គ្រោះ។ មនុស្សណាដែលចាប់អារម្មណ៍ទៅលើតែខ្លួនឯង នោះនឹងមិនរីកចម្រើនលូតលាស់ឬកើតជាផលផ្លែឡើយ។ បើសិនជាអ្នកបានទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់អ្នក ហើយអ្នកត្រូវបំភ្លេចខ្លួនឯង (មិនអាត្មានិយមគិតតែពីខ្លួនឯងច្រើនហួសហេតុពេក) ហើយព្យាយាមជួយដល់អ្នកដទៃ។ ចូរនិយាយអំពីសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះមនុស្សប្រាប់ពួកគេអំពីសេចក្តីល្អរបស់ទ្រង់។ ចូរធ្វើអ្វីៗដែលអ្នកអាចធ្វើទៅបានដើម្បីជួយដល់ពួកគេ។ ចូរគិតពីសេចក្តីសង្គ្រោះដល់អ្នកដទៃហើយធ្វើអ្វីៗដែលអ្នកអាចធ្វើទៅបានដើម្បីជួយសង្គ្រោះដល់អ្នកដែលវង្វេងឬបាត់បង់ខាងឯព្រលឹងវិញ្ញាណ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១០៖៤០-៤២
ខចងចាំ៖ «តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេ»។ កាឡាទី ៥:២២-២៣