​​ ថ្ងៃសុក្រ ទី២៣​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៣-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់​នឹង​សេចក្តី​យ៉ាង​នោះ​ទេ។ កាឡាទី ៥:២២-២៣

អំណានប្រចាំថ្ងៃ៖ ផលផ្លែនៃព្រះវិញ្ញាណ គឺជាសេចក្តីស្រឡាញ់

ខណៈពេលដែលអ្នកទទួលព្រះវិញ្ញាណរបស់ព្រះយេស៊ូវដែលជាព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ដែលមិនអាត្មានិយមហើយធ្វើការដើម្បីអ្នកដទៃអ្នកនឹងរីកចម្រើនហើយនិងកើតបានជាផលផ្លែ។ ផលផ្លែនៃព្រះវិញ្ញាណ​នឹងធ្វើឲ្យចរិតលក្ខណៈរបស់អ្នកមានភាពចាស់ទុំ។ សេចក្តីជំនឿ​របស់អ្នក​នឹងកើនឡើង ជំនឿរបស់អ្នកនឹងបានសុីជម្រៅ សេចក្តីស្រឡាញ់របស់អ្នកនឹងត្រូវបានធ្វើឲ្យល្អឥតខ្ចោះ។ យូរៗទៅអ្នកនឹងឆ្លុះបង្ហាញឲ្យឃើញនូវលក្ខណៈដូចជាព្រះយេស៊ូវនៅគ្រប់យ៉ាងដែលបរិសុទ្ធថ្លៃថ្នូរនិងគួរឲ្យស្រឡាញ់។

«តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរ​អរ​មេត្រីភាព​ អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។ កាឡាទី ៥ៈ២២,២៣។​​ ផលផ្លែទាំងនេះមិនអាចខូចទេ ប៉ុន្តែនឹងកកើតផលដូចជាខ្លួនវាដែលនាំឆ្ពោះទៅរកជីវិតអស់កល្ប។

«លុះដល់កាលណាផ្លែទុំហើយក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ» ម៉ាកុស ៤ៈ២៩។ ព្រះយេស៊ូវកំពុង​តែរង់ចាំ​ដោយចង់បណ្តុះបណ្តាលចរិតលក្ខណៈរបស់ទ្រង់នៅក្នុងក្រុមជំនុំរបស់ទ្រង់។ នៅពេលដែលចរិតលក្ខណៈរបស់ព្រះយេស៊ូវត្រូវបានបណ្តុះបណ្តាលបានល្អឥតខ្ចោះនៅក្នុងរាស្ត្ររបស់ទ្រង់ហើយ នោះទ្រង់នឹងយាងមកទទួលយកពួកគេធ្វើជារាស្ត្រ ឬជាកូនចៅរបស់ផងទ្រង់។

វាគឺជាឯកសិទ្ធិរបស់គ្រីស្ទានរាល់រូបមិនត្រឹមតែសម្រាប់ការរង់ចាំប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់ពន្លឿនការយាងមករបស់ព្រះយេស៊ូវគ្រីស្ទជាព្រះនៃយើង (ពេត្រុសទី២ ៣ៈ១២)។ បើសិនជាអស់អ្នកទាំងឡាយណាដែលហៅខ្លួនឯងថាជាគ្រីស្ទានផ្តល់ផលផ្លែដើម្បីសិរីល្អរបស់ទ្រង់ នោះការសាបព្រោះគ្រាប់ពូជនៃដំណឹងល្អនៅក្នុងពិភពលោកទាំងមូលមិនដឹងជាបានលឿនយ៉ាងណាទេ។ មិនយូរទេ ស្រូវដែលនៅចុងក្រោយនឹងឆាប់ទុំ ហើយព្រះយេស៊ូវនឹងយាងមកប្រមូលផលស្រូវដែលល្អនោះ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១១៖១-១៩

ខចងចាំ៖​​ «តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់​នឹង​សេចក្តី​យ៉ាង​នោះ​ទេ»។ កាឡាទី ៥:២២-២៣

Powered by CAM