ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ គឺកូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត និងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ គ្រានោះ ពួកសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងនគររបស់ព្រះវរបិតានៃគេ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ ម៉ាថាយ ១៣:៤១-៤៣
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់វិនិច្ឆ័យ ឬកាត់ក្តីចេញពីព្រះទ័យ
មនុស្សជាច្រើនដែលអ្នកជិតខាងរបស់ពួកគេគិតថានឹងមិនអាចចូលទៅនគរឋានសួគ៌បាននឹងបានទៅនគរឋានសួគ៌។ មនុស្សមើលតែពីសំបកក្រៅ រីឯព្រះជាម្ចាស់វិញទ្រង់មើលទៅលើចិត្ត។ ស្រង៉ែនិងស្រូវសាឡីត្រូវដុះជាមួយគ្នារហូតដល់ពេលច្រូត ហើយរដូវចម្រូតគឺជាពេលចុងបញ្ចប់នៃការសាកល្បង មុនគ្រោះកាចចង្រៃទាំង៧ចូលមកដល់។
គឺមានមេរៀន១ទៀតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះគឺមេរៀនអំពីសេចក្តីអត់ធ្មត់ដ៏អស្ចារ្យនិងសេចក្តីស្រឡាញ់ដ៏ស្រទន់។ កាលណាស្រង៉ែចាក់ឫសវ័ណ្ឌគ្នាជាមួយអស់អ្នកដែលជាគ្រាប់ពូជល្អ ដូច្នេះសាវ័កក្លែងក្លាយអាចមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងសាវ័កពិតប្រាកដដែរ។ ចរិតលក្ខណៈពិតប្រាកដរបស់អ្នកជឿដោយពុតត្បុតនេះមើលមិនឃើញច្បាស់ទាំងស្រុងនោះទេ។ បើសិនពួកគេត្រូវញែកចេញពីព្រះវិហារអ្នកដែលនៅស្មោះត្រង់អាចជំពប់ដួលបានដោយសារតែអ្នកនោះ។
ការបង្រៀនរឿងប្រៀប្រដូចនេះគឺបានបង្ហាញអំពីផ្លូវដែលព្រះជាម្ចាស់ដោះស្រាយជាមួយមនុស្សនិងពួកទេវតា។ សាតាំងគឺជាមេបោកប្រាស់។កាលសាតាំងបានប្រព្រឹត្តបាបនៅនគរឋានសួគ៌សូម្បីតែពួកទេវតាដែលស្មោះត្រង់ក៏មិនយល់ច្បាស់ពីអត្តចរិតរបស់វាទាំងស្រុងដែរ។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនបានបំផ្លាញសាតាំងចោលភ្លាមៗ។ បើសិនជាទ្រង់បានធ្វើដូច្នោះមែនពួកទេវតាបរិសុទ្ធនឹងមិនបានឃើញអំពើយុត្តិធម៌និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ។
បើសិនជាទេវតាណាមានហេតុផលនឹងសង្ស័យលើអំពើល្អរបស់ព្រះជាម្ចាស់គឺវាដូចជាគ្រាប់ពូជអាក្រក់ដែលនឹងផ្តល់លទ្ធផលនៅក្នុងអំពើបាបនិងភាពទុក្ខព្រួយ។ ដូច្នេះហើយសាតាំងដែលជាអ្នកបង្កអំពើអាក្រក់មិនត្រូវបានបំផ្លាញភ្លាមៗនោះទេ ទុកពេលឲ្យវាកែប្រែអត្តចរិតទាំងមូលចេញ។ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ព្រះជាម្ចាស់ទ្រង់បៀមការឈឺចាប់ទ្រាំមើលនូវអ្វីដែលអំពើបាបបានធ្វើចំពោះមនុស្ស។ ព្រះជាម្ចាស់អាចទុកមនុស្សឲ្យទទួលការបោកប្រាស់ដោយសារការភូតកុហករបស់សាតាំងបាន ប៉ុន្តែទ្រង់បែរជាប្រទាននូវអំណោយដោយមិនគិតថ្លៃ គឺជាព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់ឲ្យសុគតនៅលើឈើឆ្កាងនៅកាល់វ៉ារី។ ស្រង៉ែមិនអាចដកចេញដោយមិនមានការប៉ះពាល់ឬគ្រោះថ្នាក់ដល់ឫសរុក្ខជាតិដែលល្អនោះទេ។ តើយើងត្រូវអត់ធ្មត់ជាមួយមនុស្សដូចជាខ្លួនយើងដូចដែលព្រះជាម្ចាស់នៃនគរឋានសួគ៌និងនៅផែនដីបានអត់ធ្មត់ចំពោះសាតាំងដែរឬទេ?
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១១៖២៨-៣០
ខចងចាំ៖ «ដល់ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះ គេនឹងយំ ហើយសង្កៀតធ្មេញ»។ ម៉ាថាយ ១៣:៤៩-៥០