​​ ថ្ងៃអង្គារ ទី២៧​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ខ្មាំងសត្រូវ​ដែល​ប្លម​ព្រោះ​ស្រងែ​នោះ គឺ​ជា​អារក្ស ចំរូត គឺ​ជា​បំផុត​កល្ប ហើយ​ពួក​ច្រូត​នោះ គឺ​ជា​ពួក​ទេវតា ដូច្នេះ ដែល​គេ​ច្រូត​ស្រងែ​ដុត​បន្សុស​ក្នុង​ភ្លើង​ជា​យ៉ាង​ណា នោះ​ដល់​បំផុត​កល្ប​ក៏​នឹង​បាន​ដូច្នោះ​ដែរ។ ម៉ាថាយ ១៣:៣៩-៤០

អំណានប្រចាំថ្ងៃ៖ ​ចូរកុំឲ្យគ្រីស្ទានដែលមានចិត្តមិនសោ្មះត្រង់ មកបំបែរ អ្នកចេញពីព្រះយេស៊ូវឲ្យសោះ

លោកិយគ្មានសិទ្ធិសង្ស័យលើសេចក្តីពិតរបស់គ្រីស្ទសាសនាឡើយពីព្រោះមានគ្រីស្ទានដែលមិនស្មោះត្រង់នៅក្នុងព្រះវិហារ ហើយគ្រីស្ទានក៏មិនត្រូវបាត់បង់សេចក្តីជំនឿដោយសារតែសមាជិកក្លែងក្លាយនេះដែរ។ តើវាយ៉ាង​​ម៉េចដែរ ជាមួយនិងព្រះវិហារនៅសម័យមុន? អាន្ន៉ានាសនិងសាភីរ៉ា​បាន​ចុះ​ចូលខ្លួនជាមួយនិងពួកសាវ័ក។ សុីម៉ូនម៉ាហ្កឹសបានធ្វើបុណ្យជ្រមុជទឹក។ ដេម៉ាសដែលបានបោះបង់ឬចាកចេញពីប៉ុលធ្លាប់បានរាប់បញ្ចូលជាអ្នកជឿ​ម្នាក់ដែរ។ យូដាសអ៊ីស្ការីយ៉ុតត្រូវបានរាប់ចូលជាមួយពួកសាវ័ក។ ព្រះដ៏​ប្រោសលោះមិនចង់បាត់បង់នរណាម្នាក់នោះទេ បទពិសោធរបស់ព្រះយេស៊ូវ​ជាមួយយូដាសត្រូវបានកត់ត្រាទុកដើម្បីបង្ហាញភាពអត់ធ្មត់ដ៏យូរអង្វែងរបស់ទ្រង់ ជាមួយនិងចរិតដែលមានបាបរបស់មនុស្ស ហើយទ្រង់សូមយើងឲ្យស៊ូទ្រាំដូចគ្នាដែរ។ ទ្រង់បានមានបន្ទូលថាអ្នកជឿក្លែងក្លាយនឹងឃើញមាននៅក្នុងព្រះវិហាររហូតជិតដល់ពេលចុងបញ្ចប់។

ថ្វីបើមានការព្រមានរបស់ព្រះយេស៊ូវក៏ដោយក៏មនុស្សបានព្យាយាមដកដើមស្រង៉ែទាំងឫសចេញ។ ព្រះវិហារបានប្រើអំណាចរដ្ឋាភិបាលមកដាក់ទោស អស់អ្នកដែលពួកគេគិតថាបានធ្វើអំពើអាក្រក់ ព្រះវិហារបាន​រកជំនួយ​ពីអំណាចសុីវីល។ តាមការបញ្ជាដែលអះអាងថាធ្វើការដើម្បី​ព្រះយេស៊ូវ អស់អ្នកដែលជឿខុសពីគោលលទ្ធិរបស់ព្រះវិហារធ្លាប់បានចាប់ដាក់គុកត្រូវធ្វើទុក្ខទោស ហើយនិងកាត់ទោសប្រហារជីវិត។ ប៉ុន្តែ វាគឺជាវិញ្ញាណរបស់​សាតាំងទេ មិនមែនជាព្រះវិញ្ញាណរបស់ព្រះយេស៊ូវនោះឡើយដែលបណ្តាលចិត្ត​ឲ្យ​ធ្វើអំពើទាំងនោះ។ វិធីសាស្ត្ររបស់សាតាំងនេះនាំយកលោកិយឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វា។ ព្រះជាម្ចាស់ត្រូវបានគេយល់ខុសតាមរយៈព្រះវិហារ​ដោយសារការដោះស្រាយរបៀបនេះជាមួយអស់អ្នកដែលមានជំនឿក្លែងក្លាយ។

រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវបង្រៀនយើងឲ្យចេះបន្ទាបខ្លួននិងមិនជឿទុកចិត្តខ្លួនឯងជាជាងរិះគន់និងផ្តន្ទាអ្នកដទៃ។ មិនមែនគ្រប់គ្រាប់​ពូជ​ដែលសាបព្រោះនៅក្នុងស្រែទាំងអស់សុទ្ធតែជាគ្រាប់ពូជល្អនោះទេ។ ការពិតនោះគឹមនុស្សដែលនៅក្នុងព្រះវិហារមិនបង្ហាញឲ្យឃើញថាខ្លួនពិតជាគ្រីស្ទានមែន។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ១៥៖ ១-៧

ខចងចាំ៖​​ «ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ»។ ម៉ាថាយ ១៣:៤៩-៥០

Powered by CAM