​​ ថ្ងៃអាទិត្យ ទី៤​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង។ ម៉ាថាយ ៦:២០

អំណានប្រចាំថ្ងៃ៖ ​ការព្រួយបារម្ភនៃជីវិតនេះអាចធ្វើឲ្យយើងបាត់បង់​​នូវ​ភាពជាគ្រីស្ទានរបស់យើងបាន

«ហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូលរួចសេចក្តីខ្វល់ខ្វាយនៅជីវិតនេះនិងសេចក្តីឆបោករបស់ទ្រព្យសម្បត្តិមកខ្ចប់ព្រះបន្ទូលជាប់មិនឲ្យពូជនោះកើតផលឡើយ»។ គ្រាប់ពូជនៃ​ដំណឹងល្អជារឿយៗតែងតែធ្លាក់នៅក្នុងដីដែលមានបន្លា និងស្មៅដែលឥតប្រយោជន៍។បើសិនជាចិត្តមិនកែប្រែឲ្យមានសីលធម៌ល្អឡើងវិញ បើសិនជាមិនព្រមលះបង់ទម្លាប់ចាស់និងការប្រព្រឹត្តិបាបដូចជីវិតកាលពីពេលមុន បើសិនជាមិនបណ្តេញឬបោះបង់ចោលនូវអ្វីដែលនៅជាប់ពាក់ព័ន្ធជាមួយនឹងសាតាំងចេញពីខ្លួនទេ នោះស្រូវនឹងត្រូវស្មៅទាំងនោះដុះលប់លើហើយ។ បន្លានឹងដុះជិតដំណាំហើយនឹងសម្លាប់ស្រូវអស់ជាមិនខាន។

ចិត្តដែលតែងតែត្រៀមទទួលយកគ្រាប់ពូជល្អនៃសេចក្តីពិតគឺជាកន្លែងដែលព្រះគុណរីកចម្រើនរឹងមាំ។ បន្លានៃអំពើបាបនឹងដុះនៅលើដីគ្រប់ប្រភេទដោយមិនចាំបាច់ដាំវាឡើយ ប៉ុន្តែព្រះគុណត្រូវតែដាំដោយយកចិត្តទុកដាក់។ បន្លាតែងតែត្រៀមខ្លួនដុះឡើងជានិច្ច ហើយការងារនៃការធ្វើឲ្យបរិសុទ្ធ ត្រូវ​តែបន្តដំណើរទៅមុខផងដែរ។ បើសិនព្រះជាម្ចាស់មិនបានគ្រប់គ្រងចិត្តបើសិនជាព្រះវិញ្ញាណបរិសុទ្ធមិនបានផ្តល់សេរីភាពឲ្យធ្វើការឥតឈប់ឈរដើម្បីដុសខាត់និងធ្វើឲ្យអត្តចរិតបានល្អស្អាតឡើងវិញទេនោះទម្លាប់ចាស់​នឹង​បង្ហាញខ្លួននៅក្នុងជីវិតមកវិញទៀតហើយ។ មនុស្សអាចអះអាងថាជឿលើ​ដំណឹងល្អ ប៉ុន្តែទាល់តែពួកគេបានបរិសុទ្ធសិន បើមិនដូច្នោះទេការអះអាងរបស់ពួកគេគ្មានប្រយោជន៍ទេ។ បើសិនជាពួកគេមិនបានឈ្នះលើអំពើបាបនោះអំពើបាបឈ្នះលើពួកគេហើយ។ បន្លាដែលបានកាប់ចោល ប៉ុន្តែមិនបាន​ដកទាំងឫសចេញទេ នោះវានឹងដុះឡើងវិញរហូតដល់ខ្លួនត្រូវគ្របដណ្តប់ដោយបន្លាទាំងនោះ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៨៖១៤-១៧

ខចងចាំ៖​​ «ឯ​ចង្កៀង​របស់​រូបកាយ គឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូបកាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ តែ​បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូបកាយ​អ្នក​ទាំង​មូលនឹង​ត្រូវ​ងងឹត​សូន្យ យ៉ាង​នោះ បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្តី​ងងឹត​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អម្បាលម៉ាន​ទៅ​ហ្ន៎»។ ម៉ាថាយ ៦:២២-២៣

Powered by CAM