​​ ថ្ងៃអង្គារ ទី៦​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។ ម៉ាថាយ ៦ៈ២១

អំណានប្រចាំថ្ងៃ៖ ​ការស្វែងរកទ្រព្យធនអាចនាំយើងឲ្យឃ្លាតចេញ​ឆ្ងាយ​​ពីព្រះបាន

មនុស្សជាច្រើនដែលអាចធ្វើការដើម្បីទ្រង់ ចំណាយពេលព្យាយាមដើម្បីក្លាយទៅជាអ្នកមានវិញ។ ពួកគេប្រើប្រាស់កម្លាំងនៅក្នុងការរកសុីហើយមិនមានពេលសម្រាប់ខាងព្រលឹងវិញ្ញាណឡើយ។ ដោយហេតុនេះពួកគេញែកខ្លួនចេញពីព្រះជាម្ចាស់។ ព្រះគម្ពីរប្រាប់យើងថា «កុំឲ្យយើងខ្ជិលនៅក្នុងការងាររកសុី»។ រ៉ូម១២ៈ១១។ យើងត្រូវធ្វើការដើម្បីឲ្យយើងអាចជួយដល់អ្នកដែលក្រីក្រឬខ្វះខាត។ គ្រីស្ទានត្រូវធ្វើការងារ ពួកគេត្រូវប្រកបការងាររកសុីហើយពួកគេអាចធ្វើការងារនេះដោយមិនប្រព្រឹត្តិអំពើបាប។ ប៉ុន្តែមានមនុស្សជាច្រើនរវល់តែប្រកបរបររកសុីខ្លាំងពេកដល់ថ្នាក់គ្មានពេលអធិស្ឋានគ្មានពេលរៀនព្រះគម្ពីរ គ្មានពេលស្វែងរកនិងបម្រើព្រះជាម្ចាស់។ ជួនកាលចិត្តរបស់គេចង់បានអ្វីៗខាងឯព្រលឹងវិញ្ញាណ ប៉ុន្តែគ្មានពេលនឹងងាកចេញពីរបររកសុីនៅក្នុងលោកិយនេះដើម្បីស្តាប់ព្រះបន្ទូលដ៏វិសេសវិសាលនិងមានឫទ្ធានុភាពនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ អ្វីដែលសំខាន់ចំពោះនគររបស់ព្រះជាម្ចាស់ក៏លែងមានសារៈសំខាន់ទៀតដែរ ហើយអ្វីដែលមិនសំខាន់ខាងលោកិយប្រែក្លាយទៅជាសំខាន់ទៅវិញ។ វាមិនអាចធ្វើឲ្យគ្រាប់ពូជនៃ​ព្រះបន្ទូល​កកើតជាចរិតលក្ខណៈល្អបានទេ ពីព្រោះជីវិតមនុស្សមានបន្លានៃអំពើបាបទៅហើយ។

មនុស្សជាច្រើនដែលធ្វើការនៅក្នុងគោលបំណងត្រឹមត្រូវក៏ធ្លាក់ខ្លួនប្រព្រឹត្តិខុសដូចគ្នា។ ពួកគេធ្វើការដើម្បីផលប្រយោជន៍អ្នកដទៃពួកគេជាប់រវល់ឥត​ឈប់ឈរ​ពួកគេមានការងារដែលត្រូវទទួលខុសត្រូវច្រើន ហើយដោយសារតែការងារនោះ ធ្វើឲ្យពួកគេគ្មានពេលសម្រាប់ព្រះជាម្ចាស់។ ពួកគេមិនយកចិត្តទុកដាក់នឹងចំណាយពេលជាមួយព្រះជាម្ចាស់ នៅក្នុងការអធិស្ឋាននិងរៀនព្រះបន្ទូលរបស់ទ្រង់។ ពួកគេភ្លេចថាព្រះយេស៊ូវបានមានបន្ទូលថា «ដ្បិតបើដាច់ពីខ្ញុំចេញនោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ»។ យ៉ូហាន ១៥ៈ៥។ ពួកគេរស់នៅក្នុងជីវិតដែលឃ្លាតដាច់ចេញពីព្រះយេស៊ូវហើយអត្តចរិត លក្ខណៈក៏បានបង្ហាញចេញមកឲ្យឃើញ។ ការងារដែល​ពួក​​គេ​ធ្វើត្រូវខូចបង់ដោយ​សារ​តែពួក​​គេ​ចង់​ប្រើអំណាច ហើយបញ្ហាផ្សេងៗទៀតដែលពួកគេធ្វើគឺមិនមានលក្ខណៈដូចព្រះគ្រីស្ទ។ នេះគឺជាហេតុផលសំខាន់ចំពោះការបរាជ័យនៅក្នុងការងារអ្នកគ្រីស្ទាន។ ហេតុនេះហើយបានជាការងារបានទទួលផលតិចតួច។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៨៖២៣-២៧

ខចងចាំ៖​​ «ឯ​ចង្កៀង​របស់​រូបកាយ គឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូបកាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ តែ​បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូបកាយ​អ្នក​ទាំង​មូលនឹង​ត្រូវ​ងងឹត​សូន្យ យ៉ាង​នោះ បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្តី​ងងឹត​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អម្បាលម៉ាន​ទៅ​ហ្ន៎»។ ម៉ាថាយ ៦:២២-២៣

Powered by CAM