​​ ថ្ងៃពុធ ទី៧​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ កុំ​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ ។ ម៉ាថាយ ៦:១៩

អំណានប្រចាំថ្ងៃ៖ ​ទ្រព្យធន អាចធ្វើឲ្យយើងដូចសាតាំងបាន

«ការបញ្ឆោតនៃទ្រព្យសម្បត្តិ»។ ការស្រឡាញ់លុយកាក់ធ្វើឲ្យទាក់ទាញចិត្តគំនិតនិងបញ្ឆោតចិត្ត។ មនុស្សដែលមានទ្រព្យសម្បត្តិច្រើននៅក្នុងលោកិយនេះច្រើនតែភ្លេចថាព្រះជាអ្នកប្រទានកម្លាំងឬអំណាចដើម្បីរកទ្រព្យសម្បត្តិទាំងនោះមកទេ។ ពួកគេនិយាយថា«គឺដោយឥទ្ធិឫទ្ធិ ហើយនឹងកម្លាំង​ដៃនៃអញទេ ដែលអញបានទ្រព្យសម្បត្តិទាំងនេះ»។ ចោទិយកថា ៨ៈ១៧។ទ្រព្យសម្បត្តិដែលយើងមានត្រូវធ្វើឲ្យយើងដឹងគុណដល់ព្រះជាម្ចាស់ ប៉ុន្តែវាបែរជាធ្វើឲ្យយើងមានអំនួតទៅវិញ។ ការដឹងពីសេចក្តី​ត្រូវការពឹងពាក់ទៅលើព្រះជាម្ចាស់បានបាត់បង់ ហើយក៏បានភ្លេចតួនាទីនៃការថែរក្សាអ្នកជិតខាងរបស់យើងដែរ។ ពួកគេមិនបានទុកទ្រព្យសម្បត្តិជារបស់ប្រើសម្រាប់ថ្វាយសិរីល្អដល់ព្រះជាម្ចាស់និងប្រើជាផលប្រយោជន៍ដល់មនុស្សនោះទេតែបែរជាទុកវាជារបស់សម្រាប់បម្រើខ្លួនពួកគេទៅវិញ។ ទ្រព្យសម្បត្តិគួរតែជារបស់សម្រាប់បង្កើតចរិតលក្ខណៈរបស់ព្រះនៅក្នុងខ្លួនមនុស្ស ប៉ុន្តែទ្រព្យសម្បត្តិនោះបែរជាធ្វើឲ្យមនុស្សមានលក្ខណៈដូចជាសាតាំងទៅវិញ។គ្រាប់ពូជនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបន្លាដុះបោកគឺជាការសប្បាយនៃជីវិតនេះ។ មានគ្រោះថ្នាក់នៅក្នុងការលេងកម្សាន្តសប្បាយ​ដែលគ្រាន់តែធ្វើឲ្យមនុស្សមានអារម្មណ៍ល្អប៉ុណ្ណោះ។ ទម្លាប់នៃការបណ្តែតបណ្តោយទៅតាមអារម្មណ៍ដែលធ្វើឲ្យកម្លាំងរាងកាយថយចុះដែលធ្វើឲ្យចិត្តគំនិតច្របូកច្របល់ឬក៏ការពារមិនឲ្យយល់ដឹងខាងព្រលឹងវិញ្ញាណបានជ្រៅជ្រះគឺជា«សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមដែលតយុទ្ធនឹងព្រលឹងវិញ្ញាណ»។ពេត្រុសទី១ ២ៈ១១។

«ហើយសេចក្តីប៉ងប្រាថ្នានៃរបស់ ឬរឿងផ្សេងៗទៀត»។ រឿងឬរបស់អស់ទាំងនេះផ្ទាល់មិនចំជាបាបនោះទេ ប៉ុន្តែកាលណាវាកាន់តែក្លាយទៅជារបស់ដែលសំខាន់ជាងនគររបស់ព្រះនោះវាក្លាយទៅជាអំពើបាប។ អ្វីៗដែលទាក់ទាញអារម្មណ៍និងចិត្តឲ្យចេញឆ្ងាយពីព្រះគឺជាសត្រូវនៃព្រលឹងវិញ្ញាណ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៨៖២៨-៣៤

ខចងចាំ៖​​ «ឯ​ចង្កៀង​របស់​រូបកាយ គឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូបកាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ តែ​បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូបកាយ​អ្នក​ទាំង​មូលនឹង​ត្រូវ​ងងឹត​សូន្យ យ៉ាង​នោះ បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្តី​ងងឹត​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អម្បាលម៉ាន​ទៅ​ហ្ន៎»។ ម៉ាថាយ ៦:២២-២៣

Powered by CAM