ថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ គឺដោយព្រោះព្រះយេហូវ៉ាទ្រង់ស្រឡាញ់ឯងរាល់គ្នាវិញ ហើយដោយព្រោះទ្រង់ចង់កាន់តាមសេចក្តីសម្បថដែលទ្រង់បានស្បថ និងពួកអយ្យកោឯង បានជាទ្រង់នាំឯងចេញមក ដោយព្រះហស្តដ៏មានព្រះចេស្តា ហើយបានលោះឯងពីផ្ទះពួកបាវបំរើ គឺពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក ដូច្នេះចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្តីសញ្ញា ហើយនឹងសេចក្តីសប្បុរសដរាបដល់ទាំងពាន់ដំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ហើយកាន់តាមបញ្ញត្តរបស់ទ្រង់។ ចោទិយកថា ៧:៨-៩
អំណានប្រចាំថ្ងៃ
កូនចៅអ៊ីស្រាអែលបានធ្វើតាមការណែនាំដែលព្រះបានប្រាប់ដល់ពួកគេ ហើយខណៈពេលដែលទេវតានៃសេចក្តីស្លាប់បានយាងកាត់ពីផ្ទះមួយទៅផ្ទះមួយក្នុងចំណោមផ្ទះរបស់សាសន៍អេស៊ីព្ទ នោះពួកអ៊ីស្រាអែលបានរៀបចំខ្លួនរួចជាស្រេចសម្រាប់ការធ្វើដំណើររបស់ពួកគេ ហើយគេកំពុងរង់ចាំស្តេចដ៏រឹងរូសនិងនាមុឺនរបស់ទ្រង់អនុញ្ញាតឱ្យពួកគេចេញទៅតែប៉ុណ្ណោះ។
«រីឯនៅកណ្តាលអធ្រាត្រក្នុងយប់នោះ ព្រះយេហូវ៉ាទ្រង់ក៏វាយកំទេចអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ ចាប់តាំងពីបុត្រច្បងរបស់ផារ៉ោន ដែលគង់លើបល្ល័ង្ករាជ្យរហូតដល់កូនច្បងអ្នកទោសនៅក្នុងគុក ព្រមទាំងកូនច្បងនៃអស់ទាំងសត្វផង ផារ៉ោនទ្រង់ក៏តើនទ្បើងទាំងយប់ ព្រមទាំងពួកមហាតលិកទ្រង់និងពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា នោះក៏ឮសម្រែកទ្រហោយំ នៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះឯណាមួយដែលមិនមានម្នាក់ស្លាប់នោះទេ ផារ៉ោនទ្រង់មានបន្ទូលហៅ ម៉ូសេនិងអើរ៉ុនមកទាំងយប់ប្រាប់ថា ចូរឯងរាល់គ្នាក្រោកទ្បើងនាំគ្នាចេញពីកណ្តាលរាស្ត្រអញនេះទៅព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង ចូរទៅថ្វាយបង្គំដល់ព្រះយេហូវ៉ា ដូចជាឯងរាល់គ្នាបានសូមនោះចុះ ចូរនាំទាំងហ្វូងចៀមហ្វួងគោទៅផង ដូចជាបានសូម ហើយទៅចុះ ហើយសូមឱ្យពរដល់អញផង។ ពួកសាសន៍អេស៊ីព្ទក៏បង្ខំពួកអ៊ីស្រាអែលឱ្យចេញទៅជាប្រញាប់ពីស្រុករបស់ពួកគេដោយពាក្យថាយើងស្លាប់ទាំងអស់គ្នាហើយ។
«ពួកកូនចៅអ៊ីស្រាអែលក៏យកម្សៅដែលមិនទាន់ដាក់ដំបែរ និងស្នាចសម្រាប់លាយម្សៅរុំក្នុងអាវគេលីទៅ។ ក៏ធ្វើតាមបង្គាប់ម៉ូសេ គឺគេសូមគ្រឿងមាសគ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ ហើយព្រះយេហូវ៉ាទ្រង់ក៏ធ្វើឱ្យពួកកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ដល់ម៉្លេះបានជាគេចែកឱ្យតាមដែលសូមហើយនោះ គេក៏បង្ហិនបង្ហោចដល់ពួកសាសន៍អេស៊ីព្ទ។
ព្រះយេហូវ៉ាទ្រង់បានបើកសម្តែងពីការនេះឱ្យលោកអ័ប្រាហាំឃើញ តាំងពីមុនរឿងនេះបានកើតឡើង ប្រហែល៤០០ឆ្នាំ «រួចទ្រង់មានបន្ទូលប្រាប់អាប់រ៉ាមថា ចូរដឹងជាប្រាកដថាពូជឯងនឹងត្រូវទៅជាអ្នកដទៃ នៅស្រុកមួយដែលមិនមែនជាស្រុករបស់ផងខ្លួន ហើយត្រូវបំរើពួកស្រុកនោះ ដែលគេនឹងសង្កត់សង្កិនឯងអស់រវាង៤០០ឆ្នាំ តែអញនឹងជំនុំជម្រះសាសន៍ដែលឯងត្រូវបំរើនោះ រួចពីនោះមក ពូជឯងនឹងចេញមកទាំងមានទ្រព្យសម្បត្តិជាច្រើនវិញ»។ លោកុប្បត្តិ ១៥:១៣-១៤។
«ក៏មានមនុស្សសន្ធឹក គ្រប់បែបយ៉ាងទៅជាមួយដែរ ព្រមទាំងហ្វូងគោ ហ្វូងចៀម ជាហ្វូងសត្វមានប្រមាណសន្ធឹកណាស់»។ កូនចៅអ៊ីស្រាអែលបានធ្វើដំណើរចេញពីប្រទេសអេស៊ីព្ទជាមួយទ្រព្យសម្បត្តិជាច្រើន ដែលមិនមែនជាកម្មសិទ្ធិរបស់ស្តេចផារ៉ោននោះឡើយ ព្រោះពួកគេមិនដែលបានលក់វាឱ្យទៅទ្រង់ទេ។ លោកយ៉ាកុបនិងកូនប្រុសៗរបស់គាត់បានយកហ្វូងចៀមនិងហ្វូងគោទៅជាមួយ ចូលទៅក្នុងប្រទេសអេស៊ីព្ទ។ កូនចៅអ៊ីស្រាអែលបានក្លាយជាសាសន៍មួយដ៏មានចំនួនច្រើនក្រៃលែង ហើយទាំងហ្វូងចៀម និងហ្វូងគោរបស់ពួកគេបានកើនទ្បើងយ៉ាងអស្ចារ្យ។ ព្រះយេហូវ៉ាទ្រង់បានជំនុំជម្រះជនជាតិអេស៊ីព្ទ ដោយការបញ្ជូនសេចក្តីវេទនាជាច្រើនមកលើពួកគេ ហើយបានធ្វើឱ្យពួកគេបង្ខំឱ្យរាស្ត្ររបស់ទ្រង់ចាកចេញទៅជាប្រញាប់ជាមួយអ្វីៗទាំងអស់ដែលពួកគេមាន។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ១២:២៩-៣៩
ខចងចាំ៖ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តីសប្បុរស សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្តីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ យេរេមា ៩:២៣-២៤