ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៤:១៩
អំណានប្រចាំថ្ងៃ ទឹកចេញពីថ្ម
ពួកកូនចៅអ៊ីស្រាអែលទាំងអស់ក៏ចេញពីទីរហោស្ថានសីន ក៏ដំឡើងត្រសាលនៅត្រង់ រេធីឌីម នៅទីនោះគ្មានទឹកឱ្យពួកគេផឹកសោះ។ បានជាគេរករឿងឈ្លោះនឹងម៉ូសេ ដោយពាក្យថា ចូរឱ្យទឹកមកយើងរាល់គ្នាផឹកផង ម៉ូសេឆ្លើយតបថា ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ អ្នករាល់គ្នាចង់ល្បងលព្រះយេហូវ៉ាធ្វើអ្វី នៅទីនោះបណ្តាជនក៏ស្រេកទឹកជាខ្លាំង ហើយគេត្អួញត្អែរដាក់ម៉ូសេថាហេតុអ្វីបានជាលោកនាំពួកយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីសម្លាប់យើងព្រមទាំងកូនចៅនិងហ្វូងសត្វយើងផង ដោយស្រេកទឹកដូច្នេះ? នោះម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា តើឱ្យទូលបង្គំធ្វើដូចម្តេចនឹងពួកនេះ គេចង់ចោលទូលបង្គំនឹងថ្មហើយ។«ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរឯងដើរទៅខាងមុខគេទាំងនាំពួកចាស់ទុំសាសន៍ អ៊ីស្រាអែលទៅជាមួយ ហើយយកដំបងដែលឯងបានវាយទឹកទន្លេនោះជាប់នៅដៃផង មើលអញនឹងឈរនៅមុខឯង នៅលើថ្មដាហូរែប ត្រូវឱ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឱ្យគេផឹកហើយ នោះម៉ូសេក៏ធ្វើដូច្នេះនៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល លោកឱ្យកន្លែងនោះឈ្មោះថា «ម៉ាសា» ហើយនិង «មេវីបា» ដោយព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ាមើលផង ដោយថា តើព្រះយេហូវ៉ាទ្រង់បានដឹកនាំកូនចៅអ៊ីស្រាអែល នៅកណ្តាលពួកយើងរាល់គ្នាមែនឬ»។
ព្រះបានណែនាំកូនចៅអ៊ីស្រាអែលឱ្យដំទ្បើងត្រសាលនៅទីកន្លែងនោះ ជាកន្លែងដែលគ្មានទឹក ដើម្បីបញ្ជាក់ឱ្យដឹងថាតើពួកគេនឹងសម្លឹងមើលទៅឯទ្រង់ ដោយសេចក្តីទុក្ខព្រួយរបស់គេ ឬគេរអ៊ូរទាំដូចដែលពួកគេបានធ្វើពីមុនកន្លងមក។ ដោយមើលឃើញនូវអ្វីដែលព្រះទ្រង់បានធ្វើមកលើពួកគេ ក្នុងការរំដោះពួកគេនោះ ពួកគេគួរតែដឹងថា ព្រះមិនបណ្តោយឱ្យពួកគេដែលទ្រង់បានសន្យាថានឹងយកធ្វើជារាស្ត្ររបស់ទ្រង់នោះត្រូវវិនាស ដោយសារការអត់ទឹកនោះឡើយ។ ប៉ុន្តែ ជំនួសឱ្យការទទួចអង្វរដោយបន្ទាបខ្លួនចំពោះព្រះ ដើម្បីឱ្យទ្រង់ប្រទាននូវអ្វីដែលគេត្រូវការចាំបាច់នោះ ពួកគេបែរជាបានរអ៊ូរទាំទាស់នឹងលោកម៉ូសេ ហើយបានទាមទារឱ្យគាត់ផ្តល់ទឹកឱ្យពួកគេទៅវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ១៧:១-៧
ខចងចាំ៖ ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនឯង ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ។ អេសាយ ៤៣:១