ថ្ងៃសៅរ៍ ទី១២​ ខែកុម្ភៈ ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ អញ​បាន​ទាញ​នាំ​គេ​ដោយ​ខ្សែ​ជា​សេចក្តី​ទទូច​របស់​មនុស្ស គឺ​ដោយ​ចំណង​នៃ​សេចក្តី​ស្រឡាញ់ អញ​បាន​ធ្វើ​ដល់​គេ ដូច​ជា​អ្នក​ដែល​លើក​បង្ហើប​នឹម នៅ​ក​គោ​ហើយ​ដាក់​ស្មៅ​នៅ​មុខ​វា។ហូសេ ១១:៤

អំណានប្រចាំថ្ងៃ ការថែរក្សាដ៏អស្ចារ្យរបស់ព្រះ

ព្រះជាម្ចាស់ទ្រង់បានសម្តែងនូវអំណាចរបស់ទ្រង់តាមរបៀបអស្ចារ្យជាច្រើនយ៉ាង ម្តងហើយ​ ម្តងទៀត នៅចំពោះពួកគេ ដើម្បីធ្វើឱ្យពួកគេយល់ថាគ្រប់ទាំងអត្ថប្រយោជន៍ដែលពួកគេបានទទួល គឺមកពីទ្រង់ទាំងអស់ ដែលទ្រង់អាចនឹងប្រទានដល់ពួកគេ ឬក៏ដកចេញពីពួកគេ តាមតែបំណង​ព្រះហឫទ័យរបស់ទ្រង់។ ពួកគេមានការកោតខ្លាចព្រះ ហើយបានបន្ទាប​ខ្លួនយ៉ាងទាប នៅចំពោះទ្រង់ជាច្រើនដង ប៉ុន្តែ នៅពេលដែលពួក​គេស្រេក​ឃ្លាន ពួកគេបានស្តីបន្ទោសដល់លោកម៉ូសេ ដោយគិតថាពួកគេត្រូវចាកចេញពីប្រទេសអេស៊ីព្ទមកនេះ ដើម្បីបំពេញចិត្តរបស់លោកម៉ូសេតែប៉ុណ្ណោះ។ លោកម៉ូសេកើតទុក្ខយ៉ាងខ្លាំង ដោយសារការរអ៊ូរទាំដ៏ឃោរឃៅរបស់ពួកគេ។ រួចលោកក៏ស្រែកអំពាវនាវសួរដល់ព្រះថា តើត្រូវឱ្យគាត់ធ្វើដូចម្តេចជាមួយនឹងពួកគេ ដ្បិតគេចង់ចោល​ លោកនឹងថ្មហើយ។ ព្រះជាម្ចាស់ទ្រង់បានបង្គាប់ឱ្យគាត់វាយថ្មនឹងដំបង។ ពពកនៃសិរីល្អរបស់ទ្រង់​បានស្ថិតនៅចំពី​លើថ្មនោះ។ «ទ្រង់បំបែកថ្មដានៅទីរហោស្ថាន ឱ្យគេ​បាន​ផឹកទឹកជាបរិបូរ ដូចជាហូរចេញពីទីជម្រៅមក ទ្រង់បាន​ធ្វើឱ្យមានទឹក​ចេញ​ពីថ្ម ហូរចុះមក​ដូចជាទន្លេ» ទំនុកដំកើង ៧៨:១៥-១៦។

ម៉ូសេ​បាន​​វាយថ្ម ប៉ុន្តែ គឺជាព្រះគ្រីស្ទទេ ដែលបានឈរនៅជិតគាត់ ហើយបានធ្វើឱ្យមានទឹកហូរចេញពីថ្មដ៏រឹងនោះមក។ ជនជាតិអ៊ីស្រាអែលបានល្បងព្រះយេហូវ៉ា នៅក្នុងការស្រេករបស់ពួកគេ ហើយបាននិយាយថា ប្រសិនថាព្រះទ្រង់បាននាំយើងមកដល់ទីនេះហើយនោះ ហេតុអ្វីបាន​ជា​ទ្រង់មិនប្រទានទឹក ព្រមទាំងនំប័ុងមកឱ្យយើងទទួលទានផង។ ទង្វើនោះ​បានបង្ហាញ នូវការគ្មានសេចក្តីជំនឿ ហើយបានធ្វើឱ្យលោកម៉ូសេព្រួយបារម្ភក្រែងព្រះទ្រង់នឹងដាក់ទណ្ឌកម្មដល់ពួកគេ ដោយសារតែការរអ៊ូរទាំដ៏អាក្រក់របស់ពួកគេ។ ព្រះយេហូវ៉ាទ្រង់បានសាកល្បងសេចក្តី​ ជំនឿនៃ​រាស្ត្រ​របស់ទ្រង់ ប៉ុន្តែ ពួកគេមិនបានទ្រាំទ្រនឹងការសាកល្បងទាំងនោះទេ។

ពួកគេបានរអ៊ូរទាំទាមទារអាហារនិងទឹក ហើយបានត្អូញត្អែរដាក់​លោកម៉ូសេ។ ដោយសារតែការមិនជឿរបស់គេ ព្រះទ្រង់បានបណ្តាលឱ្យខ្មាំងសត្រូវរបស់គេមកច្បាំងជាមួយគេ ដើម្បីទ្រង់អាចនឹងបង្ហាញដល់រាស្ត្រទ្រង់នូវអំណាចរបស់ទ្រង់ នៅពេលដែលពួកគេបានទទួលកម្លាំងមកពីទ្រង់។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ៧៨:១-២៥

ខចងចាំ៖​​ ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​ឯង​មក ហើយ​ឱ​ពួក​អ៊ីស្រាអែល​អើយ ព្រះ​ដែល​ជប​សូន​ឯង ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ។ អេសាយ ៤៣:១

Powered by CAM