ថ្ងៃចន្ទ ទី១៤​ ខែកុម្ភៈ ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើលងាយ​ប្រាជ្ញា និង​សេចក្តី​ប្រៀនប្រដៅ​វិញ។ សុភាសិត ១:៧

អំណានប្រចាំថ្ងៃ ការមកសួរសុខទុក្ខរបស់លោកយេត្រូ

មុននឹងលោកម៉ូសេបានចាកចេញពីប្រទេសអេស៊ីព្ទ គាត់បានបញ្ជូនប្រពន្ធនិងកូនៗរបស់គាត់ឱ្យប្រឡប់ទៅនៅជាមួយនឹងឪពុកក្មេករបស់គាត់វិញ។ ហើយបន្ទាប់ពីលោកយេត្រូបានឮអស់ទាំងការដែលព្រះយេហូវ៉ាបានរំដោះកូនចៅអ៊ីស្រាអែលចេញពីប្រទេសអេស៊ីព្ទមក គាត់បានទៅ​សួរសុខ​ទុក្ខ​លោកម៉ូសេនៅឯវាលរហោស្ថាន ហើយបាននាំយកប្រពន្ធនិងកូនរបស់គាត់ទៅឯគាត់ផង។ នោះលោកម៉ូសេក៏ចេញទៅទទួលឪពុកក្មេករួចក៏ក្រាប​សំពះ ហើយថើបលោករួចលោកសាកសួរគ្នាទៅវិញទៅមកពីសេចក្តីសុខទុក្ខ ហើយនាំគ្នាចូលទៅក្នុងត្រសាល។ ឯម៉ូសេលោក ចាប់តាំងរ៉ាយរឿងប្រាប់​​ឪពុកក្មេក​ពីអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បានធ្វើដល់ផារ៉ោន និង​សាសន៍អេស៊ីព្ទ ដោយទ្រង់យល់ដល់ពួកអ៊ីស្រាអែល និងពីសេចក្តីទុក្ខលំបាកទាំងប៉ុន្មានដែលកើតមកតាមផ្លូវហើយដែលព្រះយេហូវ៉ាទ្រង់បានជួយឱ្យរួចទាំងអស់។

«យេត្រូក៏មានសេចក្តីអំណរដោយអស់ទាំងសេចក្តីល្អ ដែលព្រះយេហូវ៉ាបានប្រោសដល់ពួកអ៊ីស្រាអែល ដោយទ្រង់បានជួយឱ្យគេរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទក៏ពោលថា សូមឱ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានជួយឯងឱ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ និង​កណ្តាប់ដៃនៃផារ៉ោន ព្រមទាំងបណ្តាជន ឱ្យរួចពីក្រោមអំណាចសាសន៍​អេស៊ីព្ទផង ឥឡូវនេះអញដឹងថាព្រះយេហូវ៉ា ទ្រង់ធំលើអស់ទាំងព្រះ ដ្បិត​ទ្រង់បានឈ្នះ ក្នុងអំពើដែលគេបានប្រព្រឹត្តដោយព្រហើនចំពោះឯងរាល់គ្នា រួចយេត្រូជាឪពុកក្មេកម៉ូសេ លោកយកតង្វាយដុត និងយញ្ញបូជាទៅ​ថ្វាយ​ដល់ព្រះ ហើយអើរ៉ុននិងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយនឹងឪពុកក្មេករបស់ម៉ូសេនៅចំពោះព្រះដែរ»។

ភ្លាមនោះ ភ្នែកដ៏វៃឆ្លាតរបស់លោកតាយេត្រូបានមើលឃើញភ្លាមនូវបន្ទុកយ៉ាងធ្ងន់មកលើលោកម៉ូសេ នៅពេលដែលពួកបណ្តាជនបាននាំយកគ្រប់ទាំងរឿងរ៉ាវនៃការពិបាករបស់គេ មកជម្រាបគាត់ ហើយលោកយេត្រូ​បានណែនាំគាត់ (លោកម៉ូសេ) តាមលក្ខខណ្ឌច្បាប់របស់ព្រះ។ គាត់បាន មានប្រសាសន៍ថា «ឥឡូវនេះចូរស្តាប់សិន អញនឹងទូន្មានឯងបន្តិច ក៏សូម​ឱ្យព្រះគង់ជាមួយនឹងឯងផង គឺឱ្យឯងបានឈរជាជំនួសបណ្តាជនទាំងឡាយ នៅចំពោះព្រះ ដើម្បីនឹងនាំរឿងគេទាំងប៉ុន្មានទៅទូលដល់ទ្រង់ ហើយឯងនឹងបង្រៀនអស់ទាំងសេចក្តីបញ្ញតិ្ត និងច្បាប់ដល់គេ ទាំងបង្ហាញផ្លូវ​ដែល​គេត្រូវដើរ និងការដែលគេត្រូវធ្វើដែរ ត្រូវឱ្យឯងជ្រើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចដល់ព្រះក្នុងពួកជន ជាមនុស្សទៀងត្រង់ ដែលស្អប់​ការសំណូក ហើយត្រូវតាំងមនុស្សទាំងនោះទ្បើង ឱ្យត្រួតត្រា​លើជនទាំង​ឡាយ ឱ្យគេធ្វើជាមេលើមនុស្ស ១ពាន់នាក់ ជាមេលើ ១រយនាក់ ជាមេលើ ៥០នាក់ ហើយជាមេលើ១០នាក់ផង ហើយឱ្យអ្នកទាំងនោះជំនុំជម្រះពួកជន​ជាដរាប ឯអស់ទាំងរឿងណាធំៗ នោះត្រូវឱ្យគេនាំមកដល់ឯង តែបើជារឿង​តូចៗទេ ត្រូវឱ្យគេកាត់សេចក្តីដោយខ្លួនគេចុះ នោះឯងនឹងបានស្រួលជាង ឯអ្នកទាំងនោះនឹងបានជាជំនួយដល់ឯង បើឯងព្រមធ្វើដូច្នេះ ហើយព្រះ​ទ្រង់​ក៏បង្គាប់ផង នោះឯងនឹងនៅស្ថិតស្ថេរបាន ហើយបណ្តាជននេះនឹងបានទៅដល់កន្លែងគេដោយសុខសាន្តទាំងអស់គ្នាដែរ។

«ម៉ូសេលោកក៏ស្តាប់តាមឪពុកក្មេកហើយធ្វើតាមពាក្យដែលលោកថាទាំងប៉ុន្មាន គឺលោករើសយកមនុស្សដែលប៉ិនប្រសប់ក្នុងពួកអ៊ីស្រាអែលទាំងអស់ តាំងទ្បើងឱ្យធ្វើជាមេត្រួតត្រាលើបណ្តាជនទាំងឡាយ ជាមេលើ​អស់មនុស្ស ១ពាន់នាក់ ជាមេលើ ១០០នាក់ ជាមេលើ ៥០នាក់ ហើយជា​មេលើ ១០នាក់ ដូច្នេះអ្នកទាំងនោះក៏ជំនុំជម្រះ ពួកជនជាតិដរាបទៅ គេនាំ​អស់ទាំងរឿងរ៉ាវណាដែលពិបាកៗមកដល់ម៉ូសេ តែអស់ទាំងរឿងរ៉ាវ​ណា​ដែលតូចៗ នោះគេកាត់សេចក្តីដោយខ្លួនគេវិញ រួចម៉ូសេបញ្ជូនឱ្យឪពុកក្មេក​ទៅ នោះលោកក៏ត្រឡប់ទៅស្រុកកំណើតគាត់វិញ»។

លោកម៉ូសេមិនគ្រាន់តែត្រូវបានបង្រៀនដោយឪពុកក្មេករបស់គាត់ប៉ុណ្ណោះទេ។ ព្រះទ្រង់បានលើកតម្កើងគាត់ទ្បើងយ៉ាងខ្ពស់ ហើយទ្រង់បាននាំមកនូវការអស្ចារ្យជាច្រើនដោយដៃរបស់គាត់។

តែលោកម៉ូសេមិនបានគិតថា ព្រះបានជ្រើសរើសគាត់ ដើម្បី​បង្រៀន​​​ដល់អ្នកដទៃ ហើយគាត់បានសម្រេចការអស្ចារ្យជាច្រើនដោយដៃរបស់​​គាត់ ដូច្នេះគាត់មិនត្រូវការឱ្យអ្នកណាបង្រៀនគាត់នោះទេ។ គាត់បានស្តាប់​ការឱ្យយោបល់ពីឪពុកក្មេករបស់គាត់ដោយរីករាយ ហើយបានយល់ព្រមទទួលយកការរៀបចំរបស់គាត់ទុកជាការចាត់ចែងដ៏ឆ្លាតវៃ។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ១៧:៨-១៨

ខចងចាំ៖​​ ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៤:១៩

Powered by CAM