ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់។ ពេត្រុសទី១ ២:៩
អំណានប្រចាំថ្ងៃ
បន្ទាប់ពីកូនចៅអ៊ីស្រាអែលបានចេញពីរេផិឌីមទៅដល់ទីរហោស្ថានស៊ីណាយ ហើយនាំគ្នាដំទ្បើងត្រសាលនៅទីនោះ គេតាំងទីលំនៅទល់មុខ នឹងភ្នំព្រះ។ «ចំណែកម៉ូសេ លោកក៏ទ្បើងទៅឯព្រះ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលហៅលោកពីលើភ្នំថា ចូរឯងនិយាយនឹងពួកវង្សយ៉ាកុប ហើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាបានឃើញអស់ទាំងការដែលអញធ្វើដល់សាសន៍អេស៊ីព្ទហើយ និងការដែលអញបានទ្រឯងរាល់គ្នា លើស្លាបឥន្ទ្រី នាំមកឯអញនេះឯង ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញ លើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ ផងអញ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឱ្យអញដែរ គឺពាក្យទាំងនេះហើយដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល។ នោះម៉ូសេក៏មកវិញហៅប្រជុំពួកចាស់ទុំក្នុងបណ្តាជន ប្រាប់គេតាមអស់ទាំងពាក្យដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក ឯពួកជនទាំងឡាយគេឆ្លើយទ្បើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្តីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក នោះម៉ូសេក៏នាំពាក្យរបស់គេទៅទូលដល់ព្រះយេហូវ៉ាវិញ»។
នៅទីនេះពួកបណ្តាជនគេបានចូលទៅក្នុងកិច្ចព្រមព្រៀងដ៏ឧឡារិកជាមួយនឹងព្រះ ហើយបានទទួលយកទ្រង់ ធ្វើជាអ្នកគ្រប់គ្រងរបស់ពួកគេ ដោយពួកគេបានក្លាយជារាស្ត្រពិសេសនៃអំណាចគ្រប់គ្រងរបស់ទ្រង់។ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅម៉ូសេថា មើលអញមកឯឯងក្នុងពពកយ៉ាងក្រាស់ដើម្បីឱ្យបណ្តាជនបានឮ ក្នុងកាលដែលអញនិយាយនឹងឯង ហើយឱ្យគេបានទុកចិត្តនឹងឯងជាដរាប»។ នៅពេលដែលសាសន៍ហេព្រើរបានជួបនឹងការពិបាកនៅតាមផ្លូវ ពួកគេបានរអ៊ូរទាំទាស់នឹងលោកម៉ូសេនិងអើរ៉ុន ហើយចោទប្រកាន់ពួកគាត់ថាបានដឹកនាំពួកបណ្តាជនអ៊ីស្រាអែល ចេញពីប្រទេសអេស៊ីព្ទ ដើម្បីបំផ្លាញពួកគេ។ ព្រះទ្រង់បានលើកតម្កើងលោកម៉ូសេនៅចំពោះពួកគេ ដើម្បីឱ្យពួកគេទុកចិត្តលើការបង្រៀនរបស់គាត់ ហើយឱ្យគេបានដឹងថាព្រះទ្រង់បានដាក់ព្រះវិញ្ញាណរបស់ទ្រង់មកលើគាត់។
អំណានព្រះគម្ពីរពេលល្ងាច៖ ចោទិយកថា ៧:១-១១
ខចងចាំ៖ ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៤:១៩