ថ្ងៃពុធ ទី១៦​ ខែកុម្ភៈ ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះយេហូវ៉ាតើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បានគឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធជា​អ្នក​ដែល​មិន​បណ្តោយ​ឲ្យ​ព្រលឹង​ខ្លួន​ទៅ​តាមសេចក្តី​ភូតភរហើយ​មិន​បាន​ស្បថ​ប្រវ័ញ្ច​គេ​ឡើយ។ ទំនុកតម្កើង ២៤:៣-៤

អំណានប្រចាំថ្ងៃ ការរៀបចំចូលទៅជិតព្រះ

បន្ទាប់មកព្រះយេហូវ៉ាទ្រង់បានណែនាំយ៉ាងជាក់លាក់ដល់លោកម៉ូសេ ទាក់ទងនឹងការរៀបចំមនុស្សថ្វាយទ្រង់ដើម្បីឱ្យទ្រង់ចូលទៅជិតពួកគេ ប្រយោជន៍ឱ្យពួកគេបានឮនូវបញ្ញត្តិច្បាប់ដែលទ្រង់មានបន្ទូល មិនមែន​តាម​រយៈទេវតាទេ ប៉ុន្តែ ដោយព្រះអង្គផ្ទាល់។ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរទៅឯពួកជន ដើម្បីនឹងញែកគេឱ្យបរិសុទ្ធនៅថ្ងៃនេះ ហើយថ្ងៃស្អែកផងត្រូវឱ្យគេបោកខោអាវដែរ ហើយរៀបខ្លួនជាស្រេច ឱ្យទាន់ថ្ងៃទី៣ ដ្បិតនៅថ្ងៃទី៣ នោះព្រះយេហូវ៉ា ទ្រង់នឹងយាងចុះមកលើភ្នំស៊ីណាយ ឱ្យ​គេឃើញ»។ ព្រះបានតម្រូវឱ្យមនុស្សគ្រប់រូបផ្អាកពីការងារនិងការខ្វល់ខ្វាយខាងលោកិយទាំងប៉ុន្មាន ហើយតាំងចិត្តឱ្យបានបរិសុទ្ធ។ ព្រះទ្រង់ក៏បាន​តម្រូវឱ្យ ពួកគេបោកសំអាតសំលៀកបំពាក់ផងដែរ។ ឥឡូវនេះ ព្រះទ្រង់នៅតែមុឺងម៉ាត់ដូចពីមុនដដែល។ ព្រះគឺជាព្រះនៃរបៀបរៀបរយហើយទ្រង់តម្រូវឱ្យរាស្ត្ររបស់ទ្រង់ដែលរស់នៅលើផែនដី នៅពេលសព្វថ្ងៃនេះប្រកាន់ទម្លាប់នៃភាពបរិសុទ្ធយ៉ាងតឹងរ៉ឹង។ ហើយអ្នកណាដែលថ្វាយបង្គំព្រះ ដោយ សំលៀកបំពាក់មិនស្អាតនិងមនុស្សដែលមកឯទ្រង់ដោយអាកប្បកិរិយាមិនគួរគប្បី នោះព្រះអង្គមិនសព្វព្រះហឫទ័យនឹងការខ្វះសេចក្តីគោរពដល់ទ្រង់នោះទ្បើយ ហើយព្រះទ្រង់នឹងមិនទទូលយកនូវការបំរើរបស់អ្នកដែលថ្វាយបង្គំដោយស្មោកគ្រោកឡើយ ដ្បិតពួកគេបន្តុះបង្អាប់ដល់ព្រះ ដែលបាន​បង្កើតពួកគេ។ ព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដីចាត់ទុកភាពស្អាតជាការសំខាន់ដ៏លើសលុប បានជាទ្រង់មានបន្ទូលថា «ចូរអនុញ្ញាតឱ្យពួកគេបោកសំលៀកបំពាក់របស់ពួកគេ»។

«ត្រូវឱ្យឯងដាក់កំណត់គោលចារិកនៅជុំវិញ ឱ្យបណ្តាជនគ្រប់គ្នា​ដោយប្រាប់ថា ចូរប្រយ័ត្ន កុំឱ្យទ្បើងទៅលើភ្នំទ្បើយ កុំឱ្យទាំងជាន់​ដល់​ជើងភ្នំផង ដ្បិតអ្នកណាដែលជាន់ដល់ភ្នំ នោះនឹងត្រូវស្លាប់ជាមិនខាន នឹងគ្មានដៃអ្នកណាពាល់ដល់អ្នកនោះទេ គឺអ្នកនោះនឹងត្រូវចោលនឹងថ្ម ឬបាញ់​នឹងព្រួញវិញ ទោះសត្វឬមនុស្សក្តីក៏មិនរស់ដែរ កាលណាផ្លុំស្នែង​ឮសូរវែងនោះត្រូវឱ្យគេចូលមកជិតភ្នំ»។ ការត្រាស់បង្គាប់​នេះត្រូវបានរៀបចំឡើងដើម្បីដាស់សតិដល់មនុស្ស ដែលបះបោរទាំងនេះ ឱ្យយកចិត្តទុកដាក់គោរព​ដល់ព្រះ ដែលជាអ្នកនិពន្ធនឹងជាព្រះដែលមានអំណាចលើច្បាប់របស់ពួកគេ។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ៧:១៩

ខចងចាំ៖​​ ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៤:១៩

Powered by CAM