ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ សូមឲ្យសិរីល្អនៃព្រះយេហូវ៉ានៅជាប់ជានិច្ចសូមឲ្យព្រះយេហូវ៉ាបានរីករាយឡើងដោយសារស្នាដៃទ្រង់ កាលណាទ្រង់ក្រឡេកទតមកផែនដី នោះផែនដីក៏ញ័រ កាលណាទ្រង់ពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង។ ទំនុកតម្កើង ១០៤:៣១-៣២
អំណានប្រចាំថ្ងៃ ភាពអស្ចារ្យរបស់ព្រះ
«លុះដល់ព្រឹកទ្បើងថ្ងៃទី៣ នោះក៏មានឮសូរផ្គរលាន់ ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងយ៉ាងខ្លាំងក្រៃលែង រួចបណ្តាជនទាំងឡាយដែលនៅក្នុងទីដំទ្បើងត្រសាលក៏ញ័ររន្ធត់ទាំងអស់គ្នា។ ពួកពលទេវតាដែលបានចូលរួមជាមួយនឹងព្រះដ៏មានព្រះបារមី បានកោះហៅមនុស្សដោយសំឡេងត្រែប្រគំជុំគ្នា ដែលឮខ្លាំងទ្បើងៗរហូតដល់ផែនដីទាំងមូលបានញ័ររន្ធត់»។
«នោះម៉ូសេលោកនាំគេចេញពីទីដំទ្បើងត្រសាលទៅជួបនឹងព្រះ គេឈរតម្រៀបគ្នានៅទីជើងភ្នំ ឯភ្នំស៊ីណាយក៏ហុយផ្សែងទ្បើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំ គង់ក្នុងភ្លើង ផ្សែងនោះហុយទ្បើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលកក្រើករំពើកយ៉ាងខ្លាំង»។ ព្រះដ៏ពោរពេញដោយព្រះចេស្តាបានយាងចុះមកក្នុងពពក ជាមួយនឹងពពួកទេវតាដ៏មានសិរីរុងរឿងហែហមជាច្រើនកុះករដែលបានលេចមកដូចជាអណ្តាតភ្លើង។
កាលឮសូរស្នែងកាន់តែតន្ថើនខ្លាំងទ្បើង នោះម៉ូសេក៏ទូល ហើយព្រះទ្រង់មានបន្ទូលឆ្លើយតបមកលោក ព្រះយេហូវ៉ាទ្រង់យាងចុះមកលើកំពូលភ្នំស៊ីណាយ ទ្រង់មានបន្ទូលហៅម៉ូសេពីលើកំពូលភ្នំ រួចម៉ូសេក៏ទ្បើងទៅ ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់ថា ចូរឯងចុះទៅហាមដល់បណ្តាជនរាល់គ្នាដោយដាច់ខាត ក្រែងគេរំលងចូលមកឯព្រះយេហូវ៉ាដើម្បីមើល នោះនឹងមានគ្នាជាច្រើនត្រូវស្លាប់ ឯពួកសង្ឃដែលចូលមកឯព្រះយេហូវ៉ា នោះត្រូវឱ្យគេញែកខ្លួនចេញជាបរិសុទ្ធដែរ ក្រែងទ្រង់នឹងប្រហារគេ។
ដូច្នេះ ព្រះយេហូវ៉ាបានលេចមកដោយភាពរុងរឿងដ៏សំបើម ដែលគួរឱ្យភ័យខ្លាច បានមានព្រះបន្ទូលអំពីបញ្ញត្តិ (ច្បាប់) របស់ទ្រង់ពីកំពូលភ្នំស៊ីណាយ ដែលមនុស្សទាំងឡាយអាចជឿបាន។ បន្ទាប់មក ព្រះយេហូវ៉ាទ្រង់ក៏បានប្រទាននូវបញ្ញត្តិរបស់ទ្រង់ ជាមួយនឹងការបង្ហាញដ៏ប្រសើរបំផុតអំពីអំណាចរបស់ទ្រង់ ដែលពួកគេអាចនឹងដឹងថាទ្រង់គឺជាព្រះដ៏ពិតនិងជាព្រះដែលមានព្រះជន្មរស់។ ព្រះមិនបានអនុញ្ញាតឱ្យលោកម៉ូសេចូលទៅក្នុងពពកនៃសិរីល្អនោះទេ ប៉ុន្តែ គាត់អាចចូលទៅជិតពពកដ៏ក្រាស់ ដែលនៅព័ទ្ធជុំវិញបាន។ ហើយគាត់បានឈរនៅចន្លោះមនុស្សហើយនិងព្រះអម្ចាស់។
អំណានព្រះគម្ពីរពេលល្ងាច៖ អេសាយ៦៤:១-៩
ខចងចាំ៖ ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៤:១៩