ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ។ យ៉ូហាន ១៤:១៥
អំណានប្រចាំថ្ងៃ បញ្ញត្តិរបស់ព្រះត្រូវបានប្រកាស
បន្ទាប់ពីព្រះយេហូវ៉ាទ្រង់បានប្រទានភស្តុតាងយ៉ាងច្បាស់ អំពីព្រះចេស្តារបស់ទ្រង់មក ទ្រង់បានមានបន្ទូលប្រាប់ពួកគេថា ទ្រង់គឺជានរណា «ព្រះយេហូវ៉ាជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក»។ ជាព្រះដែលបានលើកតម្កើងអំណាចរបស់ទ្រង់នៅក្នុងចំណោមសាសន៍អេស៊ីព្ទ ឥឡូវនេះ ទ្រង់បានមានព្រះបន្ទូលពីបញ្ញតិរបស់ទ្រង់ដូច្នេះថា៖
កុំឱ្យមានព្រះឯណាទៀត នៅចំពោះអញឱ្យសោះ
កុំឱ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឱ្យសោះ ក៏កុំឱ្យធ្វើរូបណាឱ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹក ដែលទាបជាងដីផង ក៏កុំឱ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះទ្បើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្តីប្រច័ណ្ឌ ក៏ទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ រហូតដល់៣ ហើយ៤តំណផង ចំពោះអស់អ្នកណាដែលស្អប់អញតែអញផ្តល់សេចក្តីសប្បុរសដល់ទាំងពាន់តំណនៃពួកអ្នកដែលស្រឡាញ់ហើយកាន់តាមបញ្ញតិរបស់អញទាំងប៉ុន្មានវិញ។
កុំឱ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការទ្បើយ ដ្បិតព្រះយេហូវ៉ា ទ្រង់នឹងមិនរាប់ជាឥតទោសដល់ អ្នកណាដែលចេញព្រះនាមទ្រង់ជាអសារឥតការនោះទេ។
ចូរឱ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង៦ថ្ងៃ នោះត្រូវឱ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី ៧ នោះគឺជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះ មិនត្រូវធ្វើអ្វីឱ្យសោះ ទោះខ្លួនឯង ឬកូនប្រុស កូនស្រីឯងក្តី ទោះបាវប្រុសបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដីហើយនិងសមុទ្រព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ទ្រង់បានប្រទានពរដល់ថ្ងៃឈប់សម្រាកហើយក៏ញែកចេញជាបរិសុទ្ធ។
ចូរឱ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឱ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះហេយូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឱ្យ។
កុំឱ្យសម្លាប់មនុស្សឱ្យសោះ
កុំឱ្យផិតគ្នាឱ្យសោះ
កុំឱ្យលួចប្លន់ឱ្យសោះ
កុំឱ្យធ្វើជាទីបន្ទាល់ក្លែងទាស់នឹងអ្នកជិតខាងខ្លួនឱ្យសោះ។
កុំឱ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឱ្យសោះ ក៏កុំឱ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឱ្យសោះ។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ២០:១-២៤
ខចងចាំ៖ ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៤:១៩