ថ្ងៃសៅរ៍ ទី១៩​ ខែកុម្ភៈ ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ញែក​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ាជា​ព្រះ​នៃ​ឯង​រាល់​គ្នា។ អេសេគាល ២០:២០

អំណានប្រចាំថ្ងៃ ព្រះសូរសៀងជាផ្គររន្ទះរបស់ព្រះ

បញ្ញតិទី១ និងទី ២ ដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូល គឺជាច្បាប់ដែលប្រឆាំងទាស់នឹងការថ្វាយបង្គំរូបព្រះ ព្រោះបើគេថ្វាយបង្គំរូបព្រះ ការនោះនឹងដឹកនាំមនុស្សឱ្យមានអំពើបាបនិងការបះបោរយ៉ាងធ្ងន់ធ្ងរ រហូតដល់គេយកមនុស្សទៅថ្វាយជាតង្វាយដុតថែមទៀតផង។ ព្រះជាម្ចាស់ទ្រង់ចាត់ទុកការប្រព្រឹត្តិបែបនេះថា ជាការដ៏គួរឱ្យស្អប់ខ្ពើម។ ក្រឹត្យវិន័យបួនប្រការ​ដំបូងដែលព្រះបានប្រទានមក គឺសម្រាប់បង្ហាញដល់មនុស្សអំពីតួនាទីរបស់​គេចំពោះព្រះ។ ក្រឹត្យវិន័យទី ៤ គឺជាច្រវាក់តភ្ជាប់រវាងព្រះដ៏អស្ចារ្យ និង​មនុស្សលោក។ ថ្ងៃបរិសុទ្ធត្រូវបានប្រទានមក ជាពិសេសសម្រាប់ជា​ប្រយោជន៍ដល់មនុស្ស និងសម្រាប់សរសើរតម្កើងព្រះ។ ក្រឹត្យវិន័យប្រាំមួយចុងក្រោយបង្ហាញពីតួនាទីរបស់មនុស្សចំពោះមនុស្សដូចគ្នា។

ថ្ងៃបរិសុទ្ធគឺជាសញ្ញារវាងព្រះហើយនិងរាស្ត្ររបស់ទ្រង់ជារៀងរហូត។ នៅក្នុងន័យនេះ ថ្ងៃនោះ​គឺជាសញ្ញាបញ្ជាក់ថាអស់អ្នកដែលរក្សាថ្ងៃបរិសុទ្ធគឺជាអ្នកថ្វាយបង្គំដល់ព្រះដែលមានព្រះជន្មរស់ ជាព្រះដែលបានបង្កើតផ្ទៃ​មេឃនិងផែនដី។ ថ្ងៃបរិសុទ្ធគឺជាសញ្ញារវាងព្រះហើយនិងរាស្ត្ររបស់ទ្រង់ ដរាបណាទ្រង់នៅតែមានរាស្ត្ររបស់ទ្រង់ បំរើទ្រង់នៅលើផែននេះ។ «កាលបណ្តាជនទាំងអស់គ្នាបានឮផ្គរលាន់ និងសូរផ្លុំស្នែងហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងទ្បើង ដូច្នេះ នោះស្រាប់តែគេញ័ររន្ធត់ ហើយក៏ថយទៅឈរ​នៅទីឆ្ងាយវិញ។ គេនិយាយនឹងម៉ូសេថា ចូរលោកមានប្រសាសន៍មកយើងរាល់គ្នាដោយខ្លួនលោកបានហើយ យើងខ្ញុំនឹងស្តាប់លោក សូមកុំឱ្យព្រះមានបន្ទូលនឹងយើងខ្ញុំឡើយក្រែងយើងខ្ញុំត្រូវស្លាប់។ ម៉ូសេក៏តបថា កុំខ្លាច​អី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេហើយឱ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់ ដើម្បីកុំឱ្យអ្នករាល់គ្នាធ្វើអំពើបាបទ្បើយ»។

«ឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយ តែម៉ូសេបានឈរទៅជិតទីងងឹតយ៉ាងក្រាស់ ដែលព្រះគង់នៅនោះ។ ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ទៅម៉ូសេឱ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ខ្លួនឯងរាល់គ្នាបានឃើញថាអញបាននិយាយនឹងឯងរាល់គ្នាពីលើស្ថានសួគ៌មក»។ វត្តមានដ៏មហស្ចារ្យរបស់ព្រះនៅឯភ្នំស៊ីណាយ ហើយនិងភាពរំជើបរំជួលនៅលើផែនដីដែលកើតទ្បើងដោយវត្តមានរបស់ទ្រង់ ផ្គរលាន់និងផ្លេកបន្ទោរដ៏គួរឱ្យភ័យខ្លាច ដែលបានហែហមការយាងមករបស់ទ្រង់ ពិតជាបានដិតជាប់នៅក្នុងចិត្តរបស់មនុស្សលោកឱ្យកោតខ្លាចនិងឱ្យគោរពចំពោះព្រះបារមីដ៏អស្ចារ្យដែលធ្វើឱ្យពួកគេចង់រត់គេចចេញពីព្រះវត្តមានដ៏គួរឱ្យភ័យខ្លាចរបស់ព្រះ ក្រែង​លោពួកគេនឹងមិនអាចទ្រាំទ្រជាមួយនឹងសិរីល្អដ៏គួរឱ្យភ័យខ្លាចរបស់ទ្រង់បាន។

អំណានព្រះគម្ពីរពេលល្ងាច៖ ចោទិយកថា ៥:២២-៣៣

ខចងចាំ៖​​ ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ។ ភីលីព ៤:១៩

Powered by CAM