ថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់ បើមនុស្សនឹងសង្ឃឹមដល់ ហើយរង់ចាំសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ។ បរិទេវ ៣:២៥-២៦
អំណានប្រចាំថ្ងៃ ការទ័លច្រក
«កាលផារ៉ោនបានឱ្យគេទៅហើយ នោះព្រះទ្រង់មិនបាននាំគេតាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់មានបន្ទូលថាខ្លាចក្រែងគេឃើញចម្បាំង ហើយរសាយចិត្តរួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ គឺទ្រង់បាននាំគេដើរវាងតាមផ្លូវទីរហោស្ថានក្បែរសមុទ្រក្រហមវិញ។ ពួកកូនចៅអុស្រីាអែលក៏ទ្បើងចេញពីស្រុកអេស៊ីព្ទទៅម៉ូសេក៏យកឆ្អឹង យ៉ូសែបទៅជាមួយដែរ ដ្បិតយ៉ូសែបបានចាប់ពួកកូនចៅអ៊ីស្រាអែលឱ្យស្បថដោយថា ព្រះទ្រង់នឹងប្រោសឯងរាល់គ្នាជាមិនខាន នោះត្រូវយកឆ្អឹងអញពីទីនេះទ្បើងទៅជាមួយផង»។
«គេក៏ចេញពីលិកូត ទៅដំទ្បើងត្រសាលនៅឯស្រុកអេថាម ត្រង់ក្បែរទីរហោស្ថាន។ នៅវេលាថ្ងៃព្រះយេហូវ៉ាទ្រង់តែងយាងនៅមុខគេក្នុងបង្គោលពពក ដើម្បីនឹងនាំផ្លូវ ហើយនៅវេលាយប់ទ្រង់យាងក្នុងបង្គោលភ្លើង ដើម្បីនឹងបំភ្លឺគេ ប្រយោជន៍ឱ្យគេដើរបានទាំងយប់ទាំងថ្ងៃ ហើយបង្គោលពពកដែលសម្រាប់ពេលថ្ងៃ និងបង្គោលភ្លើងដែលសម្រាប់ពេលយប់ នោះមិនបានថយចេញពីគេទ្បើយ»។
ព្រះជាម្ចាស់ទ្រង់បានជ្រាបថាសាសន៍ភីលីស្ទីននឹងមិនអនុញ្ញាតឱ្យពួកអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ពួកគេទេ។ ពួកគេនឹងនិយាយពីសាសន៍អ៊ីស្រាអែលថា ពួកអ្នកឯងបានលួចរបស់ទ្រព្យពីចៅហ្វាយខ្លួននៅស្រុកអេស៊ីព្ទមក ហើយថែមទាំងបានធ្វើសង្គ្រាមជាមួយពួកគេទៀតផង។ ដូច្នេះហើយបានជាព្រះយេហូវ៉ាទ្រង់លេចមកឯពួកគេ ជាព្រះដ៏មានមេត្តាករុណានិងជាព្រះនៃការជំនុំជម្រះដោយនាំពួកគេកាត់តាមផ្លូវសមុទ្រវិញ។
ព្រះអម្ចាស់ទ្រង់បានប្រាប់ម៉ូសេ ឱ្យបានដឹងថា ស្តេចផារ៉ោននឹងដេញតាមពួកគេ ហើយទ្រង់បានដឹកនាំគាត់ឱ្យទៅបោះជំរំស្នាក់នៅពីមុខសមុទ្រវិញ។ ព្រះទ្រង់បានមានព្រះបន្ទូលមកម៉ូសេថា ព្រះអង្គនឹងត្រូវតម្កើងឡើងនៅចំពោះស្តេចផារ៉ោននិងពួកពលបរិវាររបស់ទ្រង់ទាំងអស់។
បន្ទាប់ពីសាសន៍ហេព្រើរបានចេញពីប្រទេសអេស៊ីព្ទបានពីរបីថ្ងៃមក មានជនជាតិអេស៊ីព្ទបានចូលទៅទូលស្តេច ផារ៉ោនថាពួកអ៊ីស្រាអែលបានរត់រួចទៅហើយ ហើយពួកគេនឹងមិនវិលមកបំរើយើងវិញទៀតទេ។
ហើយពួកគេបានយំសោក ដោយព្រោះគេបានអនុញ្ញាតឱ្យពួកកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេសីុព្ទដូច្នេះ។ ពួកគេបានខាតបង់ជាដំណំ ដោយអ្នកបំរើរបស់គេត្រូវបានដកហូតយកចេញអស់ដូច្នេះ ហើយពួកគេមានការស្តាយក្រោយជាពន់ពេក ដោយគេបានយល់ព្រមអនុញ្ញាតឱ្យពួកនោះចេញទៅ។ ទោះបីជាពួកគេបានទទួលការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ដោយការជំនុំជម្រះរបស់ព្រះក៏ដោយ ក៏ពួកគេមានចិត្តរឹងទទឹង ដោយការជំទាស់ជាបន្តទៅទៀតធ្វើឱ្យគេបានសម្រេចចិត្តថា គេនឹងដេញតាមនាំយកកូនចៅអ៊ីស្រាអែលត្រឡប់មកស្រុកអេស៊ីព្ទវិញដោយបង្ខំ។ ស្តេចបានយកកងទ័ពជាច្រើន និងរទេះចម្បាំងប្រាំមួយរយ ហើយដេញតាមពួកអ៊ីស្រាអែល ដើម្បីនាំគេត្រឡប់មកវិញនៅពេលដែលពួកគេបានដំទ្បើងត្រសាលនៅក្បែរសមុទ្រ។
កាលផារ៉ោនចូលទៅជិត នោះពួកកូនចៅអ៊ីស្រាអែលគេងើបភ្នែកទ្បើង ឃើញពួកសាសន៍អេស៊ីព្ទមកតាម ដូច្នេះក៏មានសេចក្តីតក់ស្លុតយ៉ាងខ្លាំង ហើយស្រែកអំពាវនាវដល់ព្រះយេហូវ៉ា ព្រមទាំងស្តីបន្ទោសដល់ម៉ូសេថា តើដោយព្រោះតែគ្មានផ្លូវទៅស្រុកអេស៊ីព្ទ បានជាអ្នកនាំយើងរាល់គ្នាមកឱ្យ ត្រូវស្លាប់នៅទីរហោស្ថាននេះដូច្នេះ? ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះយើងរាល់គ្នាយ៉ាងនេះ គឺដែលនាំពួកយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកដូច្នេះ? កាលនៅស្រុកអេស៊ីព្ទនៅទ្បើយ តើយើងរាល់គ្នាមិនបាននិយាយសេចក្តីនេះឯងនឹងអ្នកទេឬអី ថាកុំឱ្យមកវីវរនឹងយើងរាល់គ្នាទ្បើយ ចូរទុកឱ្យយើងនៅបំរើសាសន៍អេស៊ីព្ទចុះ? ដ្បិតដែលយើងរាល់គ្នាបាននៅបំរើសាសន៍អេស៊ីព្ទនោះវិសេសជាជាងស្លាប់នៅទីរហោស្ថាននេះ តែម៉ូសេឆ្លើយតបថា កុំខ្លាចអី ឈប់សិនចាំមើលសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍អេស៊ីព្ទ ដែលអ្នករាល់គ្នាបានឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញទៀតជាដរាបទៅ ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នាឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ»។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ១០៥:២៦-៤៥
ខចងចាំ៖ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តីសប្បុរស សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្តីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ យេរេមា ៩:២៣-២៤