ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ត្រូវឲ្យដើរតាមតែព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយកោតខ្លាចដល់ទ្រង់ ព្រមទាំងកាន់តាមសេចក្តីបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ និងស្តាប់តាមព្រះបន្ទូលទ្រង់ ក៏ត្រូវគោរពប្រតិបត្តិដល់ទ្រង់ ហើយនៅជាប់នឹងទ្រង់ផង។ ចោទិយកថា ១៣:៤
អំណានប្រចាំថ្ងៃ ព្រះពរនៃការស្តាប់បង្គាប់
ព្រះទ្រង់នឹងធ្វើឱ្យរាស្ត្ររបស់ទ្រង់យល់ថា មានតែទ្រង់មួយអង្គគត់ ដែលជាកម្មវត្ថុនៃការថ្វាយបង្គំរបស់ពួកគេ ហើយនៅពេលដែលគេមានជ័យជំនះលើជាតិសាសន៍ដែលថ្វាយបង្គំរូបព្រះ ដែលនៅជុំវិញពួកគេ ពួកគេមិនត្រូវបន្សល់ទុកនូវរូបសំណាកដែលពួកគេថ្វាយបង្គំឡើយ ប៉ុន្តែត្រូវបំផ្លាញរូបទាំងនោះចោលជាដាច់ខាត។ ពួកគេមិនត្រូវរក្សាទុក ឬថ្វាយបង្គំដល់រូបព្រះទាំងនោះឡើយ ទោះបីជារូបព្រះទាំងនោះជារបស់មានតម្លៃយ៉ាងណាក៏ដោយ។ ព្រះទ្រង់នឹងធ្វើឱ្យរាស្ត្ររបស់ទ្រង់ដឹងថា ដោយសារតែការថ្វាយបង្គំរូបព្រះរបស់សាសន៍ទាំងអស់នេះ ដែលបានដឹកនាំពួកគេឱ្យប្រព្រឹត្តិការអាក្រក់ជាច្រើនក្រៃលែង ដែលទ្រង់នឹងប្រើសាសន៍អ៊ីស្រាអែលជាឧបករណ៍របស់ទ្រង់ ដើម្បីធ្វើទារុណកម្មពួកគេ ហើយបំផ្លាញរូបព្រះរបស់ពួកគេ។
«អញនឹងចាក់សេចក្តីស្ញែងខ្លាចរបស់អញទៅមុនឯង ហើយនិងបំផ្លាញគ្រប់ទាំងសាសន៍ ដែលឯងទៅដល់ អញនឹងធ្វើឱ្យអស់ទាំងខ្មាំងសត្រូវឯងត្រូវបែរខ្នងនៅមុខឯង អញនឹងចាត់ឪម៉ាល់ទៅមុនឯងដែលនឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន ហើយនិងសាសន៍ហេត ពីមុខឯងចេញ អញមិនបណ្តេញគេចេញពីមុខឯងក្នុង១ឆ្នាំ តែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃជាច្រើនទ្បើងធ្វើបាបដល់ឯងវិញ គឺនឹងបណ្តេញគេពីមុខឯងទៅបន្តិចម្តងៗ ទាល់តែឯងមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកជាមរតកបាន នោះអញនឹងដាក់ព្រំស្រុកឱ្យឯង ចាប់តាំងពីសមុទ្រក្រហម ទៅទល់សមុទ្រភីលីស្ទីន ហើយតាំងពីទីរហោស្ថានរហូតដល់ទន្លេ ដ្បិតអញនឹង ប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងបណ្តេញគេពីមុខឯងចេញ កុំឱ្យតាំងសេចក្តីសញ្ញានឹងគេ ឬនឹងព្រះរបស់គេទ្បើយ ក៏មិនត្រូវឱ្យគេនៅក្នុងស្រុករបស់ឯងដែរ ក្រែងគេនាំឱ្យឯងធ្វើបាបចំពោះអញ ដ្បិតបើឯងគោរពប្រតិបត្តិដល់ព្រះរបស់គេ នោះនឹងត្រឡប់ជាអន្ទាក់ដល់ឯងហើយ” និក្ខមនំ ២៣:២៧-៣៣។ សេចក្តីសន្យារបស់ព្រះដល់រាស្ត្ររបស់ទ្រង់នេះ អាស្រ័យទៅលើការស្តាប់បង្គាប់របស់ពួកគេ។ ប្រសិនបើពួកគេនឹងបំរើព្រះ ដោយចិត្តស្មោះត្រង់នោះទ្រង់នឹងធ្វើការអស្ចារ្យជាច្រើនសម្រាប់ពួកគេ។
អំណានព្រះគម្ពីរពេលល្ងាច៖ ចោទិយកថា ជំពូក៦
ខចងចាំ៖ ចូរញែកថ្ងៃឈប់សំរាករបស់អញចេញជាបរិសុទ្ធ នោះនឹងបានជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ អេសេគាល ២០:២០