ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវនៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំនោះទូលបង្គំនឹងកាន់តាមដរាបដល់ចុងបំផុត សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យទ្រង់ អើ ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង។ ទំនុកតម្កើង ១១៩:៣៣-៣៤
អំណានប្រចាំថ្ងៃ សេចក្តីសន្យាថានឹងដើរតាមព្រះ
បន្ទាប់ពីលោកម៉ូសេបានទទួលការជំនុំជម្រះ ព្រមទាំងសេចក្តីសន្យាដែលមានលក្ខខណ្ឌនៅលើការស្តាប់បង្គាប់របស់ពួកគេ ពីព្រះយេហូវ៉ា ហើយបានកត់ត្រាទុកសម្រាប់ពួកបណ្តាជនមកទ្រង់បានមានបន្ទូលទៅកាន់គាត់ថា «ម៉ូសេ ចូរឯងនិងអើរ៉ុនព្រមទាំងណាដាប អ័រប៊ីហ៊ូវ ហើយនិងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំង ៧០នាក់ ទ្បើងមកឯព្រះយេហូវ៉ា ហើយឱ្យថ្វាយបង្គំពីចម្ងាយ ត្រូវឱ្យម៉ូសេតែម្នាក់ឯង ចូលមកជិតព្រះយេហូវ៉ា ចំណែកឯអ្នកឯទៀត មិនត្រូវឱ្យចូលមកជិតទេ ហើយពួកបណ្តាជនក៏មិនត្រូវទាំងទ្បើងមកជាមួយផង។ នោះម៉ូសេក៏ទៅប្រាប់ដល់បណ្តាជន តាមគ្រប់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយនិងបញ្ញត្តិទាំងនោះ រួចពួកជនទាំងអស់គ្នាក៏ទទួលព្រមថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមអស់ទាំងសេចក្តីដែលព្រះយេហូវ៉ាមានបន្ទូលមក» និក្ខមនំ ២៤:១-៣។
លោកម៉ូសេមិនបានកត់ត្រាត្រឹមតែក្រឹត្យវិន័យ ១០ប្រការប៉ុណ្ណោះទេ ប៉ុន្តែ គាត់បានកត់ត្រានូវគ្រប់ទាំងសេចក្តីជំនុំជម្រះដែលព្រះតម្រូវឱ្យពួកគេគោរពតាម ព្រមទាំងសេចក្តីសន្យាដែលមានលក្ខខណ្ឌលើការស្តាប់បង្គាប់ដល់ទ្រង់របស់គេនោះថែមទៀតផង។ គាត់បានអានសេចក្តីទាំងនោះឱ្យពួកបណ្តាជនស្តាប់ ហើយពួកគេបានស្បថសច្ចាថា គេនឹងគោរពតាមនូវគ្រប់ទាំងព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានបន្ទូល។ បន្ទាប់មកលោកម៉ូសេបានសរសេរពាក្យសន្យាដ៏ម៉ឺងម៉ាត់របស់ពួកបណ្តាជននៅក្នុងសៀវភៅ ហើយបានថ្វាយយញ្ញបូជាដល់ព្រះ សម្រាប់ពួកគេ។ «រួចយក សៀវភៅមកអានមើលឱ្យបណ្តាជនស្តាប់ ហើយគេឆ្លើយទ្បើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់ទាំងសេចក្តីដែលព្រះយេហូវ៉ាបានមានបន្ទូលមក ហើយនិងស្តាប់បង្គាប់គ្រប់ជំពូកផង ដូច្នេះម៉ូសេលោកយកឈាមទៅប្រោះលើជនទាំងឡាយ ដោយពាក្យថា នេះជាឈាមនៃសេចក្តីសញ្ញា ដែលព្រះយេហូវ៉ាបានតាំងនឹងអ្នករាល់គ្នា តាមព្រះបន្ទូលទ្រង់ទាំងនេះ» និក្ខមនំ ២៤:៧-៨ )។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ជំពូក២៤
ខចងចាំ៖ ចូរញែកថ្ងៃឈប់សំរាករបស់អញចេញជាបរិសុទ្ធ នោះនឹងបានជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ អេសេគាល ២០:២០