ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។ ពេត្រុសទី១ ១:១៨-១៩
អំណានប្រចាំថ្ងៃ ច្បាប់ដ៏អស់កល្បរបស់ព្រះ
ច្បាប់របស់ព្រះមានតាំងពីមុនមនុស្សត្រូវបានបង្កើតមកម៉្លេះ។ ទេវតាទាំងឡាយត្រូវបានគ្រប់គ្រងដោយច្បាប់នោះ។ សាតាំងត្រូវបានធ្លាក់ចុះដោយសារតែវាបានបំពានទៅលើគោលការនៃរដ្ឋាភិបាល (ការគ្រប់គ្រង) របស់ព្រះ។ បន្ទាប់ពីព្រះបានបង្កើតលោកអ័ដាមនិងនាងអេវ៉ាមក ទ្រង់បានធ្វើឱ្យពួកគេដឹងពីច្បាប់របស់ទ្រង់។ នៅពេលនោះ ច្បាប់នោះមិនបានសរសេរកត់ត្រាទេ ប៉ុន្តែ ត្រូវបានបង្ហាត់បង្រៀនដោយព្រះយេហូវ៉ាផ្ទាល់។
ថ្ងៃបរិសុទ្ធនៃក្រឹត្យវិន័យទី ៤ ត្រូវបានតាំងឡើងនៅក្នុងសួនច្បារអេដែន។ បន្ទាប់ពីព្រះបានបង្កើតផែនដី និងបង្កើតមនុស្សនៅលើផែនដីមក ព្រះអង្គបានបង្កើតថ្ងៃបរិសុទ្ធសម្រាប់មនុស្ស។ បន្ទាប់ពីអំពើបាបនិងការធ្លាក់ចុះរបស់លោកអ័ដាមមកគ្មានអ្វីដែលត្រូវបានដកយកចេញពីច្បាប់របស់ព្រះឡើយ។ គោលការនៃក្រឹត្យវិន័យ ១០ ប្រការ មានតាំងពីមុនមនុស្សមានបាប ហើយទាំងអស់នោះគឺជាអត្តចរិតត្រឹមត្រូវសម្រាប់មនុស្សបរិសុទ្ធ។ បន្ទាប់ពីមនុស្សមានបាបមក គោលការទាំងឡាយនៃច្បាប់ទាំងអស់មិនបានផ្លាស់ប្តូរទេ ប៉ុន្តែព្រះបានបន្ថែមបញ្ញត្តិ (ច្បាប់) ខ្លះទៀត ដើម្បីឱ្យត្រូវទៅនឹងសភាពមានបាបរបស់មនុស្ស។
ពេលនោះ ប្រព័ន្ធតង្វាយមួយដែលតម្រូវឱ្យយកសត្វមកថ្វាយជាយញ្ញបូជាត្រូវបានបង្កើតឡើង សម្រាប់មនុស្សមានបាប ដែលសត្វពស់បានធ្វើឱ្យនាងអេវ៉ាមិនជឿព្រះ ហើយលទ្ធផលនៃការមិនស្តាប់បង្គាប់នោះគឺជាសេចក្តីស្លាប់។ ការបំពានទៅនឹងច្បាប់របស់ព្រះ បានតម្រូវឱ្យព្រះគ្រីស្ទ ចាំបាច់ត្រូវតែសុគតជាយញ្ញបូជាដើម្បីឱ្យមនុស្សមានផ្លូវគេចផុតពីការដាក់ទោសនោះ ហើយដើម្បីលើកតម្កើងដល់ច្បាប់របស់ព្រះផង។ ប្រព័ន្ធនៃការថ្វាយតង្វាយយញ្ញបូជាបានបង្រៀនដល់មនុស្សឱ្យចេះបន្ទាបខ្លួន ដោយសម្លឹងមើលទៅស្ថានភាពនៃការធ្លាក់ចុះរបស់ខ្លួន និងដឹកនាំគេឱ្យកែប្រែចិត្ត ហើយទុកចិត្តដល់ព្រះតែមួយអង្គគត់ តាមរយៈព្រះដ៏ប្រោសលោះដែលព្រះបានសន្យា សម្រាប់លើកលែងទោស ដោយការបំពានច្បាប់ព្រះរបស់គេកន្លងមក។ ប្រសិនបើគេមិនបានប្រព្រឹត្តរំលងនឹងច្បាប់របស់ព្រះទេ នោះក៏មិនមានសេចក្តីស្លាប់កើតទ្បើងដែរ ហើយក៏មិនចាំបាច់ត្រូវការច្បាប់បន្ថែមដើម្បីឱ្យត្រូវនឹងស្ថានការណ៍នៃការធ្លាក់ចុះរបស់មនុស្សឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ជំពូក៣២
ខចងចាំ៖ ចូរញែកថ្ងៃឈប់សំរាករបស់អញចេញជាបរិសុទ្ធ នោះនឹងបានជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ អេសេគាល ២០:២០