ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត»។ កូរិនថូសទី២ ៦:១៧-១៨
អំណានប្រចាំថ្ងៃ ការត្រាស់ហៅឲ្យបំបែកខ្លួនចេញ
លោកអ័ដាមបានបង្រៀនកូនចៅរបស់គាត់អំពីច្បាប់របស់ព្រះ ជាច្បាប់ដែលគេបានបន្តដល់អ្នកស្មោះត្រង់ គ្រប់ជំនាន់។ ការបំពានទៅលើច្បាប់របស់ព្រះជាបន្តបន្ទាប់បានធ្វើឱ្យមានទឹកជំនន់មកលើផែនដី។ ច្បាប់របស់ព្រះត្រូវបានរក្សាដោយលោកណូអេ និងគ្រួសាររបស់គាត់ ជាអ្នកប្រព្រឹត្តសុចរិត ដែលបានសង្គ្រោះនៅក្នុងទូកធំ ដោយការអស្ចារ្យរបស់ព្រះ។ លោកណូអេបានបង្រៀនក្រឹត្យវិន័យ ១០ ប្រការដល់កូនចៅរបស់គាត់។ ព្រះអម្ចាស់ទ្រង់បានការពារមនុស្សដែលមានច្បាប់របស់ទ្រង់នៅក្នុងចិត្តសម្រាប់ព្រះអង្គ ចាប់តាំងពីលោកអ័ដាមរៀងមក។ ទ្រង់បានមានបន្ទូលទៅកាន់លោកអ័ប្រាហាំថា ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើ ហើយច្បាប់ និងក្រឹត្យវិន័យរបស់អញ» លោកុប្បត្តិ ២៦:៥។
ព្រះយេហូវ៉ាទ្រង់បានលេចមកឯលោកអ័ប្រាហាំ ហើយមានព្រះបន្ទូលទៅកាន់គាត់ថា «អញជាព្រះ ដ៏មានគ្រប់ព្រះចេស្តា ចូរឯងដើរនៅមុខអញ ហើយឱ្យបានគ្រប់លក្ខណ៍ចុះ នោះអញនឹងតាំងសញ្ញានឹងឯង ហើយនិងចម្រើនឯង ឱ្យមានគ្នាជាសន្ធឹកទ្បើង» លោកុប្បត្តិ ១៧:១, ២។ «អញនឹងតាំងសញ្ញានឹងឯង ហើយនិងពូជឯងជានិច្ច ដើម្បីឱ្យអញបានធ្វើជាព្រះនៃឯងនិងពូជឯងតទៅ» លោកុប្បត្តិ ១៧:៧។
បន្ទាប់មកព្រះទ្រង់បានតម្រូវឱ្យលោកអ័ប្រាហាំ និងពូជរបស់គាត់កាត់ស្បែក ដែលជាក្រុមកាត់សាច់ទុកជាទីសំគាល់ថាព្រះបានកាត់ពួកគេចេញ ហើយបានញែកពួកគេពីសាសន៍ទាំងឡាយ ទុកជាមរតកដ៏ពិសេសរបស់ទ្រង់។ តាមរយេៈសញ្ញានេះ ពួកគេបានស្បថយ៉ាងឧឡារិកថាពួកគេនឹងមិនរៀបការជាមួយសាសន៍ដទៃណាផ្សេងឡើយ ដ្បិតការធ្វើដូច្នេះ ពួកគេនឹងបាត់បង់ការគោរពចំពោះព្រះ ហើយនិងចំពោះច្បាប់ដ៏បរិសុទ្ធរបស់ទ្រង់ ហើយពួកគេនឹងបានដូចជាសាសន៍ដែលគោរពរូបព្រះដែលនៅជុំវិញពួកគេជាមិនខាន។
ដោយសកម្មភាពនៃការកាត់ស្បែក (ស្រោមចុងស្វាស)នេះ ពួកគេបានយល់ព្រមជាឧឡារិក ថានឹងបំពេញតួនាទីរបស់ខ្លួន តាមលក្ខខណ្ឌនៃសេចក្តីសញ្ញាដែលព្រះបានធ្វើជាមួយលោកអ័ប្រាហាំ ដើម្បីញែកចេញពីជាតិសាសន៍នានា ហើយដើម្បីឱ្យបានគ្រប់លក្ខណ៍។ ប្រសិនបើកូនចៅរបស់លោកអ័ប្រាហាំត្រូវបានញែកចេញពីជាតិសាសន៍ដទៃ ពួកគេនឹងមិនត្រូវបានគេលួងលោមឱ្យថ្វាយបង្គំរូបព្រះឡើយ។ ដោយការរក្សាការញែកចេញពីសាសន៍ដទៃ សេចក្តីល្បួងដ៏ធំ ទាក់ទងនឹងការប្រព្រឹត្តិអំពើបាបនិងការបះបោររបស់ពួកគេប្រឆាំងទាស់នឹងព្រះ នឹងត្រូវបានដកចេញពីពួកគេ។ ពួកគេបានបាត់បង់លក្ខណៈពិសេសនិងអត្តចរិតបរិសុទ្ធរបស់គេអស់រលីង ដោយការលាយឡំជាមួយសាសន៍ដទៃ ដែលនៅជុំវិញពួកគេ។ ដើម្បីដាក់ទណ្ឌកម្មដល់ពួកគេ ព្រះអម្ចាស់ទ្រង់បាននាំមកនូវអំណត់ (គ្រោះទុរ្ភិក្ស) មកលើទឹកដីរបស់ពួកគេ ដែលបានបង្ខំពួកគេឱ្យចុះទៅប្រទេសអេស៊ីព្ទ ដើម្បីការពារអាយុជីវិតរបស់ពួកគេ។ ប៉ុន្តែ ដោយសារតែសេចក្តីសន្យារបស់ទ្រង់ជាមួយលោកអ័ប្រាហាំ ព្រះទ្រង់មិនបានបោះបង់ចោលពួកគេទេ ខណៈដែលពួកគេស្នាក់នៅក្នុងប្រទេសអេស៊ីព្ទ។ ព្រះទ្រង់បានធ្វើឱ្យពួកគេឈឺចាប់ដោយការជិះជាន់ពីសាសន៍អេស៊ីព្ទ ដើម្បីឱ្យពួកគេវិលត្រឡប់មកឯទ្រង់វិញ ដោយសេចក្តីទុក្ខព្រួយរបស់ពួកគេ ឱ្យគេជ្រើសរើសយកការគ្រប់គ្រង ដ៏សុចរិតនិងមេត្តាករុណារបស់ទ្រង់ ហើយស្តាប់បង្គាប់នូវសេចក្តីដែលទ្រង់បង្គាប់ទាំងប៉ុន្មាន។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ជំពូក៣៣
ខចងចាំ៖ ចូរញែកថ្ងៃឈប់សំរាករបស់អញចេញជាបរិសុទ្ធ នោះនឹងបានជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ អេសេគាល ២០:២០