ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ គឺអញបានបង្គាប់សេចក្តីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ត្រូវឲ្យឯងរាល់គ្នាដើរតាមផ្លូវដែលអញបង្គាប់ឯងគ្រប់ចំពូក ដើម្បីឲ្យឯងបានសេចក្តីសុខស្រួល។ យេរេមា ៧:២៣
អំណានប្រចាំថ្ងៃ ការណែនាំបន្ថែមទៀត
ដើម្បីកុំឱ្យពួកគេមានលេសដោះសា ព្រះអម្ចាស់បានយាងចុះមកឯភ្នំស៊ីណាយដោយផ្ទាល់ ហ៊ុំព័ទ្ធដោយសិរីល្អនិងពួកពលទេវតារបស់ទ្រង់ ហើយទ្រង់បានប្រកាសប្រាប់ពីច្បាប់នៃក្រឹត្យវិន័យ ១០ ប្រការរបស់ទ្រង់ ក្នុងលក្ខណៈពិសេសនិងឧឡារិកជាទីបំផុត។ ព្រះទ្រង់មិនបានទុកចិត្តអ្នកណាម្នាក់ឱ្យបង្រៀនច្បាប់នេះដល់ពួកគេឡើយ សូម្បីទេវតារបស់ទ្រង់ក៏ដោយ ប៉ុន្តែ ព្រះអង្គបានមានព្រះបន្ទូលនូវច្បាប់របស់ទ្រង់ ដោយព្រះសូរសៀងដែលមនុស្សអាចស្តាប់ឮ។ ព្រះក៏ពុំបានទុកចិត្តលើការចងចាំដ៏ខ្លីរបស់មនុស្សដែលអាចនឹងភ្លេចនូវសេចក្តីត្រូវការរបស់ទ្រង់យ៉ាងរហ័សនោះដែរ ប៉ុន្តែ ព្រះអង្គបានសរសេរច្បាប់នោះដោយព្រះអង្គុលី (ម្រាមដៃ) ដ៏បរិសុទ្ធរបស់ទ្រង់ផ្ទាល់នៅលើបន្ទះថ្ម។ ទ្រង់អាចដកយកចេញពីពួកគេនូវប្រពៃណីរបស់មនុស្សដែលអាចលាយឡំជាមួយ នឹងក្រឹត្យវិន័យរបស់ទ្រង់ឬការអនុវត្តន៍ច្បាប់របស់ទ្រង់មិនបានត្រឹមត្រូវពីសំណាក់ពួកគេ។
បន្ទាប់មក ទ្រង់នៅតែយាងចូលទៅកៀកនឹងរាស្ត្ររបស់ទ្រង់ ដែលងាយនឹងនាំឱ្យវង្វេងនេះ ហើយព្រះអង្គមិនគ្រាន់តែទុកឱ្យគេនូវបញ្ញត្តិច្បាប់ទាំងនោះទេ។ ទ្រង់បានបង្គាប់ឱ្យលោកម៉ូសេ សរសេរតាមដែលទ្រង់បានបង្គាប់ដល់គាត់ នូវច្បាប់និងបញ្ញត្តិហើយប្រទានដល់ហ្វូងមនុស្សនូវអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឱ្យពួកគេប្រព្រឹត្ត ហេតុនោះហើយបានជាមានបញ្ញត្តិ ១០ ប្រការដែលទ្រង់បានឆ្លាក់នៅលើបន្ទះថ្ម។ ការដឹកនាំនិងសេចក្តីត្រូវការជាក់លាក់ទាំងអស់នេះត្រូវបានប្រទានឱ្យដល់ពួកបណ្តាជន ដើម្បីអូសទាញមនុស្សដែលប្រព្រឹត្តខុសឆ្គង ឱ្យមកស្តាប់បង្គាប់តាមច្បាប់សីលធម៌របស់ទ្រង់ដែលគេអាចនឹងបំពានលើច្បាប់នេះយ៉ាងឆាប់រហ័ស។
ប្រសិនបើមនុស្សបានគោរពតាមច្បាប់របស់ព្រះ ដូចដែលទ្រង់បានប្រទានដល់លោកអ័ដាម បន្ទាប់ពីការធ្លាក់ចុះរបស់គាត់ ដូចលោកណូអេគោរពនៅក្នុងទូកធំ និងដូចលោកអ័ប្រាហាំបានគោរពនោះ នឹងមិនចាំបាច់តម្រូវឱ្យកាត់ស្បែកនោះឡើយ។ ហើយប្រសិនបើកូនចៅរបស់លោក អ័ប្រាហាំបានរក្សានូវកិច្ចសន្យានៃការកាត់ស្បែក ដែលជាទីសំគាល់សេចក្តីសម្បថនោះ ពួកគេក៏មិនធ្លាក់ចូលទៅក្នុងការថ្វាយបង្គំរូបព្រះ និងមិនមានការឈឺចាប់ ដោយត្រូវខ្ចាត់ខ្ចាយទៅក្នុងប្រទេសអេស៊ីព្ទដែរ ហើយព្រះក៏មិនចាំបាច់ប្រកាសច្បាប់របស់ទ្រង់ពីភ្នំស៊ីណាយនិងឆ្លាក់នៅលើបន្ទះថ្មទេ ហើយក៏មិនចាំបាច់ឱ្យលោកម៉ូសេថែរក្សា ដោយការណែនាំឱ្យបណ្តាជនគោរពច្បាប់និងបញ្ញត្តិទាំងនោះយ៉ាងដាច់ខាតដែរ។
លោកម៉ូសេបានកក់ត្រាច្បាប់និងបញ្ញត្តិទាំងប៉ុន្មានដែលចេញពីព្រះឱស្ឋរបស់ព្រះនៅពេល ដែលគាត់បាននៅជាមួយទ្រង់នៅលើភ្នំ។ ប្រសិនបើរាស្ត្ររបស់ទ្រង់បានស្តាប់បង្គាប់នូវគោលការ នៃក្រឹត្យវិន័យ១០ប្រការ ព្រះក៏មិនចាំបាច់ប្រទានការណែនាំយ៉ាងជាក់លាក់ដល់លោកម៉ូសេ ឱ្យគាត់បានសរសេរនៅក្នុងសៀវភៅ ទាក់ទងទៅនឹងភារកិច្ចរបស់ពួកគេ ចំពោះព្រះ និងចំពោះមនុស្សទៅវិញទៅមកដែរ។ ការណែនាំយ៉ាងច្បាស់លាស់ ដែលព្រះបានប្រទានដល់លោកម៉ូសេ ទាក់ទងនឹងករណីយកិច្ចនៃរាស្ត្ររបស់ទ្រង់ ជាមួយនឹងមនុស្សដូចគ្នាទៅវិញទៅមក និងចំពោះជន បរទេស គឺជាគោលការយ៉ាងសង្ខេបនៃក្រឹត្យវិន័យទាំង១០ប្រការ ហើយបានប្រទាននៅក្នុងទ្រង់ទ្រាយជាក់លាក់ដែលមនុស្សមិនត្រូវប្រព្រឹត្តខុសពីនោះឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ចោទិយកថា ជំពូក១០
ខចងចាំ៖ ចូរញែកថ្ងៃឈប់សំរាករបស់អញចេញជាបរិសុទ្ធ នោះនឹងបានជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ អេសេគាល ២០:២០