ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរសរសើរដល់ព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមានសេចក្តីអំណរជាខ្លាំងចំពោះសេចក្តីបង្គាប់របស់ទ្រង់។ ទំនុកតម្កើង ១១២:១
អំណានប្រចាំថ្ងៃ ទីបន្ទាល់ដ៏មានអំណាច
ព្រះទ្រង់បានបង្រៀនដល់លោកម៉ូសេយ៉ាងជាក់ច្បាស់អំពីពិធីថ្វាយយញ្ញបូជា ដែលបានបញ្ឈប់នៅឯការសុគតរបស់ព្រះគ្រីស្ទ។ ប្រព័ន្ធនៃការថ្វាយតង្វាយយញ្ញបូជាគឺជាស្រមោលនៃតង្វាយ របស់ព្រះគ្រីស្ទជាកូនចៀមដែលគ្មានបាប។
ដំបូងបង្អស់ ព្រះអម្ចាស់បានបង្កើតប្រព័ន្ធតង្វាយដុតជាមួយនឹងលោកអ័ដាម បន្ទាប់ពីការធ្លាក់ចុះរបស់គាត់ ដែលគាត់បានបង្រៀនដល់កូនចៅជំនាន់ក្រោយរបស់គាត់។ ប្រព័ន្ធតង្វាយនេះត្រូវបានគេបង្ខូច (ធ្វើឱ្យលែងបរិសុទ្ធ) នៅមុនគ្រាទឹកជំនន់ និងដោយអ្នកដែលបំបែកខ្លួនគេចេញពីពួកអ្នកដើរតាមព្រះ ដោយស្មោះត្រង់ ហើយបានចូលរួមនៅក្នុងការសង់ប៉មបាបិល។ ពួកគេបានថ្វាយតង្វាយដុតទៅព្រះផ្សេងៗដែលគេបានធ្វើជំនួសឱ្យព្រះនៃស្ថានសួគ៌វិញ។ ពួកគេបានថ្វាយ តង្វាយយញ្ញបូជាមិនមែនដោយសារតែគេមានជំនឿទៅលើព្រះដ៏ប្រោសលោះ ដែលនឹងត្រូវយាងមកនោះទេ ប៉ុន្តែ ដោយគេគិតថា ពួកគេអាចនឹងធ្វើឱ្យព្រះរបស់ពួកគេពេញចិត្តដោយថ្វាយយញ្ញបូជា ជាសត្វធំៗ ជាច្រើន នៅលើសាសនារបស់ព្រះក្លែងក្លាយ។ គេបានបង្រៀនដល់មនុស្សថា កាលណាគេថ្វាយតង្វាយកាន់តែថ្លៃ នោះព្រះរបស់គេក៏កាន់តែពេញចិត្តដែរ ហើយការថ្វាយតង្វាយ ជាច្រើននោះនឹងធ្វើឱ្យគេមានការរីកចម្រើន និងធ្វើឱ្យជាតិសាសន៍របស់ពួកគេមានទ្រព្យសម្បត្តិស្តុកស្ភម្ភឡើង។ ដូច្នេះ មនុស្សតែងតែថ្វាយតង្វាយយញ្ញបូជាទៅរូបព្រះដែលគ្មានវិញ្ញាណទាំងនោះ។ ជាតិសាសន៍ទាំងនោះមានច្បាប់និងបទបញ្ជាដើម្បីគ្រប់គ្រងសកម្មភាពរបស់បណ្តាជនរបស់គេ ដែលច្បាប់នោះសាហាវឃោរឃៅហួសហេតុ។ ច្បាប់ទាំងឡាយរបស់ពួកគេត្រូវបានធ្វើទ្បើង ដោយអ្នកមានចិត្តរឹងមិនបានបន្ទន់ដោយព្រះគុណរបស់ព្រះឡើយ ហើយច្បាប់ទាំងនោះភាគច្រើនតឹងរ៉ឹងនិងឃោរឃៅបំផុត។
លោកម៉ូសេមានទស្សនៈនេះនៅក្នុងគំនិត នៅពេលដែលគាត់មានប្រសាសន៍ទៅកាន់រាស្ត្រអ៊ីស្រាអែលថា «មើលអញបានបង្រៀនច្បាប់ ហើយនិងបញ្ញត្តិដល់ឯងរាល់គ្នា តាមដែលព្រះយេហូវ៉ាជាព្រះនៃអញបានបង្គាប់មក ដើម្បីឱ្យឯងបានប្រព្រឹត្តតាមនៅក្នុងស្រុកដែលឯងត្រូវចូលទៅទទួលយក ដូច្នេះចូរឱ្យឯងរាល់គ្នាកាន់ ហើយប្រព្រឹត្តតាមចុះ ដ្បិតនេះនឹងបានជាប្រាជ្ញា ហើយជាយោបល់ដល់ឯងរាល់គ្នា នៅភ្នែកនៃអស់ទាំងសាសន៍ ដែលនឹងឮថ្លែងពីបញ្ញត្តិច្បាប់ទាំងប៉ុន្មាននេះ ហើយគេនឹងនិយាយថា ប្រាកដជាសាសន៍នេះមានប្រាជ្ញា និងយោបល់ពិត ដ្បិតតើមានសាសន៍ដ៏ធំណាមួយ ដែលមានព្រះគង់នៅជិតគេ ដូចជាព្រះយេហូវ៉ា ជាព្រះនៃយើងទ្រង់គង់នៅជិត ក្នុងកាលដែលយើងអំពាវនាវរកទ្រង់នោះ ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់និងបញ្ញត្តិដ៏ត្រឹមត្រូវ ឱ្យដូចជាក្រឹត្យវិន័យនេះ ដែលអញដាក់នៅមុខឯងរាល់គ្នា នៅថ្ងៃនេះដូច្នេះ»ចោទិយកថា ៤:៥-៨។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក១១១
ខចងចាំ៖ អញនឹងដើរនៅកណ្តាលពួកឯង ព្រមទាំងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជារាស្ត្រដល់អញ ។ លេវីវិន័យ ២៦:១២