ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ។ កូរិថូសទី២ ៩:៧
អំណានប្រចាំថ្ងៃ
រោងឧបោសថត្រូវបានធ្វើទ្បើងតាមការត្រាស់បង្គាប់របស់ព្រះ។ ព្រះយេហូវ៉ាបានលើកតាំងមនុស្សទ្បើងហើយបានធ្វើឱ្យគេមានសមត្ថភាពលើសពីនិស្ស័យពីកំណើតរបស់មនុស្ស ដើម្បីបំពេញការងារដ៏ប៉ិនប្រសប់។ ព្រះយេហូវ៉ាបានធ្វើគម្រោងដោយផ្ទាល់ព្រះអង្គ ហើយបានប្រទានឱ្យដល់លោកម៉ូសេ ជាមួយនឹងការណែនាំយ៉ាងច្បាស់លាស់នូវទំហំទ្រង់ទ្រាយនិងសម្ភារៈដែលនឹងត្រូវធ្វើ ហើយទ្រង់បានបញ្ជាក់ពីគ្រប់ទាំងគ្រឿងសង្ហារឹមទាំងឡាយដែលត្រូវប្រើទៀតផង។ ព្រះអង្គទ្រង់បានបង្ហាញដល់លោកម៉ូសេនូវគំរូយ៉ាងលំអិតនៃទីបរិសុទ្ធនៅស្ថានសួគ៌ ហើយទ្រង់បានបង្គាប់ឱ្យលោកម៉ូសេធ្វើតាមគំរូដែលទ្រង់បានបង្ហាញនៅលើភ្នំ។ លោកម៉ូសេបានកត់ត្រានូវការណែនាំទាំងនោះនៅក្នុងសៀវភៅហើយបានអានឱ្យមនុស្សដែលមានឥទ្ធិពលជាងគេស្តាប់។ បន្ទាប់មក ព្រះយេហូវ៉ាទ្រង់បានតម្រូវឱ្យពួកបណ្តាជនយកតង្វាយដោយស្មគ្រ័ពីចិត្ត មកសង់ទីបរិសុទ្ធថ្វាយទ្រង់ ដើម្បីឱ្យទ្រង់អាចគង់នៅជាមួយពួកគេ។ «នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែល គេក៏ចេញពីមុខម៉ូសេ ទាំងអស់គ្នាទៅ។ ដូច្នេះអស់អ្នកណាដែលមានសេចក្តីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្តាលឱ្យថ្វាយស្ម័គ្រពីចិត្តនោះក៏យកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សម្រាប់ការធ្វើត្រសាលជំនុំ សម្រាប់ការងារក្នុងត្រសាលជំនុំនោះ ហើយសម្រាប់សំលៀកបំពាក់បរិសុទ្ធទាំងប៉ុន្មាន ឯអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្តនោះ ក៏ចូលមកទាំងប្រុសទាំងស្រី ព្រមទាំងយកកងជើងកងដៃ កន្លះក (ខ្សែក) ក្រវិល ចិញ្ចៀន ជាប្រដាប់សមរម្យគ្រប់មុខមកថ្វាយជាតង្វាយមាសដល់ព្រះយេហូវ៉ា»។
ការរៀបចំដ៏អស្ចារ្យនិងមានតម្លៃថ្លៃទាំងអស់នោះ គឺជាការចាំបាច់។ ពួកគេត្រូវតែជ្រើសរើសសម្ភារៈដែលល្អៗនិងមានតម្លៃ។ ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែតង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្តប៉ុណ្ណោះ។ ការតាំងចិត្តប្តេជ្ញាជាមួយនឹងការងាររបស់ព្រះ ហើយនិងការថ្វាយស្ម័គ្រពីចិត្តគឺជាតម្រូវការដំបូង ក្នុងការរៀបចំទីកន្លែងថ្វាយព្រះ។ នៅពេលដែលការសាងសង់រោងឧបោសថកំពុងតែដំណើរការ ពួកបណ្តាជនកំពុងតែនាំយកតង្វាយរបស់ពួកគេទៅជូនលោកម៉ូសេ ហើយគាត់ក៏បានប្រគល់វាឱ្យទៅអ្នកសាងសង់ ពួកមនុស្សឆ្លាតវៃទាំងឡាយដែលលោកម៉ូសេបានដាក់ឱ្យត្រួតពិនិត្យអំណោយជាតង្វាយដែលបណ្តាជនបាននាំយកមកបានឃើញថាពួកបណ្តាជនបាននាំយកតង្វាយមកនោះ គ្រប់គ្រាន់ហើយ ថែមទាំងលើសពីសេចក្តីត្រូវការទៀតផង។ ហើយលោកម៉ូសេបានប្រកាសពេញទាំងជំរំ ដោយមានប្រសាសន៍ថា «កុំឱ្យអ្នកណាទោះប្រុសឬស្រីធ្វើការអ្វីទៀត សម្រាប់ជាតង្វាយដល់រោងឧបោសថទ្បើយ ដូចេ្នះ គេក៏បញ្ឈប់ពួកជនមិនឱ្យយកមកទៀត»។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ជំពូក៣៥
ខចងចាំ៖ អញនឹងដើរនៅកណ្តាលពួកឯង ព្រមទាំងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជារាស្ត្រដល់អញ ។ លេវីវិន័យ ២៦:១២