ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តែវេលាណាដែលទូលបង្គំភ័យនោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់។ ទំនុកតម្កើង ៥៦:៣
អំណានប្រចាំថ្ងៃ ការរំដោះនៅសមុទ្រក្រហម
រាស្ត្រអ៊ីស្រាអែលបានលែងទុកចិត្តទៅលើព្រះយ៉ាងឆាប់រហ័ស! គេបានឃើញការជំនុំជម្រះរបស់ព្រះមកលើសាសន៍អេស៊ីព្ទ ដើម្បីបង្ខំឱ្យស្តេចអនុញ្ញាតឱ្យពួកគេចេញទៅ ប៉ុន្តែ នៅពេលដែលទំនុកចិត្តទៅលើព្រះរបស់ពួកគេត្រូវបានសាកល្បង ពួកគេបានរអ៊ូរទាំ ទោះបីជាពួកគេបានឃើញភស្តុតាងនៃអំណាចរបស់ទ្រង់នៅក្នុងការរំដោះពួកគេយ៉ាងអស្ចារ្យក៏ដោយ។ ជំនួសឱ្យការទុកចិត្តទៅលើព្រះជាចាំបាច់ខានមិនបាន គេបែរជារអ៊ូរទាំដាក់លោកម៉ូសេដ៏ស្មោះត្រង់ ដោយរំឭកគាត់នូវពាក្យពេចន៍ដ៏គ្មានជំនឿទាំងឡាយរបស់ពួកគេដែលគេបានពោលកាលពីគេនៅក្នុងស្រុកអេស៊ីព្ទ។ ពួកគេបានចោទប្រកាន់គាត់ថាជាអ្នកធ្វើឱ្យពួកគេគ្រប់ៗគ្នាទទួលសេចក្តីទុក្ខព្រួយ។ លោកម៉ូសេបានលើកទឹកចិត្តដល់ពួកគេឱ្យទុកចិត្តលើព្រះ ហើយដកយកនូវអាកប្បកិរិយាគ្មានជំនឿចេញ នោះពួកគេនឹងឃើញនូវការដែលព្រះយេហូវ៉ានឹងធ្វើសម្រាប់ពួកគេ។ លោកម៉ូសេបានស្រែកអំពាវនាវដោយស្មោះអស់ពីចិត្តទៅព្រះ ដើម្បីឱ្យទ្រង់រំដោះរាស្ត្រជ្រើសរើសរបស់ទ្រង់ឱ្យរួចផុតពីគ្រោះថ្នាក់នេះ។
«រួចព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា ឯងអំពាវនាវរកអញធ្វើអី ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឱ្យដើរទៅមុខទៅ ឯឯងត្រូវលើកដំបងលូកដៃទៅលើសមុទ្រ ញែកទឹកចេញពីគ្នា ដើម្បីឱ្យពួកកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្តាលសមុទ្រ»។ ព្រះយេហូវ៉ាបានធ្វើឱ្យម៉ូសេយល់ថាទ្រង់នឹងធ្វើការជំនួសរាស្ត្ររបស់ទ្រង់ និងថាសេចក្តីត្រូវការចាំបាច់របស់ពួកគេ គឺជាឱកាសរបស់ទ្រង់។ នៅពេលដែលពួកគេធ្វើដំណើរបានកាន់តែឆ្ងាយណាស់ទៅហើយនោះ លោកម៉ូសេនៅតែជំរុញឱ្យពួកគេធ្វើដំណើរទៅមុខបន្តទៅទៀត ដោយថាគាត់អាចយកដំបងដែលព្រះបានប្រទានឱ្យ នោះសម្រាប់ញែកទឹកចេញពីគ្នាបាន។
«ឯអញ អញនឹងបណ្តាលឱ្យពួកសាសន៍អេស៊ីព្ទមានចិត្តរឹងទទឹង ចូលទៅតាមឯងរាល់គ្នា នោះអញនឹងបានកិត្តិស័ព្ទដោយឈ្នះផារ៉ោន និងកងទ័ពទ្រង់ ហើយនិងអស់ទាំងរទេះចម្បាំង ព្រមទាំងពួកពលសេះទ្រង់ផង។ នោះពួកសាសន៍អេស៊ីព្ទគេនឹងដឹងថា អញជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលអញបានកិត្តិស័ព្ទដោយឈ្នះផារ៉ោន និងអស់ទាំងរទេះចម្បាំង ហើយនិងពួកពលសេះទ្រង់ដូច្នេះ។ នោះទេវតានៃព្រះដែលបាននាំមុខពួកអ៊ីស្រាអែល ទ្រង់ក៏ត្រឡប់ទៅនៅឯខាងក្រោយវិញ ហើយបង្គោលពពកក៏ចេញពីមុខទៅ នៅខាងក្រោយដែរ ពពកនោះស្ថិតនៅជាកណ្តាលពួកសាសន៍អេស៊ីព្ទ និងពួកអ៊ីស្រាអែល ក៏ងងឹតខាងម្ខាង ហើយភ្លឺខាងម្ខាងនៅវេលាយប់បានជាពួកទាំងពីរនោះមិនបានមកជិតគ្នានៅវេលាយប់នោះទ្បើយ»។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ជំពូក១៤
ខចងចាំ៖ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តីសប្បុរស សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្តីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ យេរេមា ៩:២៣-២៤