ថ្ងៃសុក្រ ទី០៤​ ខែកុម្ភៈ ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី១៦-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រោះ​ចិត្ត​របស់​ជនជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែ​ចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា។ ម៉ាថាយ ១៣:១៥

អំណានប្រចាំថ្ងៃ ផ្លូវនៃការរត់គេចខ្លួនដ៏អស្ចារ្យរបស់ព្រះ

សាសន៍អេស៊ីព្ទមិនអាចមើលឃើញកូនចៅអ៊ីស្រាអែលទេ ដ្បិតពពកនៃភាពងងឹតដ៏ក្រាស់នៅពីមុខពួកគេ ប៉ុន្តែ មានពពកភ្លឺនៅ​ខាង​កូន​ចៅអ៊ីស្រាអែលវិញ។ ព្រះអម្ចាស់ទ្រង់បានបង្ហាញនូវអំណាចរបស់ទ្រង់ដូច្នេះ ដើម្បីសាកល្បងដល់រាស្ត្ររបស់ទ្រង់ថាតើពួកគេនឹងទុកចិត្តចំពោះទ្រង់ បន្ទាប់ពីការប្រទាននូវទីសំគាល់នៃការយកព្រះទ័យទុកដាក់និងសេចក្តីស្រឡាញ់របស់ទ្រង់ដល់ពួកគេនិងដើម្បីស្តីបន្ទោសដល់ការគ្មានជំនឿ និងការត្អូញត្អែររបស់ពួកគេ។ «នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយ​ព្រះយេហូវ៉ាទ្រង់ច្រាន ផាត់សមុទ្រចេញដោយកម្លាំងខ្យល់ពីខាងកើតដែលបក់ជាយ៉ាងខ្លាំងពេញមួយយប់នោះ ទ្រង់ធ្វើឱ្យទឹកបានញែកចេញពីគ្នា ឱ្យសមុទ្រនៅជាគោកវិញ រួចពួកកូនចៅអ៊ីស្រាអែល គេក៏ចូលទៅនា​កណ្តាលសមុទ្រតាមដីគោក ហើយមានទឹកជាកំផែងនៅខាងស្តាំ និង​ខាងឆ្វេងគេ»។ ទឹកបានងើបទ្បើងហើយបានឈរដូចជាជញ្ជាំងទឹកកកទាំង​សងខាង ខណៈដែលកូនចៅអ៊ីស្រាអែលបានដើរនៅកណ្តាលសមុទ្រលើ​ដីគោក។

កងទ័ពអេស៊ីព្ទកំពុងមានជ័យជំនះនៅយប់នោះ ដោយសង្ឃឹមថាកូនចៅអ៊ីស្រាអែលនឹងត្រូវត្រឡប់ទៅនៅ ក្រោមអំណាចរបស់គេ​សារជា​ថ្មីវិញ។ ពួកគេបានគិតថា ពួកអ៊ីស្រាអែលមិនអាចរត់គេចខ្លួនបានទ្បើយ ព្រោះនៅពីមុខពួកគេមានសមុទ្រក្រហមលាតសន្ធឹងល្វឹងល្វើយ ហើយ​ពលទ័ព​ដ៏ច្រើនសន្ធឹកសន្ធាប់តាមប្រកិតពីក្រោយ។ នៅពេលព្រឹកឡើង ខណៈដែលពួកគេបានដល់មាត់សមុទ្រ អូ! មានផ្លូវគោក ទឹកត្រូវបានញែក​ចេញពីគ្នា ហើយបានឈរដូចជាជញ្ជាំងនៅទាំងសង​ខាងផ្លូវ ហើយកូនចៅអ៊ីស្រាអែលបានឆ្លងសមុទ្របានពាក់កណ្តាលទៅហើយ ដោយកំពុងតែដើរ​នៅលើដីគោក។ ពួកគេបានរង់ចាំមួយស្របក់ ដើម្បីសម្រេចចិត្ត​ថា​តេីត្រូវ​ដេញតាមដោយវិធីណា។ ពួកគេបានខកចិត្តជា​ខ្លាំង នៅពេលដែលសាសន៍ហេព្រើរទាំងនោះជិតធ្លាក់ក្នុងអំណាចរបស់គេទៅហើយ ដោយគេដឹងយ៉ាង​ច្បាស់ថា គ្មានផ្លូវណាបើកឱ្យពួកគេនៅក្នុង​សមុទ្រនេះទ្បើយ។ ពួកគេក៏បានសម្រេចចិត្តដេញតាមពួកអ៊ីស្រាអែល។

«ពួកសាសន៍អេស៊ីព្ទក៏ប្រឹងដេញចូលទៅត្រង់កណ្តាលសមុទ្រតាមគេ ព្រម​ទាំង​សេះផារ៉ោន និងរទេះចម្បាំង ហើយទាំងពលសេះទ្រង់ផង នៅវេលា​យាម​ព្រឹកនោះ ព្រះយេហូវ៉ាទ្រង់ក៏ទតពីបង្គោលភ្លើង ហើយនិង​ពពក​ទៅ​ឃើញពលទ័ពសាសន៍អេស៊ីព្ទ រួចទ្រង់បណ្តាលឱ្យគេជាពួកពលទ័ពសាសន៍អេស៊ីព្ទកោលាហលទ្បើង ក៏ធ្វើឱ្យរបូតកង់ពីរទេះគេចេញឱ្យគេ​បរដោយ​ពិបាក បានជាពួកសាសន៍អេស៊ីព្ទនិយាយថា ចូរយើងរាល់គ្នា​រត់ពីសាសន៍អ៊ីស្រាអែលនេះចេញទៅ ដ្បិតព្រះយេហូវ៉ាទ្រង់ច្បាំងនឹងយើងជំនួសគេហើយ»។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក​១៣៦

ខចងចាំ៖​​ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កំឡាំង​ខ្លួន ឬ​អ្នក​មាន អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្តី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​អញ​ថា អញ​ជា​ព្រះយេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្តី​សប្បុរស សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត​នៅ​ផែនដី ដ្បិត​អញ​រីករាយ​ចិត្ត​ចំពោះ​សេចក្តី​ទាំង​នោះ​ហើយ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។ យេរេមា ៩:២៣-២៤

Powered by CAM