ថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ាចូរយើងឡើងសំឡេងដោយអំណរដល់ថ្មដានៃសេចក្តីសង្គ្រោះរបស់យើងចូរយើងចូលទៅចំពោះទ្រង់ ដោយអរព្រះគុណចូរយើងឡើងសំឡេងថ្វាយទ្រង់ ដោយទំនុកដំកើងចុះដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ។ ទំនុកតម្កើង ៩៥:១-៣
អំណានប្រចាំថ្ងៃ ការរំដោះចុងក្រោយ
សាសន៍អេស៊ីព្ទបានក្លាហានហ៊ានប្រថុយចូលក្នុងផ្លូវដែលព្រះបានរៀបចំសម្រាប់រាស្ត្ររបស់ទ្រង់ ហើយទេវតារបស់ព្រះបានយាងកាត់ពលទ័ពរបស់គេ ព្រមទាំងបានដកយកកង់រទេះចម្បាំងរបស់ពួកគេ។
មានសេចក្តីវេទនាជាខ្លាំង។ ដំណើរទៅមុខរបស់ពួកគេយឺតជាទីបំផុត ហើយពួកគេក៏ចាប់ផ្តើមធ្លាក់ចូលទៅក្នុងបញ្ហា។ ពួកគេបាននឹកឃើញនូវការជំនុំជម្រះដែលព្រះនៃសាសន៍ហេព្រើរបាននាំមកលើពួកគេក្នុងប្រទេសអេស៊ីព្ទ ដើម្បីបង្ខំពួកគេឱ្យអនុញ្ញាតឱ្យជនជាតិអ៊ីស្រាអែលចេញទៅហើយពួកគេបានគិតថា ព្រះនឹងប្រគល់ពួកគេទាំងអស់ទៅក្នុងកណ្តាប់ដៃរបស់សាសន៍អ៊ីស្រាអែលមិនខាន។ ពួកគេបានសម្រេចចិត្តថា ព្រះកំពុងតែច្បាំងជំនួសកូនចៅអ៊ីស្រាអែលហើយ ពួកគេមានសេចក្តីភ័យខ្លាចយ៉ាងខ្លាំង ហើយបានប្រុងប្រៀបត្រឡប់បែរក្រោយដើម្បីរត់គេចពីពួកអ៊ីស្រាអែលនៅពេលដែល «ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមកកាន់ម៉ូសេ ចូរឯងលើកដៃទៅលើសមុទ្រទៅដើម្បីឱ្យទឹកបានហូរត្រឡប់គ្របលើពួកសាសន៍អេស៊ីព្ទ ព្រមទាំងរទេះនិងពួកពលទ័ពសេះគេផង។
«នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយដល់ព្រឹកទ្បើងទឹកក៏ហូរប្រសព្វចូលទៅនៅកន្លែងធម្មតាវិញ ពួកសាសន៍អេស៊ីព្ទក៏នាំគ្នារត់ចេញពីទឹក ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់ផ្តួលគេនៅកណ្តាលសមុទ្រទៅ ហើយទឹកក៏ត្រឡប់មកគ្របលើអស់ទាំងរទេះ និងពួកពលសេះ ហើយនិងពួកពលទ័ពផារ៉ោនទាំងអស់ដែលបានចូលទៅក្នុងសមុទ្រតាមពួកកូនចៅអ៊ីស្រាអែល គ្មានរួចអ្នកណាមួយសោះទ្បើយ តែពួកកូនចៅអ៊ីស្រាអែលបានដើរនៅកណ្តាលសមុទ្រតាមដីគោកវិញ ដោយមានទឹកជាកំផែងនៅខាងស្តាំ និងខាងឆ្វេង។ ដូច្នេះនៅថ្ងៃនោះឯង ទ្រង់បានជួយពួកអ៊ីស្រាអែល ឱ្យរួចពីកណ្តាប់ដៃសាសន៍អេស៊ីព្ទ ហើយពួកកូនចៅអ៊ីស្រាអែលបានឃើញខ្មោចពួកសាសន៍អេស៊ីព្ទរាយនៅតាមឆ្នេរសមុទ្រ ក៏បានឃើញការយ៉ាងធំដែលស្នាដៃព្រះយេហូវ៉ាបានធ្វើដល់សាសន៍អេស៊ីព្ទ នោះគេក៏មានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយក៏ជឿដល់ទ្រង់ព្រមទាំងដល់ម៉ូសេជាអ្នកបំរើទ្រង់ផង»។
នៅពេលដែលសាសន៍ហេព្រើរបានឃើញស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះក្នុងការបំផ្លាញសាសន៍អេស៊ីព្ទ ពួកគេបានរួបរួមគ្នាក្នុងចម្រៀង និងការសេរសើរតម្កើងដល់ព្រះដ៏ពោរពេញដោយការដឹងគុណ។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ១៥:១-២១
ខចងចាំ៖ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តីសប្បុរស សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្តីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ យេរេមា ៩:២៣-២៤