ថ្ងៃអាទិត្យ ទី០៦​ ខែកុម្ភៈ ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-១៧)​

ការធ្វើដំណើររបស់សាសន៍អ៊ីស្រាអែល


អំណានព្រះគម្ពីរពេលព្រឹក៖ ជន​ទាំងឡាយ​អើយ ចូរ​ទុក​ចិត្ត​នឹង​ទ្រង់​ជានិច្ច ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​ សម្រាប់​យើង​ខ្ញុំ។ ទំនុកតម្កើង ៦២:៨

អំណានប្រចាំថ្ងៃ

កូនចៅអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានអស់រយៈពេល៣ថ្ងៃ មិនឃើញមានទឹកស្អាតឱ្យពួកគេបរិភោគសោះ។ ពួកគេបានទទួលរងគ្រោះដោយការស្រេកទឹក «បណ្តាជនក៏ត្អួញត្អែរដាក់ម៉ូសេថា តើយើងមានអ្វីផឹក? លោកម៉ូសេក៏អំពាវនាវដល់ព្រះយេហូវ៉ា រួចទ្រង់បង្ហាញដើមឈើមួយឱ្យ​លោកបោះទៅក្នុងទឹកនោះ ទឹកក៏ត្រឡប់ទៅជាសាបវិញនៅទីនោះទ្រង់បាន​​តែងច្បាប់និងបញ្ញត្តិសម្រាប់គេ ព្រមទាំងល្បងគេដែរ ទ្រង់​មានព្រះបន្ទូល​ថា បើឯងរាល់គ្នាប្រុងនឹងស្តាប់តាមព្រះយេហូវ៉ា ជាព្រះនៃឯង ហើយធ្វើការ​ត្រឹមត្រូវនៅព្រះនេត្រនៃទ្រង់ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបញ្ញត្តិទ្រង់ ហើយកាន់តាមច្បាប់ទ្រង់ទាំងប៉ុន្មាន នោះអញនឹងមិនធ្វើឱ្យឯងរាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចជាអញបានធ្វើឱ្យកើតទ្បើងដល់ពួកសាសន៍អេស៊ីព្ទនោះទ្បើយ ដ្បិតអញនេះជាព្រះយេហូវ៉ា គឺជាព្រះដែលប្រោសឯងរាល់គ្នាឱ្យជា»។

កូនចៅអ៊ីស្រាអែលហាក់ដូចជាមិនជឿទៅលើព្រះទេ។ ពួកគេមិន​បាន​ពុះពារ ទ្រាំទ្រទៅនឹងការពិបាកទាំងឡាយ នៅក្នុងទីរហោស្ថានឡើយ។ នៅពេលដែលពួកគេបានជួបនឹងភាពលំបាកផ្សេងៗនៅតាមផ្លូវ ពួកគេបា​ន​គិតថា ពួកគេទ័លច្រកហើយ។ ការទុកចិត្តរបស់ពួកគេទៅលើព្រះបាន​បរាជ័យ ហើយពួកគេមិនអាចមើលឃើញអ្វីនៅពីមុខគេក្រៅពីសេចក្តីស្លាប់ឡើយ។ «ហើយពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ត្អួញត្អែរនឹងម៉ូសេ ហើយនឹងអើរ៉ុន នៅទីរហោស្ថាននោះ គេនិយាយនឹងលោកថា ស៊ូឱ្យយើង​បានស្លាប់ ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ ក្នុងកាលដែលយើងអង្អុយនៅជិតឆ្នាំងសម្ល ហើយ​បានទទួលទានបាយឱ្យឆ្អែតនោះជាជាង ដ្បិតដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះ ដើម្បីតែសម្លាប់ពួកជំនុំនេះទាំងអស់ដោយអត់ឃ្លានទេ»។

ពួកគេមិនបានរងគ្រោះដោយការស្រេកឃ្លានពិតប្រាកដនោះទេ។ ពួកគេមានអាហារគ្រប់គ្រាន់សម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែ​ ពួកគេព្រួយបារម្ភចំពោះពេលអនាគត ពួកគេមិនអាចមើលឃើញនូវរបៀបដែលកូនចៅ អ៊ីស្រាអែលមានជីវិតរស់នៅក្នុងការធ្វើដំណើរដ៏វែងឆ្ងាយនៅក្នុងទីរហោស្ថាន​នោះទេ ប៉ុន្តែ ពួកគេបែរជាគ្មានសេចក្តីជំនឿដោយព្រួយបារម្ភពីរឿងម្ហូបអាហារយ៉ាងកំប៉ិកកំប៉ុក ដែលកូនចៅរបស់គេនឹងជួបប្រទះនោះទៅវិញ។ ព្រះអម្ចាស់ទ្រង់ធ្វើឱ្យពួកគេខ្វះចំណីអាហារបរិភោគក្នុងរយៈពេលខ្លី និងឱ្យពួកគេជួបការពិបាកផ្សេងៗ ដើម្បីឱ្យចិត្តរបស់គេបែរមករកទ្រង់ ជាព្រះដែលបានជួយពួកគេរហូតមកប្រយោជន៍ឱ្យគេបានជឿដល់ទ្រង់។ ព្រះអង្គទ្រង់ប្រុងចាំជួយដល់ពួកគេជានិច្ច។ ប្រសិន​បើ​ ពួកគេចង់ គេអាចអំពាវនាវរកទ្រង់ នោះទ្រង់នឹងបង្ហាញដល់ពួកគេនូវទីសំគាល់នៃសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ទ្រង់ជានិច្ច។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ១៥:២២-២៧

ខចងចាំ៖​​ ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​ឯង​មក ហើយ​ឱ​ពួក​អ៊ីស្រាអែល​អើយ ព្រះ​ដែល​ជប​សូន​ឯង ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ។ អេសាយ ៤៣:១

Powered by CAM