ថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ។ ថែស្សាឡូនីចទី១ ៥:១៦-១៨
អំណានប្រចាំថ្ងៃ ឆាប់ភ្លេច
ប៉ុន្តែ ពួកគេហាក់ដូចជាលែងមានជំនឿទុកចិត្តលើព្រះ ខ្លាំងដូចកាលដែលពួកគេបានឃើញ អំណាចរបស់ទ្រង់ គង់នៅជាមួយនឹងគេផ្ទាល់នឹងភ្នែករៀងរាល់ថ្ងៃនោះទៀតហើយ។ ប្រសិនបើពួកគេមានសេចក្តីជំនឿនិងការទុកចិត្តលើព្រះពិតប្រាកដ នោះការពិបាកនិងឧបសគ្គទាំងឡាយ ឬសូម្បីតែការឈឺចាប់ដ៏ពិតប្រាកដ ក៏បានក្លាយជាភាពរីករាយវិញដែរ បន្ទាប់ពីព្រះយេហូវ៉ាទ្រង់បានយកព្រះទ័យទុកដាក់រំដោះពួកគេចេញពីភាពជាទាសករមក។ ម៉្យាងវិញទៀត ព្រះយេហូវ៉ាទ្រង់បានសន្យាជាមួយនឹងពួកគេថា ប្រសិនបើពួកគេគោរពតាមបញ្ញត្តិរបស់ទ្រង់ នោះទ្រង់នឹងមិនធ្វើឱ្យមានជំងឺរោគាណាមួយ កើតឡើងដល់ពួកគេទ្បើយ ដ្បិតទ្រង់មានបន្ទូលថា «អញជាព្រះយេហូវ៉ា ជាព្រះដែលបានប្រោសឯងរាល់គ្នាឱ្យបានជា»។
បន្ទាប់ពីសេចក្តីសន្យាពីព្រះដ៏ជាក់ច្បាស់នេះមក សេចក្តីជំនឿរបស់គេបានធ្លាក់ចុះយ៉ាងគំហុក ដោយគេប្រមើល មើលឃើញថាពួកគេនិងកូនចៅរបស់គេនឹងត្រូវស្លាប់ដោយការអត់ឃ្លាន។ ពួកគេបានរងទុក្ខជាទម្ងន់នៅប្រទេសអេស៊ីព្ទ ដោយត្រូវគេបង្ខំឱ្យធ្វើការហួសកម្លាំង។ កូនចៅរបស់ពួកគេត្រូវបានគេសម្លាប់ ហើយក្នុងការឆ្លើយតបទៅនឹងការអធិស្ឋានដោយចិត្តអួលណែនរបស់ពួកគេ ព្រះយេហូវ៉ាទ្រង់បានរំដោះពួកគេដោយក្តីមេត្តាករុណា។ ព្រះអង្គបានសន្យាថានឹងធ្វើជាព្រះដល់គេ ដោយទទួលយកពួកគេធ្វើជារាស្ត្ររបស់ទ្រង់ ហើយដឹកនាំពួកគេទៅកាន់ទឹកដីដែលមានជីរជាតិល្អដ៏ធំល្វឹងល្វើយ។
ប៉ុន្តែ ពួកគេបានត្រៀមខ្លួនរួចជាស្រេចនឹងចុះចាញ់ការឈឺចាប់ទាំងឡាយដែលពួកគេនឹងត្រូវជួបប្រទះ នៅតាមផ្លូវទៅកាន់ទឹកដីនោះ។ ពួកគេធ្លាប់បានទ្រាំទ្រយ៉ាងអត់ធ្មត់ជាមួយនឹងការងារជាទម្ងន់របស់ជនជាតិអេស៊ីព្ទ ប៉ុន្តែ ឥឡូវនេះគេមិនអាចទ្រាំទ្រនឹងការងាររបស់ព្រះបានឡើយ។ ពួកគេទាំងអស់បានរៀបចំខ្លួនដើម្បីបោះបង់ចោលនូវសេចក្តីជំនឿរបស់គេ ដោយការសង្ស័យ ហើយធ្លាក់ចូលទៅក្នុងការបាក់ទឹកចិត្ត នៅពេលដែលពួកគេបានទទួលការសាកល្បងពីព្រះ។ ពួកគេបានរអ៊ូរទាំទាស់នឹងម៉ូសេ ជាអ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់ ហើយបានចោទប្រកាន់គាត់ពីការពិបាកទាំងឡាយរបស់ពួកគេ និងបានបញ្ចេញបំណងប្រាថ្នាដ៏អាក្រក់ ថាបើពួកគេនៅក្នុងប្រទេសអេស៊ីព្ទ ពួកគេអាចអង្គុយនៅជិតឆ្នាំងសម្ល ហើយបរិភោគយ៉ាងឆ្អែត។
អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ១២:២២-៣៤
ខចងចាំ៖ ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតឯងមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនឯង ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ។ អេសាយ ៤៣:១