ថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ។ ម៉ាថាយ ៦:២០-២១
អំណានប្រចាំថ្ងៃ គំរូនៃការសប្បុរស
ការត្អូញត្អែរដដែលៗរបស់រាស្ត្រអ៊ីស្រាអែល ហើយនិងការមកដល់នៃសេចក្តីក្រោធរបស់ព្រះ ដោយសារតែការបំពានច្បាប់របស់ពួកគេ ត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រដ៏ពិសិដ្ឋសម្រាប់ជាប្រយោជន៍ដល់រាស្ត្ររបស់ទ្រង់ជំនាន់ក្រោយ ដែលរស់នៅលើផែនដី ប៉ុន្តែ ពិសេសជាងនេះទៅទៀតនោះគឺ ដើម្បីបង្ហាញនូវការព្រមានដល់អស់អ្នកដែលរស់នៅជិតគ្រាចុងក្រោយបង្អស់នៃផែនដី។ ហើយសកម្មភាពនៃការប្តេជ្ញាចិត្តចំពោះការងារ និងថាមពល ព្រមទាំងសេចក្តីសប្បុរសរបស់គេ នៅក្នុងការនាំយកតង្វាយថ្វាយដោយស្ម្រ័គពីចិត្ត ទៅជូនលោកម៉ូសេក៏ត្រូវបានកត់ត្រា សម្រាប់ជាប្រយោជន៍ដល់រាស្ត្ររបស់ទ្រង់ដែរ។ គំរូរបស់ពួកគេក្នុងការរៀបចំសម្ភារៈសម្រាប់រោងឧបោសថ ដោយរីករាយ គឺជាគំរូសម្រាប់មនុស្សទាំងអស់ដែលពិតជាស្រឡាញ់ការថ្វាយបង្គំព្រះ។ អស់អ្នកដែលឱ្យតម្លៃទៅលើព្រះពរនៃព្រះវត្តមានដ៏ពិសិដ្ឋរបស់ព្រះ នៅពេលគេរៀបចំកន្លែងថ្វាយទ្រង់ ដើម្បីឱ្យទ្រង់អាចជួបជាមួយនឹងពួកគេ ត្រូវតែធ្វើឱ្យកន្លែងនោះបានពិសិដ្ឋ ថ្កុំថ្កើង ស្របទៅតាមតម្លៃរបស់ព្រះនៃស្ថានសួគ៌។ ពួកគេគួរតែដឹងថា គេកំពុងតែរៀបចំតំណាក់ថ្វាយព្រះ។
វាជាការសំខាន់ណាស់ ក្នុងការសាងសង់កន្លែងដ៏ពិសេសសម្រាប់ព្រះ ដើម្បីឱ្យទ្រង់អាចជួបជាមួយនឹងរាស្ត្ររបស់ទ្រង់ ហើយត្រូវតែរៀបចំដោយយកចិត្តទុកដាក់ ធ្វើឱ្យមានផាសុកភាព ស្អាតបាត និងសមរម្យ ដ្បិតសំណង់នេះ ត្រូវបានឧទ្ទិសថ្វាយទៅព្រះ ហើយត្រូវបានថ្វាយដល់ទ្រង់ ព្រះអង្គនឹងគង់នៅជាតំណាក់របស់ទ្រង់ ហើយនិងធ្វើឱ្យអាគារនោះមានភាពពិសិដ្ឋ ដោយសារព្រះវត្តមានដ៏បរិសុទ្ធរបស់ទ្រង់។ ពួកគេបានថ្វាយទៅព្រះជាម្ចាស់ដោយស្ម័គ្រពីចិត្តនូវតង្វាយជាច្រើន ដើម្បីសម្រេចការងារសាងសង់នោះ ហើយបន្ទាប់មក ពួកជាងសាងសង់និយាយថា សូមឈប់នាំយកតង្វាយមកទៀត។
បន្ទាប់ពីការសាងសង់រោងឧបោសថបានចប់សព្វគ្រប់មកលោកម៉ូសេបានត្រួតពិនិត្យកិច្ចការទាំងអស់ ហើយបានប្រៀបធៀបជាមួយនឹងគំរូ ហើយនិងការណែនាំដែលគាត់បានទទួលពីព្រះ នោះគាត់បានឃើញថាគ្រប់ផ្នែកនៃរោងឧបោសថបានត្រឹមត្រូវតាមគំរូហើយ គាត់បានឱ្យពរដល់បណ្តាជន។
អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ៣៦:១-៧
ខចងចាំ៖ អញនឹងដើរនៅកណ្តាលពួកឯង ព្រមទាំងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជារាស្ត្រដល់អញ ។ លេវីវិន័យ ២៦:១២