ថ្ងៃព្រហស្បតិ៍ ទី១០​ ខែមីនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់​មកតាម​សេចក្តីសុចរិត​របស់​ទូលបង្គំ ទ្រង់​បាន​សង​ទូលបង្គំ តាម​សេចក្តី​បរិសុទ្ធ​នៃ​ដៃ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះយេហូវ៉ា​ ហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ទូលបង្គំ ដោយ​ប្រព្រឹត្ត​សេចក្តី​អាក្រក់​ឡើយ។ ទំនុកតម្កើង ១៨:២០-២១

អំណានប្រចាំថ្ងៃ ការវិលត្រឡប់ទៅទីរហោស្ថានវិញ

ព្រះយេហូវ៉ា​ទ្រង់បានបង្គាប់ឱ្យសាសន៍ហេព្រើរទាំងអស់វិលត្រឡប់ទៅទីរហោស្ថានវិញ តាមផ្លូវ​សមុទ្រក្រហម។ ពួកគេបាននៅកៀកទៅនឹងទឹកដីដ៏ល្អនោះទៅហើយ ប៉ុន្តែ ដោយសារតែការប៉ះបោរដ៏អាក្រក់របស់ពួកគេ ពួកគេបានបោះបង់ចោលនូវការការពារពីព្រះ។ ប្រសិនបើពួកគេ បានទទួលរបាយការណ៍ពីកាលែប​និងយ៉ូស្វេ ហើយឡើងទៅភ្លាម នោះព្រះទ្រង់នឹងបានប្រទានទឹកដីកាណានទៅដល់ពួកគេទៅហើយ។ ប៉ុន្តែ ពួកគេ​មិន​បានជឿទៅលើទ្រង់ ហើយបានបង្ហាញនូវចិត្តព្រហើនទាស់នឹងព្រះ ដែល​ប្រកាសខ្លួនគេថា ពួកគេនឹងមិនចូលទៅកាន់ទឹកដីសន្យា​នេះបាន​ទៅវិញ។ គឺដោយសារការអាណិតអាសូរនិងសេចក្តីមេត្តាករុណាដែលព្រះបានបញ្ជូនពួកគេឱ្យត្រឡប់ទៅវិញ​តាម​សមុទ្រក្រហម ខណៈពេលដែល​ពួកគេ​កំពុងតែពន្យារពេល និងត្អូញត្អែរ ព្រោះសាសន៍អាម៉ាលេក ហើយនិងសាសន៍កាណានបានឮពីអ្នកសើុបការណ៍សម្ងាត់ហើយបានរៀបចំខ្លួនដើម្បីធ្វើសង្គ្រាមជាមួយនឹងកូនចៅអ៊ីស្រាអែល។

ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេហើយនិងអើរ៉ុនថា តើត្រូវឱ្យអញទ្រាំទ្រនឹងពួកជំនុំអាក្រក់ដែលរអ៊ូរទាំទាស់នឹងអញនេះដល់កាលណាទៀត? អញបានឮពាក្យកូនចៅអ៊ីស្រាអែលរអ៊ូរទាំទាស់នឹងអញនោះហើយ ព្រះអម្ចាស់បានប្រាប់ដល់លោកម៉ូសេនិងអើរ៉ុនឱ្យនិយាយទៅកាន់ពួកបណ្តាជនថា ទ្រង់នឹងធ្វើទៅកាន់ពួកគេតាមអ្វីដែលទ្រង់បានមានបន្ទូលទៅកាន់ពួកគេ។ ពួកគេបាននិយាយថា «យើងនឹងត្រូវស្លាប់នៅស្រុកអេស៊ីព្ទ ឬ ត្រូវស្លាប់នៅទីរហោស្ថាន» ឥឡូវនេះ ព្រះនឹងធ្វើឱ្យពួកគេបានដូចជាពាក្យដែលគេបាននិយាយនោះហើយ។ ទ្រង់បានឱ្យអ្នកបំរើរបស់ទ្រង់ប្រាប់ដល់គេថា ពួកគេនឹងត្រូវរលំដួល នៅក្នុងទីរហោស្ថាន ចាប់ពីអាយុ ២០ ឆ្នាំទ្បើង​ទៅ ដោយសារតែការប្រឆាំងបះបោរនិងការរអូ៊រទាំរបស់គេទាស់នឹងព្រះ។ មានតែលោកកាលែប​និងយ៉ូស្វេប៉ុណ្ណោះ ដែលអាចចូលទៅក្នុងទឹកដី​កាណានបាន។ «ឯអស់ទាំងកូនតូចៗរបស់ឯងរាល់គ្នាដែលឯងបានថាវានឹងទៅជារំពាដល់គេនោះអញនឹងនាំវារាល់គ្នាចូលវិញ»។

ព្រះយេហូវ៉ាទ្រង់បានប្រកាសប្រាប់ដល់កូនចៅសាសន៍ហេព្រើរថា ពួកគេនឹងត្រូវរស់នៅក្នុងទីរហោស្ថាននេះអស់៤០ឆ្នាំ គិតពីពេលដែលពួកគេបានចាកចេញពីប្រទេសអេស៊ីព្ទមក ដោយ​សារ​តែការបះបោរ​នៃ​ឪពុក​ម្តាយ​របស់ពួកគេ រហូតទាល់តែឪពុកម្តាយរបស់គេបានស្លាប់អស់។ ឯងរាល់គ្នានឹងត្រូវទ្រាំទ្រចំពោះសេចក្តីទុច្ចរិតរបស់ឯងអស់រយៈពេល ៤០ឆ្នាំ តាមចំនួនថ្ងៃដែលបានដើរសង្កេតមើលស្រុកនោះ គឺជា៤០ ថ្ងៃ ក្នុង១ថ្ងៃ ទុកជា១ឆ្នាំ។ «ហើយឯងរាល់គ្នានឹងស្គាល់សណ្ឋាន​ដែលឥតដឹងពីអញទៅជាយ៉ាងណា រីឯឯងរាល់គ្នានឹងបានដឹងនូវការភ្លេចសេចក្តីសន្យារបស់ឯងរាល់គ្នា ចំពោះ​យើង​ជាយ៉ាងណា។ ពួកគេត្រូវតែបានដឹងឱ្យច្បាស់ថា គឺជាទណ្ឌកម្មចំពោះការថ្វាយបង្គំរូបព្រះ និងការរអ៊ូរទាំ ដោយការបះបោររបស់ពួកគេ ដែលតម្រូវឱ្យព្រះផ្លាស់ប្តូរបំណងព្រះហឫទ័យរបស់ទ្រង់ ចំពោះពួកគេ។ ព្រះទ្រង់បានសន្យាប្រទានរង្វាន់ដល់លោកកាលែបនិងយ៉ូស្វេដោយទ្រង់សព្វព្រះហឫទ័យនឹងគាត់លើសពីពួកសាសន៍អ៊ីស្រាអែលទាំងអស់ ពីព្រោះគាត់បានទាមទារនូវការគាប់ព្រះហឫទ័យនិងការការពាររបស់ព្រះ»។

អំណានព្រះគម្ពីរពេលល្ងាច៖ ចោទិយកថា​ ១:១៩-៤៦

ខចងចាំ៖​​ បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។ យូ៉ហានទី១ ១:៩

Powered by CAM