ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ចូរឲ្យអ្នករាល់គ្នាដើរបែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់ ហើយខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង។ អេភេសូរ ៤:១-៣
អំណានប្រចាំថ្ងៃ
ពួកអ្នកជំនុំសាសន៍អ៊ីស្រាអែលត្រូវបាននាំចូលទៅក្នុងទីរហោស្ថានសាជាថ្មី ត្រង់កន្លែងដែលព្រះបានសាកល្បងពួកគេ បន្ទាប់ពីពួកគេចាកចេញពីប្រទេសអេស៊ីព្ទមកភ្លាម។ ព្រះទ្រង់បាននាំយកទឹកហូរចេញពីថ្មមកឱ្យពួកគេ ហើយដែលនៅតែបន្តរហូតដល់ពួកគេបានត្រឡប់មកកាន់ថ្មនេះវិញម្តងទៀត នៅពេលដែលព្រះអម្ចាស់បានធ្វើឱ្យប្រឡាយទឹករស់នោះឈប់ហូរ ដើម្បីសាកល្បងដល់រាស្ត្ររបស់ទ្រង់សាជាថ្មី ថាតើពួកគេអាចនឹងទ្រាំទ្រនូវការសាកល្បង សេចក្តីជំនឿរបស់ពួកគេបានឬក៏ត្អូញត្អែរទាស់នឹងព្រះអង្គម្តងទៀត។
នៅពេលដែលសាសន៍ហេព្រើរបានស្រេកទឹកហើយមិនអាចរកទឹកទទួលទានបាន ពួកគេបានបាត់បង់ការអត់ធ្មត់ ហើយភ្លេចពីអំណាចរបស់ព្រះ ដែលបាននាំយកទឹកចេញពីថ្មមកឱ្យពួកគេ កាលពីជិតសែសិបឆ្នាំមុន។ ជំនួសឱ្យការទុកចិត្តទៅលើព្រះ ពួកគេបានត្អួញត្អែរដាក់លោកម៉ូសេ និងអើរ៉ុន ហើយបាននិយាយទៅកាន់ពួកគាត់ថា «ស៊ូឱ្យយើងរាល់គ្នាបានស្លាប់ក្នុងការដែលបងប្អូនយើងស្លាប់នៅចំពោះព្រះយេហូវ៉ានោះចុះ»។ ត្រង់នេះ មានន័យថា ពួកគេចង់ឱ្យខ្លួនគេនៅក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ដោយវេទនា ក្នុងការបះបោររបស់កូរ៉េ ដាថាន់ ហើយនិងអាប៊ីរ៉ាមដូច្នោះដែរ។
ពួកគេបានសួរដោយកំហឹងថា «ហេតុអ្វីបានជាលោកនាំពួកជំនុំផងព្រះយេហូវ៉ាមកក្នុងទីរហោស្ថានឱ្យយើងត្រូវស្លាប់នៅទីនេះ ព្រមទាំងហ្វូងសត្វរបស់យើងផងដូច្នេះ ម្តេចក៏លោកបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទ មកក្នុងទីហិនហោចនេះធ្វើអី ទីនេះមិនមែនជាកន្លែងដែលនឹងសាបព្រោះទៅបាន ឬដែលមានល្វា មានទំពាំងបាយជូរ ឬផ្លែទទឹមទេ សូម្បីតែទឹកផឹកក៏គ្មានផង។
«ឯម៉ូសេនិងអើរ៉ុនក៏ចេញពីពួកជំនុំ ទៅឯមាត់ទ្វារត្រសាលជំនុំ ទម្លាក់ ខ្លួនក្រាបផ្កាប់មុខចុះ នោះសិរីល្អនៃព្រះយេហូវ៉ាលេចមកឱ្យឃើញ ហើយទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរយកដំបងរបស់ឯង ហើយប្រជុំពួកជំនុំទៅ គឺឯងនិងអើរ៉ុនជាបងឯងផង រួចបង្គាប់ដល់ថ្មដានៅមុខគេឱ្យមានទឹកចេញមកចុះ នោះឯងនឹងបាននាំទឹកឱ្យចេញពីថ្ម មកឱ្យគេហើយ ដូច្នេះឯងនិងឱ្យពួកជំនុំព្រមទាំងហ្វូងសត្វគេផឹកបាន។ ម៉ូសេក៏យកដំបងពីចំពោះព្រះយេហូវ៉ាដូចជាទ្រង់បានបង្គាប់មក។
អំណានព្រះគម្ពីរពេលល្ងាច៖ ជនគណនា ២០:១-១៣
ខចងចាំ៖ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ យូ៉ហានទី១ ១:៩